ជាតិ
សោកស្តាយ វីរកណ្តុរ Magawa ដែលជួយរុករកមីននៅកម្ពុជាអស់៥ឆ្នាំ បានបាត់បង់ជីវិតហើយ!
11, Jan 2022 , 9:16 pm        
រូបភាព
ដោយ: រួបរួម
ម៉ាហ្គាវ៉ា (Magawa) កណ្តុរយក្សអាហ្វ្រិក ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា បានបាត់ជីវិតហើយ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីននៅកម្ពុជាអស់រយៈពេល៥ឆ្នាំ។

 
«វាជារឿងដ៏រំជួលចិត្ត ដោយយើងសូមចែករំលែកនូវដំណឹងសោកសៅ ពីមរណភាពរបស់វីរកណ្តុរ HeroRat Magawa ដែលបានបាត់បង់ជីវិតកាលពីចុងសប្តាហ៍កន្លងមក»។ នេះបើតាមការផ្សាយរបស់អង្គការ APOPO ដោយបានបញ្ជាក់ពីសុខភាពចុះខ្សោយជាបន្តបន្ទាប់រហូតដល់ Magawa បាត់បង់ជីវិត ក្រោយប្រារព្ធខួប៨ឆ្នាំ កាលពីខែវិច្ឆិកា។
 
នារយៈពេល៥ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។ 
 
ចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីនពីសំណាក់ក្រុមអ្នកជំនាញនៃអង្គការបែលហ្ស៊ិក APOPO។ ម៉ាហ្គាវ៉ា មកដល់កម្ពុជានៅឆ្នាំ២០១៦ ហើយបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។
 
កាលពីឆ្នាំ២០២០ កន្លងមក កណ្តុរហិតមីនក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com