ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង៖«កម្ពុជា ធ្លាប់ជួយវៀតណាម ដើម្បីឯកភាពទឹកដី ឯវៀតណាម ក៏ធ្លាប់ជួយកម្ពុជា ពេលឆ្លងកាត់របបប្រល័យពូជសាសន៍»
11, Jan 2022 , 2:04 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលហែលទឹកបាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលហែលទឹកបាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកពីប្រវត្តិសាស្រ្តទាក់ទងនឹងការជួយគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសជាប់របងជាមួយគ្នា។ ចំណុចប្រវត្តិសាស្រ្ត ដែលសម្តេច បានរម្លឹកនោះ គឺការជួយរបស់កម្ពុជា នៅពេលវៀតណាម បែងចែកទឹកដីជាពីរ និងការជួយរបស់វៀតណាម នៅពេលកម្ពុជា ធ្លាក់ក្នុងអំពើប្រល័យពូជសាសន៍។


 
ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលហែលទឹកបាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានថ្លែងថា៖«បើនិយាយអំពីទំនាក់ទំនងកម្ពុជា-វៀតណាម គឺកម្ពុជា ក៏ធ្លាប់បានជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាងភាគខាងជើងនិងភាគខាងត្បូង ឯវៀតណាម ក៏ធ្លាប់ជួយកម្ពុជា នៅពេលកម្ពុជា ឆ្លងកាត់របបប្រល័យពូជសាសសន៍ ប៉ុល ពត»។ 
 
ក្នុងអតីតកាល វៀតណាម ធ្លាប់បែងចែកទឹកដីជាពីរ គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ ក្នុងឆ្នាំ១៩៧៥ វៀតណាម បានបង្រួបបង្រួមទឹកដីតែមួយឡើងវិញ។ ចំណែក កម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបណ្តាលប្រជាជនកម្ពុជាជាង១លាន៧សែននាក់ បានបាត់បង់ជីវិត។  
 
សម្តេច ស ខេង រម្លឹកថា បណ្តាអ្នកស្នេហាជាតិ បានរួបរួមគ្នាបង្កើតអង្គការចាត់តាំងមួយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម ហើយបន្ទាប់មក រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានទទួលជ័យជម្នះ ក្នុងការផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដោយមានការគាំទ្រពីប្រជាជន និងកងទ័ពវៀតណាម។ សម្តេច បន្តថា ព្រឹត្តិការណ៍នេះ ជាប្រវត្តិសាស្រ្ត និងជាសច្ចធម៌ ដែលមិនអាចបំភ្លេចបាន។ 
 
ក្នុងទិវារម្លឹកខួបលើកទី៤៣ឆ្នាំនៃការទទួលបានជ័យជម្នះលើរបបខ្មែរក្រហម សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍តាមរយៈសារលិខិត ដែលផ្ញើជូនជនរួមជាតិ ថា៖«យើងទាំងអស់គ្នា រម្លឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះឡើង ក្នុងស្មារតីចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបដ៏អប្រិយនេះ អាចវិលត្រឡប់មកជាថ្មីវិញបាន»។ 
 
ក្នុងពិធីខាងលើ សម្តេច ស ខេង បានប្រើពាក្យ ដែលគណបក្សប្រជាជនកម្ពុជា តែងប្រើថា បើគ្មានថ្ងៃ៧មករា អ្វីៗមិនអាចកើតឡើងបានឡើយ។ សម្តេច និយាយដោយលក្ខណៈប្រៀបធៀបថា ក្រោយឆ្នាំ១៩៧៩ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រើដៃម្ខាង ដើម្បីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលមកវិញ និងប្រើដៃម្ខាង ដើម្បីអភិវឌ្ឍប្រទេសជាតិឡើងវិញ។ សម្តេច បន្ថែមថា ដោយមានការប្រឹងប្រែងរបស់រដ្ឋាភិបាល កម្ពុជា បានប្រែក្លាយពីការគ្មានអ្វីៗទាំងអស់ មកជាមានអ្វីៗគ្រប់យ៉ាង និងមានការរីកចម្រើនគ្រប់វិស័យ។ 
 
នៅថ្ងៃ៧មករា ឆ្នាំ២០២២ ដែលជាទិវារម្លឹកខួបលើកទី៤៣ឆ្នាំនៃការទទួលជ័យជម្នះលើរបបខ្មែរក្រហម គណប្រជាជនកម្ពុជា ពុំបានប្រារព្ធពិធីជួបជុំធំ ដូចរាល់ឆ្នាំឡើយ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញតេឡេក្រាម ទៅកាន់ក្រុមអ្នកកាសែតថា ការមិនប្រារព្ធពិធីជួបជុំធំ ក្នុងថ្ងៃ៧មករា គឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ចំថ្ងៃ៧មករា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានចេញទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយនៅប្រទេសនេះ៕ 

Tag:
 ស ខេង
  កម្ពុជា-វៀតណាម
  ៧មករា
© រក្សាសិទ្ធិដោយ thmeythmey.com