ជាតិ
សង្គមជាតិ
អង់គ្លេសបង្កើនការគាំទ្រដល់ក្មេងស្រី និងស្ត្រីកម្ពុជាលើការសិក្សាជំនាញវិទ្យាសាស្ត្រ STEM
11, Jan 2022 , 7:07 pm        
រូបភាព
លោកស្រីអនុរដ្ឋមន្ត្រី Milling ជួបពិភាក្សាជាមួយស្ត្រីដែលជោគជ័យនិងមានឥទ្ធិពលក្នុងវិស័យធុរកិច្ចនៅកម្ពុជានារសៀលថ្ងៃ ៩ មករា។ រូបភាពពីស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
លោកស្រីអនុរដ្ឋមន្ត្រី Milling ជួបពិភាក្សាជាមួយស្ត្រីដែលជោគជ័យនិងមានឥទ្ធិពលក្នុងវិស័យធុរកិច្ចនៅកម្ពុជានារសៀលថ្ងៃ ៩ មករា។ រូបភាពពីស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ីលោកស្រី Amanda Milling លើកឡើងថា អង់គ្លេសនឹងបន្តជួយកម្ពុជាលើកស្ទួយការសិក្សារបស់ក្មេងស្រី និងស្រ្តីក្នុងកម្មវិធីសិក្សាបែបវិទ្យាសាស្ត្រ STEM តាមរយៈអាហារូបករណ៍ទៅសិក្សានៅចក្រអង់គ្លេស។

 
 ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មី លោកស្រី Milling បានលើកសរសើរពីតួនាទីសំខាន់របស់ស្ត្រីកម្ពុជាជាពិសេសក្នុងវិស័យសហគ្រិន និងធុរកិច្ច។ លោកស្រីបន្តថា ក្នុងនាមជាដៃគូអង់គ្លេសផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតួនាទីស្ត្រីក្នុងវិស័យសំខាន់ៗជាពិសេសកម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រ STEM ដែលរួមមានមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ 
 
«ពេលមកដល់កម្ពុជាភ្លាម ខ្ញុំបានចូលរួមកម្មវិធីជាមួយសហគ្រិនស្រ្តី។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់ពួកគេ ហើយសម្រាប់ខ្ញុំ វាជារឿងគួរឱ្យស្ងើចសរសើរ។  មានចំណុចដែលទាក់ចិត្តខ្ញុំច្រើន ហើយខ្ញុំចាត់ទុកពួកគេជាបុគ្គលគម្រូដែលអាចផ្តល់សារទៅកាន់ស្ត្រីនិងក្មេងស្រីឯទៀតថា ពួកគេអាចសម្រេចបានកិច្ចការងារធំ និងរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសង្គមបានច្រើន»។ នេះជាការរៀបរាប់របស់លោកស្រី Milling។ 
លោកស្រី Milling ស្ថិតក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ​នាថ្ងៃ ១០ខែមករា។ រូបភាពដោយ សែម វណ្ណា
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រីរដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយស្ត្រីដែលជោគជ័យនិងមានឥទ្ធិពលក្នុងវិស័យធុរកិច្ច ក៏ដូចជា ភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា និងអតីតនិស្សិតដែលសិក្សានៅចក្រភពអង់គ្លេសក្រោមអាហារូបករណ៍ Chevening ក្នុងគោលបំណងស្តាប់ពិសោធន៍របស់ពួកគេ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាផងដែរ។
  
ពេលសាកសួរទាក់ទិននឹងគម្រោងគាំទ្រដល់ស្ត្រី និងក្មេងស្រីក្នុងកម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រ លោកស្រីឆ្លើយតបថា ចក្រភពអង់គ្លេសនឹងបន្តគាំទ្រគម្រោងជាច្រើនផ្សេងទៀត ដោយសហការជាមួយភាគីកម្ពុជាក្នុងគោលដៅលើកទឹកចិត្តក្មេងស្រី និងស្ត្រីឱ្យជ្រើសយកមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ និងជ្រើសរើសយកកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអង់គ្លេស Chevening ផងដែរ។  
 
លោកស្រីបន្តថា៖ «ខ្ញុំដឹងថា រដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការងារយ៉ាងស្និទ្ធស្នាលជាមួយក្រសួងអប់រំ និងអង្គការនានាតាមរយៈកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា STEM ដែលមានគោលដៅផ្តល់ឱកាសដល់ក្មេងស្រី និងស្រ្តីកម្ពុជាទៅសិក្សានៅអង់គ្លេស»។ 
 
សូមបញ្ជាក់ថា រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ី លោកស្រី Milling ចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនមកកាន់កម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ ៩ ខែមករា។ ជាទស្សនកិច្ចដំបូង បន្ទាប់ពីអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អាស៊ានកាលពីខែសីហាឆ្នាំ ២០២១ ទស្សនកិច្ចនេះផ្តោតសំខាន់លើការពង្រឹងចំណងការទូតទ្វេភាគីជាមួយកម្ពុជា ជំរុញការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអាស៊ានជាពិសេសដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិប្រែប្រួលអាកាសធាតុផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com