អន្តរជាតិ
អាម៉េរិក​ បញ្ចេញ​របាយការណ៍ដែលទាត់ចោល​ការ​ទាមទារ​របស់ចិននៅបញ្ហាសមុទ្រចិនខាងត្បូង
13, Jan 2022 , 6:00 pm        
រូបភាព
អាម៉េរិកនៅថ្ងៃទី ១២ ខែមករា បានបញ្ចេញចេញ​របាយការណ៍ដ៏លម្អិតបំផុតមួយរបស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូង។ របាយការណ៍នេះ ច្រានចោលការទាមទារកម្មសិទិ្ធរបស់ទីក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង និងចាត់ទុកជារឿងខុសច្បាប់។ អាម៉េរិកបានបដិសេធទាំងអំណះអំណាងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ​ដែលចិនប្រើកន្លងមក។


 
នៅក្នុងឯកសារស្រាវជ្រាវដែលមានកម្រាស់ ៤៧ ទំព័រ នាយកដ្ឋានទទួកបន្ទុកកិច្ចការផ្ទៃសមុទ្រ បរិស្ថានអន្តរជាតិនិងវិទ្យាសាស្ត្រនៃក្រសួងការបរទេសអាម៉េរិក បានលើកឡើងថា ចិនមិនមានមូលដ្ឋានស្របច្បាប់អន្តរជាតិណាមួយ ដើម្បីគាំទ្រការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងឡើយ។ ការទាមទាររបស់ចិនកន្លងមក បានប៉ះពាល់ការទាមទាររបស់ហ្វីលីពីន និងវៀតណាមជាដើម។ 
 
«ឥទ្ធិពលជារួមនៃការទាមទារដែនសមុទ្រទាំងនេះ គឺថាចិនបានទាមទារដោយខុសច្បាប់ដែនអធិបតេយ្យភាព ឬទម្រង់នៃយុត្តាធិការផ្តាច់មុខនៅសមុទ្រចិនខាងត្បូង»។ របាយការណ៍ដដែលបានលើកឡើងបែបនេះ​ដោយបន្តថា ការទាមទាររបស់ចិនបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើច្បាប់សមុទ្រ និងបទប្បញ្ញត្តិដែលទទួលស្គាល់ជាសកលនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ។
 
របាយការណ៍របស់ក្រសួងការបរទេសដដែលនេះ សរសេរទៀតថា ការអះអាងដែលមានមូលដ្ឋានលើប្រវត្តិសាស្ត្ររបស់ចិននេះ ជាការអះអាងគ្មានដែលមូលដ្ឋានផ្លូវច្បាប់។ ទាក់ទិននឹងការទាមទារផ្អែកលើភូមិសាស្ត្ររបស់ចិនវិញ របាយការណ៍នេះបានលើកឡើងថា លក្ខណៈពិសេសជាង១០០ដែលទីក្រុងប៉េកាំងបង្ហាញនៅសមុទ្រចិនខាងត្បូង ត្រូវបានបំផ្លាញដោយទឹកក្នុងអំឡុងពេលមានជំនោរខ្ពស់ ដូច្នេះហើយ ការអះអាងនេះ លើសពីដែនកំណត់ស្របច្បាប់សមុទ្រ។
 
ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍នេះ ក្រសួងការបរទេសអាម៉េរិកក្នុងសេចក្តីថ្លែងការណ៍មួយអំពាវនាវម្តងទៀតឱ្យទីក្រុងប៉េកាំងញ្ឈប់សកម្មភាពខុសច្បាប់ និងបង្ខិតបង្ខំរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង​។ គួរបញ្ជាក់ថា របាយការណ៍នេះ ជាការធ្វើបច្ចុប្បន្នភាពនៃការសិក្សាឆ្នាំ ២០១៤ ដែលអាម៉េរិកបានជំទាស់ស្រដៀងគ្នាដែរ។
 
របាយការណ៍នេះត្រូវបានចេញផ្សាយ ស្របពេលដែលអាម៉េរិកនិងចិនកំពុងប្រកួតប្រជែងខ្លាំងលើឆាកអន្តរជាតិ។ នៅឆ្នាំ ២០២០ កន្លងមកអាម៉េរិកធ្លាប់ប្រកាស គាំទ្រយ៉ាងច្បាស់នូវការទាមទាររបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងសមុទ្រចិនខាងត្បូងដែលជាតំបន់សម្បូរដោយ ប្រេង និងឧស្ម័នដ៏មានតម្លៃ និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់ តែជាតំបន់ដែលមានជម្លោះរ៉ាំរ៉ៃច្រើនទសវត្សរ៍មកហើយ។ កន្លងមកប្រទេសភាគីជម្លោះតែង សម្តែងការព្រួយបារម្ភជាញឹកញយពីឥទ្ធិពលចិនលើតំបន់នេះ៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com