ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ី នឹងតាមដានសវនាការលោក កឹម សុខា ដោយយកចិត្តទុកដាក់
11, Jan 2022 , 9:59 pm        
រូបភាព
លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានជួបលោកស្រី Amanda Milling រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ីនៃចក្រភពអង់គ្លេស នៅគេហដ្ឋានខ្លួន នាថ្ងៃទី១១ មករា។ លោកស្រីរដ្ឋមន្ត្រីនឹងតាមដានសវនាការលោក កឹម សុខា ដោយយកចិត្តទុកដាក់។

លោកស្រី Amanda Milling បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងគោលកាណ៍ស្នូល នៃគោលនយោបាយបរទេស ដែលចក្រភពអង់គ្លេស ត្រូវបំពេញ និងផ្សាភ្ជាប់ជាមួយ។ លោក កឹម សុខា  បានស្រង់សម្តីរដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ី មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖ «ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ពន្ធ័នឹងសេរីភាពរបស់ខ្ញុំ ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ ផងដែរ»។
 
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជានេះ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានរៀបចំជំនួបលោកស្រី Amanda Milling និងលោក កឹម សុខា ដើម្បីពិភាក្សាគ្នា ជុំវិញស្ថានភាពនៅកម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។
 
តុលាការភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ ពាក់ព័ន្ធបទ«សន្ទិដ្ឋភាពជាមួយបរទេស» នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមដីការបស់អយ្យការអមតុលាការភ្នំពេញ ដែលចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្គាប់ទៅលោក កឹម សុខា ឲ្យចូលរួមសវនាការ។ សវនាការលោក កឹម សុខា បានផ្អាកជិត២ឆ្នាំហើយ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងខែកញ្ញា ឆ្នាំ២០១៧មក។

ក្រៅពីជំនួបជាមួយលោក កឹម សុខា លោកស្រី Milling ក៏បានជួបពិភាក្សាជាមួយតំណាងអង្គការសង្គមស៊ីវិលដែលបំពេញការងារលើកស្ទួយសិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជាផងដែរ។ ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានថ្មីៗនាថ្ងៃចន្ទ ទី ១០ លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ដើម្បីជួយកម្ពុជាលើកស្ទួយការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិ អង់គ្លេសផ្តោតលើការពិភាក្សា និងលើកយកបញ្ហាដែលជាកង្វល់របស់ខ្លួនឱ្យភាគីកម្ពុជាបានដឹងផងដែរ។ 
 
«របៀបធ្វើការរបស់យើងគឺស្តាប់ និងភ្ជាប់ទំនាក់ទំនងប្រកបដោយស្ថាបនា ហើយស្វែងរកចំណុចដែលយើងអាចធ្វើការជាមួយគ្នាបាន។ អង់គ្លេសលើកឡើងពីបញ្ហាណាមួយដែលយើងមានកង្វល់ ជាឧទាហរណ៍ការប្រើប្រាស់ប្រព័ន្ធតុលាការ និងការវាយប្រហារលើសេរីភាពបញ្ចេញមតិ»។ លោកស្រីសង្កត់ធ្ងន់ដូច្នេះ៕

Tag:
 កឹម សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com