អន្តរជាតិ
ក្រុងចិនជាច្រើន បន្តរឹតត្បិតវិធានបង្ការជំងឺកូវីដ-១៩ ខ​ណៈក្រុងធានជីង ចាប់ផ្តើមធ្វើតេស្តប្រជាជនក្នុងក្រុងជាថ្មី
12, Jan 2022 , 6:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ទីក្រុងចិនជាច្រើន កំពុងរឹតបន្តឹងវិធានការទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើង ខណៈក្រុងធានជីង កំពុងប្រយុទ្ធប្រឆាំងនឹងការហក់ឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង។ ចំណាត់ការនេះ ធ្វើឡើងស្របពេលចិនសល់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងថ្ងៃចូលឆ្នាំថ្មី។

 
 
មួយរយៈចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងយ៉ាងខ្លាំងនៅចិន ខណៈពេលវីរុសអូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់។ ការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នេះ កើតឡើងមុនតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលចិន ត្រូវរៀបចំពិធីចូលឆ្នាំថ្មី និងព្រឹត្តិការណ៍អូឡាំពិករដូវរងារ។ ទាក់ទិននឹងបញ្ហានេះ ចិន បានសម្រេចបិទក្រុង និងចាត់វិធានការរឹតបន្តឹងនៅក្នុងប្រទេស​ ដើម្បីទប់ស្កាត់ករណីឆ្លង។ 
 
ទីក្រុងធានជីងដែលមានប្រជាជនរស់នៅ១៤លាននាក់ និងមានចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង កំពុងស្ថិតក្រោមវិធានដ៏តឹងតែងបំផុត ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសទៅកាន់រដ្ឋធានីប៉េកាំងដែលនៅជិតនោះ។ ក្រុងធានជីង នៅថ្ងៃទី១១ ខែមករា បានរាយការណ៍ករណីឆ្លងថ្មីក្នុងសហគមន៍ កើនដល់ចំនួន៣៣នាក់។ តាមរយៈសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលក្រុងបានបញ្ជាឱ្យ​បុគ្គលិកតាមស្ថាប័ន និងក្រុមហ៊ុននានាក្នុងទីក្រុងធានជីង ឈប់សម្រាករយៈពេលកន្លះថ្ងៃ ដើម្បីចូលរួមធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជុំទី២ នៅថ្ងៃទី១២ខែមករា។
 
ការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ រយៈពេលចុងក្រោយនេះ បានបង្កផលវិបាកយ៉ាងខ្លាំងដល់អាជ្ញាធរចិន។ ឧបនាយករដ្ឋមន្រ្តីចិន ​លោកស្រី ​ស៊ុន ​ឈុនឡាន ដែលបានចុះទៅពិនិត្យមើលនៅខេត្តហឺណាន  បាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងដាក់បន្ទុកខ្លាំងលើអាជ្ញាធរតំបន់ ក្នុងការទប់ស្កាត់ករណីឆ្លង។ លោកស្រីបានបន្ថែមថា​ ក្រុមមន្រ្តី គួរតែបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការធ្វើតេស្ត តាមដានការរីករាលដាល និងអនុម័តវិធានការត្រួតពិនិត្យកម្រិតសហគមន៍ឱ្យបានតឹងតែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ចំណែកក្រុងអានយ៉ាង ខេត្តហឺណានវិញ ត្រូវបានដាក់បញ្ជាឱ្យបិទខ្ទប់ភ្លាមៗ ក្រោយពីរកឃើញករណីឆ្លងនៃវីរុសអូមីក្រុង ២ករណី។ នៅថ្ងៃទី១១ ខែមករា ទីក្រុងនេះក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន៦៥នាក់ ជាតួលេខកើនឡើងខ្ពស់ បើធៀបជាមួយអត្រាឆ្លងកាលពីថ្ងៃទី១០ ខែមករា។
 
ជាមួយគ្នានេះ ក្រុងជឹងចូវ ខេត្តហឺណានវិញ កំពុងទប់ទល់នឹងការវាយលុកពីវីរុសបំប្លែងខ្លួនដែលតា ដោយបានបញ្ជាឱ្យបិទហាងមិនចាំបាច់ រួមមានហាងកាត់សក់ ​ហាមឃាត់ការបរិភោគអាហារក្នុងភោជនីយដ្ឋាន និងហាមឃាត់ តាក់ស៊ីមិនឱ្យដឹកភ្ញៀវ ក្នុងតំបន់ចត្តាឡីស័ក។ ឯភាគខាងត្បួងក្រុង Shenzhen​ ចាប់តាំងពីថ្ងៃ៧ខែមករា​ អាជ្ញាធរបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ បង្កដោយវីរុសដែនតាមួយចំនួន។ ទាក់ទិននឹងបញ្ហានេះ  អាជ្ញាធរបានបញ្ជាឱ្យបិទស្ថានីយរថភ្លើងក្រោមដី និង​ណែនាំឱ្យប្រជាជនខ្លួនកុំទិញទំនិញពីប្រទេសដែលមានហានិភ័យឆ្លងខ្ពស់ នៅថ្ងៃទី១១ខែមករា។ គិតត្រឹមថ្ងៃទី១២ខែមករា ចិនមានករណីឆ្លងជំងឺកូវីដ១៩សរុបជាង១០ម៉ឺនករណី និងស្លាប់​ជាង៤ពាន់នាក់៕

Tag:
 កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com