ជាតិ
សង្គមជាតិ
តុលាការ មិនឲ្យលោក រ៉ុង ឈុន ទៅព្យាបាលភ្នែកនិងជំងឺនៅថៃ
12, Jan 2022 , 4:30 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅទទួលលោក រ៉ុង ឈុន ពេលលោកចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
ប្រជាពលរដ្ឋ ទៅទទួលលោក រ៉ុង ឈុន ពេលលោកចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពី AFP
ដោយ: ថ្មីៗ
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាមេសហជីពដ៏លេចធ្លោម្នាក់ តាមមរយៈមេធាវីរបស់ខ្លួន បានដាក់សំណើទៅព្រះរាជអាជ្ញានៃអយ្យការអមតុលាការភ្នំពេញ ដើម្បីសុំការអនុញ្ញាតទៅព្យាបាលភ្នែក ជំងឺឡើងជាតិស្ករ និងប្រភេទជំងឺផ្សេងទៀត នៅប្រទេសថៃ ក្នុងរយៈពេលកន្លះខែ គឺចាប់ពីថ្ងៃទី១មករា ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២២។ តែព្រះរាជអាជ្ញា បដិសេធនឹងសំណើនេះ។


 
ព្រះរាជអាជ្ញា ប្រាប់លោក រ៉ុង ឈុន ឲ្យព្យាបាលជំងឺក្នុងស្រុកឲ្យអស់លទ្ធភាពសិន មុនពិចារណាទៅព្យាបាលនៅក្រៅស្រុក។ នេះបើតាមសម្តីរបស់លោក រ៉ុង ឈុន ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០២២។ លោក មានប្រសាសន៍ថា៖«យើង សោកស្តាយ។ យើង មិនគេចវេះអីទេ។ យើង ហ៊ានប្រឈមគ្រប់យ៉ាង។ បើតុលាការ កោះហៅ យើង នឹងសហការជាមួយ»។
 
បើតាមសម្តីរបស់លោក រ៉ុង ឈុន ដដែល ព្រះរាជអាជ្ញា បានប្រាប់លោកថា លុះត្រាលោក ទទួលបានវេជ្ជបញ្ជាពីពេទ្យរដ្ឋ ក្នុងការតម្រូវឲ្យលោកទៅព្យាបាលជំងឺនៅក្រៅស្រុក ទើបព្រះរាជអាជ្ញា អាចនឹងពិចារណាពីការឲ្យទៅព្យាបាលជំងឺនៅក្រៅស្រុក។ ក្នុងសំណើដែលលោក ដាក់ទៅព្រះរាជអាជ្ញា គឺលោក សំអាងលើវេជ្ជបញ្ជារបស់ពេទ្យពីអង្គការលីកាដូ ដែលតម្រូវឲ្យលោក ទៅព្យាបាលជំងឺនៅក្រៅស្រុក។ 
 
មេសហជីពរូបនេះ លើកឡើងថា វេជ្ជបញ្ជារបស់ពេទ្យតាមមន្ទីរពេទ្យឯកជន ឬតាមអង្គការសង្គមស៊ីវិល ព្រះរាជអាជ្ញា មិនទទួលយកឡើយ។ លោក ថ្លែងថា លោក នឹងព្យាយាមស្វែងរកពេទ្យតាមមន្ទីរពេទ្យរដ្ឋ ដើម្បីសុំឲ្យចេញវេជ្ជបញ្ជាដល់លោក ហើយលោក នឹងដាក់សំណើទៅព្រះរាជអាជ្ញាសាជាថ្មី សុំទៅព្យាបាលជំងឺនៅក្រៅប្រទេស។  
 
លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត ទើបនឹងចេញពីពន្ធនាគារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តែពួកគាត់ នៅតែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ លោក ជាប់ពន្ធគារជិត២ឆ្នាំ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ កាលពីកក្កដា ឆ្នាំ២០២០ លោក បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកទឹកដីកម្ពុជាទៀត។ នេះជាមូលហេតុ ដែលនាំឲ្យលោក រងបទចោទ និងជាប់ពន្ធនាគារ។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋ។ 
 
កាលពីកំពុងស្ថិតក្នុងពន្ធនាគារ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅព្យាបាលជំងឺ ជាពិសេសភ្នែកខាងស្តាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក និយាយជាមួយសារព័ត៌មានថ្មីៗថា ពេលនោះ ភ្នែកខាងស្តាំរបស់លោក មើលមិនឃើញស្ទើរទាំងស្រុង ហើយលោក ក៏សម្រេចវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក បន្តថា មកដល់បច្ចុប្បន្ន ភ្នែកខាងស្តាំ អាចមើលឃើញប្រហែល៨០ភាគរយវិញហើយ ក្រោយការវះកាត់ ខណៈភ្នែកខាងឆ្វេង ក៏មានបញ្ហាដែរ គឺមើលឃើញព្រឹលៗ៕  

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com