ជាតិ
ចាប់ពី​ឆ្នាំ​១៩៩៧ មក អ្នក​ដោះមីន៣១នាក់ បាន​ពលី​ជីវិតក្នុង​ប្រតិបត្តិការ​
11, Jan 2022 , 8:59 pm        
រូបភាព
ដោយ: រួបរួម
អ្នក​ដោះមីន៣នាក់ នៃអង្គការ​ដោះមីន​កម្ពុជា (CSHD) បានពលីជីវិត​ដោយការផ្ទុះមីន​តោនក្នុងកិច្ច​ប្រតិបត្តិការ​ប្រមូល និងកម្ទេចគ្រាប់ កាលពីថ្ងៃទី​១០ ខែមករា នៅភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ។ លោក លី ធុជ អនុប្រធាន​ទី១ នៃអាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ​ដោយសារមីន បាន​សំដែងការ​សោកស្តាយ​ចំពោះ​ការបាត់បង់វីរជន​ក្លាហានទាំង៣រូប ដែលធ្វើឲ្យចំនួនអ្នក​​ស្លាប់ក្នុង​ប្រតិបត្តិការ​ឡើងដល់​៣១​នាក់ ក្នុង​ចំណោមអ្នក​រងគ្រោះ​ថ្នាក់​១៥៤នាក់ បើគិតចាប់តាំងពី​ឆ្នាំ១៩៩៧មក។

 
 «ការងារដោះមីន អាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើឲ្យអ្នកដោះមីនអាចបាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រឡាញ់»។ នេះជាការ​លើកឡើង​របស់​លោកទេសរដ្ឋមន្ត្រី លី ធុជ ក្រោយករណី​ស្លាប់អ្នក​ដោះមីន៣នាក់​របស់អង្គការ CSHD ក្នុង​ប្រតិបត្តិការនៅ​ភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។


 
 អនុប្រធានទី១នៃអាជ្ញាធរមីន បានចាត់ទុក​ លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ជាវីរជន ដោយ​ពួក​បាន​បម្រើ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌រយៈពេលជិត១០ឆ្នាំនេះ​ ​រហូតដល់​លះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព​។ 
 
 លោក លី ធុជ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​របស់អ្នក​ដោះមីនទាំង​អស់ដែល​បានលះបង់ និងបំពេញការងារទាំងប្រថុយប្រថាននិងគ្រោះថ្នាក់បំផុត ក្រោមពន្លឺថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីចូលរួមបង្កើតនូវពិភពលោកមួយ ពោរពេញដោយសុវត្ថិភាពសម្រាប់សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប។ 


 
«ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល»។ លោក​បានបញ្ជាក់យ៉ាងដូច្នេះ ដោយ​អះអាងថា បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​ មក​​ អ្នក​ដោះមីន​ដែល​គ្រោះ​ថ្នាក់​ក្នុង​កិច្ច​ប្រតិបត្តិការ​ បាន​បាត់បង់​ជីវិត​ ពិការ​ និង​របួស​សរុបចំនួន​១៥៤​ នាក់​ ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​៣១នាក់៕

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com