អន្តរជាតិ
ប្រេសិត​សិទ្ធិ​មនុស្ស UN ជំរុញឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់​ការ​វាយ​ប្រហារ​លើ​ទីប្រជុំជន
11, Jan 2022 , 9:29 pm        
រូបភាព
ទីក្រុង Loikaw ក្នុងរដ្ឋ Kayah ដែលរងការវាយប្រហារពីសំណាក់យោធាមីយ៉ាន់ម៉ា។ រូបថត_ AFP
ទីក្រុង Loikaw ក្នុងរដ្ឋ Kayah ដែលរងការវាយប្រហារពីសំណាក់យោធាមីយ៉ាន់ម៉ា។ រូបថត_ AFP
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១០ ខែមករា បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការវាយប្រហារលើទីប្រជុំជន Loikaw​​ និងដកបម្រាមបិទផ្លូវពលរដ្ឋដែលព្យាយាមរត់ភៀសខ្លួន។ បើតាម​ UN អ្នកស្រុកនៅទីប្រជុំជន Loikaw កំពុងប្រឈមមុខការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសពីក្រុមយោធា។



ទីក្រុង Loikaw ដែលជាទីក្រុងធំរបស់រដ្ឋ Kayah ភាគខាងកើតមីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ប្រទេសថៃ ជាតំបន់ដែលតែងតែមានការប៉ះទង្គិចគ្នារវាងក្រុមយោធា និងក្រុមប្រឆាំងនឹងរដ្ឋប្រហារជាហូរហែ​។ ​ចាប់តាំងពីសប្តាហ៍មុនមក យោធាបានបើកការវាយប្រហារតាមអាកាស និងបាញ់កាំភ្លើងធំលើទីក្រុងនេះ។ ភាពវឹកវរនេះ បានបង្ខំឱ្យអ្នកស្រុកជាច្រើនពាន់នាក់រត់ភៀសខ្លួន។ 
 
នៅក្នុងសារដែលបានបង្ហោះលើបណ្ដាញសង្គមTwitter លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់ UN បានប្រាប់ឱ្យមេដឹកនាំរដ្ឋប្រហារ មីន អ៊ុងឡាំង ត្រូវតែបញ្ឈប់ជាបន្ទាន់ការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកលើទីក្រុង Loikaw។ លោកក៏បានអំពាវនាវឱ្យដកចេញបម្រាម​បិទ​ផ្លូវ​ដែល​រារាំងពលរដ្ឋមិនឱ្យ​ភៀស​ខ្លួន​ចេញ​ពី​តំបន់​នោះ។ ទាក់ទិននឹងរឿងជំនួយមនុស្សធម៌វិញ លោកស្នើឱ្យក្រុមយោធាអនុញ្ញាត​ឱ្យជំនួយ​មនុស្សធម៌ហូរចូលក្នុងប្រទេសផងដែរ។
 
ប្រជាពលរដ្ឋ​ម្នាក់​នៅ​ទីក្រុង Loikaw ​ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ​ថា ការ​វាយ​ប្រហារ​នៅតាម​ជាយ​ក្រុង បានបង្កការលំបាកដល់ប្រជាជនដើម្បីភៀសខ្លួន។ «​ខ្ញុំ​បាន​ត្រៀម​ចិត្ត​ថា​ខ្ញុំ​អាច​នឹង​ស្លាប់»។ នេះជាសម្តីរបស់ពលរដ្ឋដដែលដែល​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណបានលើកឡើង ក្រោយការបាញ់ប្រហារហាក់គ្មានភាពស្ងប់ស្ងាត់។ 
 
បើតាមសេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំងការពារជាតិការ៉េន (KNDF) កងកម្លាំងប្រឆាំងយោធានៅក្នុងតំបន់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រកងទ័ព និងបានសម្លាប់ទាហានប្រហែល៣០នាក់នៅទីក្រុង Loikaw ។ លើសពីនេះទៀត កងកម្លាំងប្រឆាំងក៏បានលើកឡើងថា ទាហានប្រាំបីនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងទីក្រុង Demoso ក្បែរនោះផងដែរ។
 
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈកន្លងទៅ។ រដ្ឋប្រហារនេះបានបង្កឱ្យមានការតវ៉ាអស់ជាច្រើនខែ និងការបង្រ្កាបយ៉ាងឃោរឃៅពីក្រុមយោធា។
 
ចាប់តាំងពីរដ្ឋប្រហារមក មនុស្សជាង១៤០០នាក់ត្រូវបានសម្លាប់ និងជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរក្សាសន្តិសុខដើម្បីរារាំងការតវ៉ា។ នេះបើយោងតាមទិន្នន័យពីសមាគមសិទ្ធិមនុស្សផ្តល់ជំនួយដល់អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា។
 
គួររំលឹកថា ថ្មីៗនេះក្រោយកិច្ចជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ​ ហ៊ុន សែន និងជាប្រធានផ្លាស់វេនរបស់អាស៊ាន លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ​បានសន្យាសម្រេចពន្យារបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២នេះ៕

Tag:
 UN
  មីយ៉ាន់ម៉
© រក្សាសិទ្ធិដោយ thmeythmey.com