ជាតិ
សង្គមជាតិ
អង់គ្លេសសាទរ និងសន្យាគាំទ្រកម្ពុជាលើការអនុវត្តយុទ្ធសាស្ត្រ «អព្យាក្រឹតកាបូនឆ្នាំ ២០៥០»
12, Jan 2022 , 6:07 pm        
រូបភាព
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ីលោកស្រី Amanda Milling ចក្រភពអង់គ្លេសសាទរដល់កម្ពុជាចំពោះការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងដើម្បីសម្រេច «អព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០» ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថ្ងៃទី ១០ មករា។ រូបភាពដោយ សែម វណ្ណា
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ីលោកស្រី Amanda Milling ចក្រភពអង់គ្លេសសាទរដល់កម្ពុជាចំពោះការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងដើម្បីសម្រេច «អព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០» ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថ្ងៃទី ១០ មករា។ រូបភាពដោយ សែម វណ្ណា
ភ្នំពេញ៖ ចក្រភពអង់គ្លេសសាទរដល់កម្ពុជាចំពោះការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងដើម្បីសម្រេច «អព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០» និង ប្តេជ្ញាបន្តគាំទ្រកម្ពុជាបន្ថែមការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ។

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ីលោកស្រី Amanda Milling បានបញ្ជាក់ថា អង់គ្លេសរីករាយដែលឃើញកម្ពុជាសម្រេចដាក់ចេញគោលនយោបាយច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។ 
 
«យើងបន្តជជែកពិភាក្សាជាមួយកម្ពុជាលើការប្តេជ្ញាចិត្តកន្លងមកលើបញ្ហាប្រែប្រួលអាកាសធាតុ ហើយយើងរីករាយណាស់ដែលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាក្នុងការសម្រេចអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ ២០៥០។ ហើយយើងក៏សប្បាយចិត្តដែលបានធ្វើការជាមួយរដ្ឋាភិបាលដើម្បីផ្តល់ជំនួយលើការអនុវត្តផង»។ លោកស្រី Milling ថ្លែងដូច្នេះ។
 
កម្ពុជាបានសម្រេចដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នេះកាលពីចុងឆ្នាំ ២០២១ ហើយយន្តការអាទិភាពដែលកម្ពុជាកំណត់យកដើម្បីសម្រេចគោលដៅនេះគឺ ការថែទាំព្រៃឈើ ការធានាកាត់បន្ថយឧស្ម័នកាបូនិចពីវិស័យថាមពល និងដឹកជញ្ជូន រួមជាមួយការបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យ កសិកម្ម ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់។   
 
បើតាមការបញ្ជាក់របស់លោកស្រី ក្រៅពីការឧបត្ថម្ភគាំទ្រលើការអនុវត្តយុទ្ធសាស្ត្រខាងលើ រដ្ឋាភិបាលអង់គ្លេសនឹងបន្តជួយជ្រោមជ្រែងកម្ពុជាដោះស្រាយបញ្ហាបរិស្ថានតាមកម្មវិធីមូលនិធិជីវចម្រុះ Biodiverse Landscapes Fund (BLF) និង មូលនិធិបន្ស៊ាំ (Adaptation Fund)ជាដើម។ 
លោកស្រី Milling ជួបជាមួយរដ្ឋមន្ត្រីបរិស្ថានលោក សាយ សំអាល់ នាថ្ងៃ ១១ ខែមករា។ រូបភាពពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរូបនេះបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីបរិស្ថានកម្ពុជា លោក សាយ សំអាល់ផងដែរ។ កិច្ចពិភាក្សានោះផ្តោតសំខាន់លើវឌ្ឍនភាពក្នុងការ និងការគាំទ្រចំពោះកម្ពុជាក្នុងការពង្រឹងភាពដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុ ក្រោយកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ កាលពីខែវិច្ឆិកាកន្លងទៅ។ 
 
អង់គ្លេសបន្តជំរុញកម្ពុជាឱ្យចូលរួមជាភាគីនៃសេចក្តីថ្លែងការណ៍លើបញ្ហាព្រៃឈើ 
 
តាមពិតទៅ ការសម្រេចដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងលើការឈានទៅសម្រចគោលអព្យាក្រឹតកាបូននេះជា ការប្តេជ្ញាចិត្តមួយរបស់តំណាងកម្ពុជានាកិច្ចប្រជុំ COP 26។ លើសពីនេះ រដ្ឋមន្ត្រីបរិស្ថានកម្ពុជាលោក សាយ សំអាល់ ក៏បានប្រកាសផងដែរថា ជាប្រទេសបំភាយឧស្ម័នផ្ទះកញ្ចក់តិច កម្ពុជានឹងព្យាយាមកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងបញ្ឈប់ការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០ខាងមុខ។
 
ក្រៅពីនេះ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាទាក់ទិននឹងវិស័យថាមពល តាមរយៈការដាក់ដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ឬស្មើ ១៥% នៃប្រភពថាមពលកម្ពុជាផលិតបាន។ ម្យ៉ាងវិញទៀត កម្ពុជានឹងមិនអនុញ្ញាតឱ្យមានរោងចក្រថាមពលធ្យូងថ្មថ្មី  និង មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គបន្ថែមទៀតសម្រាប់បម្រើដល់ការផលិតថាមពលអគ្គិសនីទៀតដែរ។
 
យ៉ាងណាក៏ដោយចុះ បើទោះជាកម្ពុជាប្តេជ្ញាចិត្តដោះស្រាយបញ្ហាបាត់បង់ព្រៃឈើក៏ពិតមែន រដ្ឋអាស៊ីអាគ្នេយ៍មួយនេះមិនស្ថិតក្នុងចំណោមប្រទេសជាង ១០០ ដែលបានប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ឈានទៅបញ្ចប់ការកាប់បំផ្លាញព្រៃឈើទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០ ឡើយ។
 
ពេលចោទសួរថា តើក្នុងនាមជាប្រធានកិច្ចប្រជុំ COP 26 អង់គ្លេសនឹងបន្តជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាយល់ព្រមគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីព្រៃឈើនេះឬយ៉ាងណា លោកស្រី Milling បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្ត និងដៃគូ អង់គ្លេសនឹងបន្តជជែក និងជំរុញកម្ពុជាបន្តអនុវត្តតាមកការប្តេជ្ញាចិត្តនានា រួមជាមួយការឈានទៅប្រកាសគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីព្រៃឈើ និងការប្រើប្រាស់ដីនេះ។
 
«ខ្ញុំស្ថិតនៅកម្ពុជាពេលនេះ ហើយខ្ញុំនឹងបន្តឆ្ពោះទៅជំរុញកម្ពុជាឱ្យគាំទ្រសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព្រៃឈើ និងការប្រើប្រាស់ដីនេះផងដែរ»។ លោកស្រីបានពន្យល់ដូច្នេះក្នុងកិច្ចសម្ភាសថ្ងៃ ១០ ខែមករា មួយថ្ងៃមុនជួបលោក សាយ សំអាល់។ 
 
យ៉ាងណាមិញ រដ្ឋមន្ត្រីរូបនេះបានពន្យល់បន្ថែមផងថា ពីតួនាទីរបស់អង់គ្លេសក្នុងនាមជាប្រធាននៃកិច្ចប្រជុំ COP 26 កន្លងមក ហើយលោកស្រីចង្អុលបង្ហាញថា វេទិកានេះបានផ្តល់ឱកាសរួចហើយសម្រាប់ប្រទេសនានារួមទាំងកម្ពុជាផងជជែកពិភាកក្សាស៊ីជម្រៅ និងប្រកាសពីជំហរ រួមជាមួយការប្តេជ្ញាចិត្តដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុតាមលទ្ធភាព និងសមត្ថភាព។ 
 
ប្រទេសជាច្រើនបានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសម្រេចអព្យាក្រឹតកាបូន ហើយទាំងអស់នេះសុទ្ធតែជាការងារចាំបាច់ដើម្បីកម្រិតការកើនឡើងកម្តៅមិនឱ្យលើស ១.៥ អង្សាសេត្រឹមឆ្នាំ ២១០០ អនុលោមតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី។ 
 
យ៉ាងណាមិញ លោកស្រីក៏ឆ្លៀតទាញចំណាប់អារម្មណ៍ផងដែរ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអាកាសធាតុលើកទី ២៦  អង់គ្លេសមិនត្រឹមតែជំរុញប្រទេសសមាជិកទាំងអស់ឱ្យគោរពការប្តេជ្ញាចិត្តប៉ុណ្ណោះទេ តែខ្លួនក៏មានកាតព្វកិច្ចជំរុញប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឱ្យគោរពការសន្យារឿងហិរញ្ញប្បទានអាកាសធាតុដូចគ្នាដែរ។  ហិរញ្ញប្បទានទាំងនោះហើយដែលនឹងជួយដល់ប្រទេសក្រីក្រដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តជាពិសេសកសាងភាពធន់និង សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាព។
 
តាមពិតទៅ បណ្តាប្រទេសរីកចម្រើនបានសន្យាប្រមែរប្រមូលហិរញ្ញប្បទានក្នុងទំហំ១០០ពាន់លានដុល្លារសម្រាប់ជួយដល់បណ្តាប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាពិសេសជំរុញការកសាងភាពធន់និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុត្រឹមឆ្នាំ ២០២០។ ប៉ុន្តែ ២០២១រួចទៅហើយ ទំហំហិរញ្ញប្បទាននេះនៅខ្វះខាតឆ្ងាយពីការប្តេជ្ញាចិត្ត។ បើតាមរបាយការណ៍របស់អង្គការ Oxfam ហិរញ្ញប្បទានអាកាសធាតុដែលផ្តល់ដោយប្រទេសអភិវឌ្ឍឱ្យទៅប្រទេសតតិយលោក ភាគច្រើនធ្វើឡើងក្នុងទម្រង់ជាប្រាក់កម្ចី ច្រើនជាងជំនួយទៅវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com