ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ស្ទើរគ្រប់សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២១ រងការរិះគន់ពី HRW
13, Jan 2022 , 6:59 pm        
រូបភាព
លោក ជិន ម៉ាលីន ដឹកនាំកិច្ចកិច្ចប្រជុំមួយ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់លោក) និងទិដ្ឋភាពសមត្ថកិច្ច ចាប់ទាញដៃកញ្ញា ឈឹម ស៊ីថរ មេសហជីពនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នៅជិតស្ថានទូតអូស្រ្តាលី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ (រូបដោយសហការី)។
លោក ជិន ម៉ាលីន ដឹកនាំកិច្ចកិច្ចប្រជុំមួយ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់លោក) និងទិដ្ឋភាពសមត្ថកិច្ច ចាប់ទាញដៃកញ្ញា ឈឹម ស៊ីថរ មេសហជីពនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នៅជិតស្ថានទូតអូស្រ្តាលី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ (រូបដោយសហការី)។
ដោយ: ថ្មីៗ
រាល់សកម្មភាពនានារបស់រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២១ រាប់ទាំងការចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ផង បានរងការរិះគន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ មន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដែលធ្វើការក្នុងស្ថាប័នផ្នែកច្បាប់ ប្រព័ន្ធយុត្តិធម៌ និង សិទ្ធិមនុស្ស បានតបវិញថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ធ្វើរបាយការណ៍អំពីកម្ពុជាទាំងបិទភ្នែក។


អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានប្រមូលរាល់សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២១ ទៅចងក្រងធ្វើជារបាយការណ៍ ហើយពេលឆ្នាំ២០២១ផុតទៅ អង្គការអន្តរជាតិដ៏ធំមួយនេះ ក៏បានចេញរបាយការណ៍ដ៏វែងអន្លាយ បរិយាយអំពីព្រឹត្តិការណ៍នានានៅកម្ពុជា ដែលកើតឡើងពេញមួយឆ្នាំនៃឆ្នាំ២០២១។ បើបានអានរបាយការណ៍នោះ គេ នឹងឃើញថា ចាប់តាំងពីឃ្លាដំបូង រហូតដល់ឃ្លាចុងបញ្ចប់ គឺសុទ្ធតែជាការបង្ហាញចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ឯចំណុចវិជ្ជមាន គឺគ្មានសោះឡើយ សូម្បីតែមួយម៉ាត់។
 
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកយកសកម្មភាពជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០២១ មកទិតៀន ដូចជា ការបង្កើតច្បាប់នានា ដោយមានទាំងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ផង ដែលមានលក្ខណៈរំលោភសិទ្ធិមនុស្ស ការចាប់អ្នកការពារសិទ្ធិមនុស្ស សកម្មជនអតីតគណបក្សប្រឆាំង សកម្មជនសង្គម សកម្មជនបរិស្ថាន ដាក់ពន្ធនាគារ និង ការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។ 
 
«មុនការមកដល់នៃការបោះឆ្នោតឃុំ-សង្កាត់២០២២ និងការបោះឆ្នោតជាតិ​២០២៣ ​ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីពង្រីកការក្តោបក្តាប់អំណាច តាមរយៈការរឹតត្បិតបន្តទៀតចំពោះសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែមិនបានការពារសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ចរបស់ក្រុមពលរដ្ឋងាយរងគ្រោះនោះទេ»។ នេះជាការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្នុងរបាយការណ៍របស់ខ្លួន ដែលចេញនៅដើមឆ្នាំ២០២២។
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រតិកម្មតបថា ព្រោះតែការស្អប់ខ្ពើមលើរដ្ឋាភិបាលកម្ពុជាកន្លងមក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានធ្វើរបាយការណ៍អំពីកម្ពុជា ដោយភ្ជាប់ជាមួយនឹងចេតនានយោបាយ ដើម្បីបន្តុះបង្អាប់រដ្ឋាភិបាលកម្ពុជា។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដូច្នេះថា៖«ការធ្វើរបាយការណ៍ គឺជាការធ្វើរបាយការណ៍ទាំងបិទភ្នែក ទាំងងងឹតងងុល ហើយមិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែង និងមិនផ្នែកលើទិដ្ឋភាពបច្ចេកទេស»។ 
 
លោក ជិន ម៉ាលីន ដែលជាអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរនោះ បានបកស្រាយដាច់ឡែកពីការរិះគន់លើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់រដ្ឋាភិបាលកម្ពុជា។ លោក អធិប្បាយថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រិះគន់ដោយមិនផ្អែកលើទិដ្ឋភាពបច្ចេកទេស និងមិនបានពិនិត្យមើលលទ្ធផល ដែលកម្ពុជា ទទួលបានក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក បន្ថែមថា ម្យ៉ាងទៀត ប្រទេសមួយចំនួន អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩តឹងរឹងជាងកម្ពុជាផង តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បែរជាមិនក្រឡេកមើល។ 
 
សម្រាប់កម្ពុជា ព្រឹត្តិការណ៍ដែលកើតឡើងញាក់ញាប់ក្នុងឆ្នាំ២០២១ ហើយប្រជាពលរដ្ឋ តាមដានច្រើនជាងគេនោះ គឺព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស យុត្តិធម៌សង្គម គណបក្សនយោបាយ កម្មករនិយោជិត ដីធ្លី និង បរិស្ថាន ជាអាទិ៍ ក៏ជាព្រឹត្តិការណ៍ ដែលគេ ឃើញកើតឡើងញឹកញាប់ដែរ៕ 

Tag:
 ព្រឹត្តិការណ៍២០២១នៅកម្ពុជា
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com