អន្តរជាតិ
កូរ៉េខាងជើងតេស្តមីស៊ីលជាលើកទី២ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍
× កូរ៉េខាងជើង នៅថ្ងៃទី១១ ខែមករា បានបាញ់មីស៊ីលជាលើកទី២ក្នុងរយៈពេលមិនដល់មួយអាទិត្យផង បន្ទាប់ពីមេដឹកនាំកំពូល ជំរុញឱ្យបង្កើនសមត្ថភាពយោធាបន្ថែមទៀត។ យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនបន្តរក្សាការត្រៀមខ្លួន ខណៈនាយករដ្ឋមន្រ្តីជប៉ុនបង្ហាញការសោកស្ដាយចំពោះទង្វើរបស់ទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ការបាញ់មីស៊ីល ធ្វើនៅម៉ោងប្រហែល៧និង២៧នាទីព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) នៅថ្ងៃទី១១ ខែមករា ពីតំបន់ដីគោករបស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រភាគខាងកើត។ កូរ៉េខាងត្បូង សង្ស័យថា នេះជាមីស៊ីលបាលីស្ទិក។
យោធាកូរ៉េខាងត្បូងបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដដែលថា ខ្លួនកំពុងរក្សាជំហរត្រៀមខ្លួន ខណៈកំពុងតាមដានសកម្មភាពកូរ៉េខាងជើងយ៉ាងដិតដល់ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធអាម៉េរិក។ លើសពីនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងអាម៉េរិកកំពុងវិភាគលម្អិតសម្រាប់ព័ត៌មានបន្ថែម។
បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានក្យូដូបានដកស្រង់ព័ត៌មានពីប្រភពរដ្ឋាភិបាលនៅទីក្រុងតូក្យូ ថា មីស៊ីលរបស់កូរ៉េខាងជើងប្រហែលជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ)។
ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ប្រាប់អ្នកសារព័ត៌មានថា ការណ៍ដែលកូរ៉េខាងជើងបន្តបាញ់មីស៊ីល គឺជារឿងគួរឲ្យសោកស្តាយបំផុត។ លោក ក៏កត់សម្គាល់ថា អង្គការសហប្រជាជាតិ (UN) ទើបតែបានបញ្ចប់ការពិភាក្សាអំពីការឆ្លើយតបទៅនឹងការបាញ់មីស៊ីលកាលពីសប្តាហ៍មុនដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១០ ខែមករា អគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានរិះគន់សកម្មភាព របស់កូរ៉េខាងជើងថា បង្កើនហានិភ័យ និងបង្កការគំរាមយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់។ លោកស្រីបន្តថា ការធ្វើតេស្តបែបនេះមិនត្រឹមតែធ្វើឱ្យសមត្ថភាពរបស់កូរ៉េខាងជើងប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រីកការជួញដូរអាវុធខុសច្បាប់នៅ ជុំវិញពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com