ជាតិ
សេដ្ឋកិច្ច
រដ្ឋបាល​គយចិន ពិនិត្យឃើញថា មៀនប៉ៃលិន (តាង៉ែន) អាចត្រូវស្តង់ដានាំទៅចិន
15, Jan 2022 , 7:59 am        
រូបភាព
ការវិភាគហានិភ័យគុណភាពអនាម័យមៀនប៉ៃលិនបានបញ្ចប់ដោយជោគជ័យ ខណៈកម្ពុជាត្រូវរងចាំការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការនាំចេញឱ្យបានឆាប់រហ័ស។ កម្ពុជា រំពឹងនាំចេញផ្លែមៀនប៉ៃលិនប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារចិន ប្រសិនបើ ដំណើរការចរចាទីផ្សារនេះសម្រេច។

 
រដ្ឋបាលគយចិន បានវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា ពីចម្ងាយតាមប្រព័ន្ធវីដេអូខល រយៈពេលពីរថ្ងៃ។ ក្រៅពីការវាយតម្លៃផ្លែ​មៀន រដ្ឋបាលគយចិនក៏វាយតម្លៃមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពក្នុងក្រសួងកសិកម្មផងដែរ។ 
 
លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា រដ្ឋបាល​គយ​ចិន បាន​​វិភាគ​ហានិភ័យ និង​​ត្រួត​ពិនិត្យ​ផ្លែ​មៀនប៉ៃលិន​ រយៈពេល២ថ្ងៃនៅតាមចម្ការផ្លែមៀន ៣កន្លែងក្នុងខេត្តប៉ៃលិន និងបាត់ដំបង រួមទាំងរោងចក្រវេចខ្ចប់ចំនួន២កន្លែងទៀតនៅ ប៉ៃលិន និងកំពង់ស្ពឺ។ លោក បន្តថា ការត្រួតពិនិត្យរយៈពេល២ថ្ងៃនេះ មានភាពល្អប្រសើរ ស្របតាមស្តង់ដារនាំចេញទៅប្រទេសចិន ប៉ុន្តែ កម្ពុជាត្រូវការកែសម្រួលចំណុចខ្វះខាតមួយចំនួនទៀត។ 
 

រូបភាពពី ស្ថានទូតចិនប្រចាំកម្ពុជា 

លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ក្រុមការងារគយចិន បានសន្និដ្ឋានថា ចម្ការមៀនយើងមានលក្ខណៈល្អប្រសើរ ដែលអាចត្រូវជាមួយនឹងស្ដង់ដារនាំចូលទៅប្រទេសចិនបាន។ គ្រាន់តែត្រូវការកែសម្រួលចំណុចបន្ដិចបន្ដួច»។
 
បើតាមលោក ងិន ឆាយ កម្ពុជាត្រូវរងចាំចម្លើយពីគយចិន ដើម្បីរៀបចំពិធីសារបច្ចេកទេសនាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវផ្សេងៗ។ ដូច្នេះ ការនាំចេញបានលឿន ឬយឺត គឺអាស្រ័យលើភាគីចិន។
 
លោក ប្រាប់ដូច្នេះថា៖ «អ្វីៗ អាស្រ័យទៅលើអគ្គរដ្ឋបាលគយនៃប្រទេសចិន គាត់ឆ្លើយមកយើងវិញ។ ប្រសិនបើ គាត់ឆ្លើយមកបានលឿន យើងនឹងរៀបចំពិធីសារបច្ចេកទេស ដើម្បីចុះហត្ថលេខានាំចេញទៅ។ តែផ្ទុយទៅវិញ បើសិន ជាគាត់ក្រឆ្លើយមកយើង អ៊ីចឹងត្រូវតែនៅរងចាំ។ ដូច្នេះ យើងពិបាកក្នុងការកំណត់ពេល ថាពេលណាដែលយើងអាចនាំចេញទៅបាន»។ 

 រូបភាពពី ស្ថានទូតចិនប្រចាំកម្ពុជា 
 
ជាមួយគ្នានេះ កសិករដាំមៀនប៉ៃលិនមួយចំនួន រំពឹងមានទីផ្សារឡើងវិញ បន្ទាប់ពីក្រសួងកសិកម្មពន្លឿនការចរចានាំចេញទៅទីផ្សារប្រទេសចិន។ បញ្ហាប្រឈមរបស់កសិករ គឺដាំមៀនបានហើយ តែពិបាករកទីផ្សារលក់។ កន្លងមកកសិករជាច្រើន បាននាំមៀនប៉ៃលិន ទៅលក់ឲ្យរោងចក្រនៅប្រទេសថៃ​ ប៉ុន្តែដោយសារថៃបានបិទច្រកព្រំដែន ធ្វើឱ្យកកស្ទះទីផ្សារ និងមៀនប្រឈមជ្រុះចោលអស់ជាច្រើនតោន៕  

Tag:
 មៀនប៉ៃលិន
  ទីផ្សារចិន
© រក្សាសិទ្ធិដោយ thmeythmey.com