អន្តរជាតិ
ធនាគារពិភពលោក អំពាវនាវឱ្យចិនចូលរួមសម្រាលបន្ទុកបំណុលប្រទេសក្រីក្រ
12, Jan 2022 , 11:30 am        
រូបភាព
ប្រធានធនាគារពិភពលោក David Malpass ។ រូបថត AFP
ប្រធានធនាគារពិភពលោក David Malpass ។ រូបថត AFP
ដោយ:
ប្រធានធនាគារពិភពលោក David Malpass នៅថ្ងៃទី១១ ខែមករា ជំរុញចិនដែលជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសក្រីក្រ​ឱ្យចូលរួមយ៉ាងពេញលេញក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាលបន្ទុកបំណុល។ បើតាមលោក Malpass ប្រទេសក្រីក្រកំពុងត្រូវការជំនួយសម្រាលបំណុលពីក្រុមប្រទេស G20 ឱ្យបានលឿន។

 
វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បន្សល់ឱ្យប្រទេសប្រហែល៦០ភាគរយដែលមានប្រាក់ចំណូលទាប ប្រឈមហានិភ័យខ្ពស់នឹងវិបត្តិបំណុល ខណៈប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន ក៏កំពុងជួបការលំបាកផងដែរ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកលដែលចេញនៅថ្ងៃទី១១ ខែមករា។ ប្រធានធនាគារពិភពលោក David Malpass ស្នើឱ្យចិនជួយសម្រាលបន្ទុកនេះ។
 
«នៅក្នុងឆ្នាំ ២០២២ តែឯង ប្រទេសនានានឹងត្រូវសងសេវាបំណុលប្រហែល៣៥ពាន់លានដុល្លារទៅឱ្យម្ចាស់បំណុលទ្វេភាគីផ្លូវការ និងម្ចាស់បំណុលខាងវិស័យឯកជន។ ដោយក្នុងនោះ ជាង៤០ភាគរយនៃសំណងនោះ ត្រូវសងទៅចិន»។ លោក Malpass លើកឡើងបែបនេះក្នុងសន្និសីទតាមប្រព័ន្ធទូរស័ព្ទ មុនបន្តថា វាពិតជាសំខាន់ណាស់ដែលចិនចូលរួមឱ្យបានពេញលេញនៅក្នុងកិច្ចប្រឹងប្រែងសម្រាលបន្ទុកបំណុលអន្តរជាតិត។ ម្ចាស់បំណុលវិស័យឯកជន និងពាណិជ្ជកម្ម ក៏ត្រូវចូលរួមផងដែរ។
 
លើសពីនេះ លោក Malpass​ ក៏អំពាវនាវឱ្យមានការពន្លឿនអនុវត្តក្របខ័ណ្ឌរួមនៃការរៀបចំរចនាសម្ព័ន្ធបំណុលដែលត្រូវបានអនុម័តដោយក្រុមប្រទេស G20 កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ផងដែរ។ ក្របខណ្ឌនេះ មានគោលបំណងផ្តល់ការសម្រាលបន្ទុកបំណុលតាមរយៈការពន្យាពេលកាលកំណត់ និងការកាត់បន្ថយអត្រាការប្រាក់សម្រាប់ប្រទេសដែលមានសិទ្ធិសម្រាប់ការផ្អាកការសងបំណុលក្រោមគំនិតផ្តួចផ្តើមផ្អាកសេវាបំណុល G20 (DSSI) ។
 
កម្ចីរបស់ចិន ផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គម្រោងដឹកជញ្ជូន និងការតភ្ជាប់នានា។ អាហ្វ្រិក និងអាស៊ី ជាគោលដៅធំនៃការផ្ដល់កម្ចីរបសចិនដែលមានទាំងធនាគារគ្រប់គ្រងដោយរដ្ឋ និងធនាគារឯកជន។ ជារឿយៗ ចិនរងការរិះគន់ថា ធ្វើឱ្យប្រទេសដែលទទួលកម្ចី ធ្លាក់ក្នុងអន្ទាក់បំណុលរហូតបង្ខំចិត្តប្រគល់ទ្រព្យសម្បត្តិជាសំណង។ ទីក្រុងប៉េកាំង ក៏ទាត់ចោលការចោទប្រកាន់បែបនេះ ហើយអះអាងថា លុយរបស់ចិនជួយអភិវឌ្ឍប្រទេសក្រីក្រជាច្រើន៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com