ជាតិ
ក្រសួងកសិកម្ម ចេញវិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំង
11, Jan 2022 , 7:59 pm        
រូបភាព
ភ្លើងឆេះព្រៃ កើតឡើងជារៀងរាល់ឆ្នាំនៅរដូវប្រាំង ដែលភាគច្រើនបង្កចេញពីការឆ្ការរុករានព្រៃធ្វើកសិកម្ម និងដុតព្រៃរកសត្វរបស់ពលរដ្ឋ។ ភ្លើងឆេះព្រៃនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិពលរដ្ឋ សេដ្ឋកិច្ចជាតិ ពិសេសការបាត់បង់ធនធានព្រៃឈើ ជីវៈចម្រុះថែមទៀត។

 
 
ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម នៅថ្ងៃទី១០មករា បានណែនាំឱ្យមន្រ្តីជំនាញគ្រប់រាជធានីខេត្ត និង​សហគមន៍​ព្រៃឈើ ឬសហគមន៍កសិកម្មផ្សេងៗ ចូលរួមទប់ស្កាត់ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ យកល្បាស់​ធ្វើ​ចំណីសត្វពាហនៈ​ជាដើម។​ ក្រសួងក៏ណែនាំឱ្យទប់ស្កាត់​ការកាប់​ឆ្ការ​ គាស់​រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹកដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ដែល​នាំ​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាលរហូតដល់​ស្រូវ ឬ​ភូមិពលរដ្ឋ ​។​ 
 
​ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេងទៀត​ ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ ដូចជា ​ដុត​រណ្តៅជ័រ​ គឺត្រូវ​ណែនាំ​ឱ្យពន្លត់ ​មុនពេល​ចាក​ចេញពី​ដើមឈើ​ឡោះព័រ​ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើងទាំង​នោះ​។ ក្នុង​ករ​ណីចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់ ក្រោម​គោលបំណង ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូន​ដំណឹង​ដល់​មន្ទីរ​កសិកម្ម ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​ ​ចំពោះ​ភ្លើង​ព្រៃ​។​ 
 
ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំងប្រដាប់អាវុធ  ពលរដ្ឋ សហគមន៍ សិស្សានុសិស្ស និងព្រះសង្ឃ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួម​គ្នាទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​។ ក្រសួងស្នើឱ្យភាគីពាក់ព័ន្ធត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ​ក្នុងការ​ហាមឃាត់​ចូលកាន់កាប់ប្រើប្រាស់​ដីព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក​ដែលឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​រុក្ខជាតិ​ដុះ​ឡើងវិញ ​តាម​លក្ខណៈ​ធម្មជាតិ​។  
 
មិនតែប៉ុណ្ណោះ ជន​ណា ដែល​បាន​ប្រព្រឹត្ត ឬ​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ឬ​ពី ​៣​ឆ្នាំទៅ​ ៥​ឆ្នាំ​៕

Tag:
 ក្រសួងកសិកម្ម
  ភ្លើងឆេះព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com