អន្តរជាតិ
ឥណ្ឌូណេស៊ីកំពុងពិចារណាបើកនាំចេញធ្យូងថ្មវិញ​ ក្រោយមានការទទូចពីប្រទេសមួយចំនួន
11, Jan 2022 , 7:29 pm        
រូបភាព
ធ្យូងថ្ម កំពុងត្រូវបានលើកចេញពីកប៉ាល់នៅឯស្ថានីយ៍មួយរបស់ឥណ្ឌូណេស៊ី។ រូបថត AFP
ធ្យូងថ្ម កំពុងត្រូវបានលើកចេញពីកប៉ាល់នៅឯស្ថានីយ៍មួយរបស់ឥណ្ឌូណេស៊ី។ រូបថត AFP
ដោយ:
រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងអាចឈានដល់ការសម្រេចចិត្តចំពោះការនាំចេញធ្យូងថ្មឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ​។ រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ីលើកឡើងបែបនេះ នៅថ្ងៃទី១០ ខែមករា ស្របពេលបណ្តាប្រទេសនៅអាស៊ីមួយចំនួនដែលពឹងផ្អែកលើធ្យូងថ្មពីឥណ្ឌូណេស៊ីជំរុញឱ្យប្រទេសនេះលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្ម។

 

ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ធំបំផុតនៅពិភពលោក ផ្អាកការនាំចេញធ្យូងថ្មពេញមួយខែមករា ឆ្នាំ២០២២។ ​ការផ្អាកនាំចេញនេះសម្រេចឡើងក្រោយមានការបារម្ភជុំវិញការខ្វះខាតធ្យូងថ្មសម្រាប់​រោង​ចក្រ​ថាមពល​ក្នុង​ស្រុក។​​ វិធានការហាមឃាត់នេះ បានធ្វើឱ្យប៉ះពាល់បណ្តាប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង ចិន ជប៉ុន និងហ្វីលីពីនជាដើម​។   

«យើងបានស្តុកទុករួចរាល់ហើយ។ យើងសង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនឹងមានការបញ្ជាក់បន្ថែមទៀត។ ដូច្នោះ យើងអាចធានាបានថា មិនមានភាពខ្វះខាតធ្យូងថ្ម និងអាចបន្តការនាំចេញបាន»។​ រដ្ឋមន្រ្តីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី Arifin Tasrif អះអាងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន​ Koichi Hagiuda ។  

ជប៉ុនស្ថិតក្នុងចំណោមប្រទេសផ្សេងៗទៀតដូចជា ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូងដែលបានជំរុញឱ្យឥណ្ឌូណេស៊ីបន្ធូបន្ថយវិធានការបិទការនាំចេញធ្យូងថ្មនេះ។  

កន្លងមក​ ស្ថានទូតជប៉ុននៅទីក្រុងហ្សាកាតាបានជំរុញឱ្យឥណ្ឌូណេស៊ីដកធ្យូងថ្មដែលផ្តល់កម្តៅខ្ពស់(high-calorific coal) ពីការហាមឃាត់ការនាំចេញ ដោយសារវាមិនត្រូវបានប្រើប្រាស់ដោយរោងចក្រថាមពលនៅឥណ្ឌូណេស៊ីឡើយ ហើយក៏ស្នើជំរុញឱ្យឥណ្ឌូណេស៊ីអនុញ្ញាតនាវាចំនួន៥ដែលមានផ្ទុកធ្យូងថ្មរួចទៅហើយនោះធ្វើដំណើរចេញទៅជប៉ុន។   

យ៉ាងណាមិញ អាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា ទោះបីមានការស្តុកទុកគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកក្តី​ បញ្ហាផ្សេងៗទៀតនឹងត្រូវបានគិតគូរមើលមុនពេលលុបចោលការហាមឃាត់។ បន្ថែមពីនេះ ​មន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ីប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាការពិភាក្សាអំពីបញ្ហានេះត្រូវបានរំពឹងនឹងបន្តនៅថ្ងៃទី១០ ខែមករា ដោយផ្តោតលើបញ្ហាភស្តុភារ ៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com