អន្តរជាតិ
ប៉េកាំងចាត់វិធានការកាត់បន្ថយចរាចរណ៍ និងខ្យល់ពុល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ
15, Jan 2022 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
ក្រោមគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍លើដងវិថី និងការបំពុល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវរងាខាងមុខ ​រដ្ឋធានីប៉េកាំង បានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ នៅថ្ងៃទី១៤ ខែមករា ដោយរួមមានការហាមប្រាមយានយន្តធុនធ្ងន់ ដែលដឹកកាកសំណល់សំណង់ ​​ដី​​ ​ខ្សាច់ និងគ្រួស មិនឱ្យបើកបរលើផ្លូវ ក្នុងរយៈពេល៥៥ថ្ងៃ។

 
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនតែងតែប្រឈមនឹងអត្រាខ្យល់បំពុលកើនឡើងជាញឹកញយភាគច្រើននារដូវរងា។ប៉ុន្តែនៅថ្ងៃទី១៣ ខែមករា ដើម្បីជាការទប់ទល់លើការព្យាការណ៍ណាមួយពីការកើនឡើងនៃកម្រិតបំពុលបរិយាកាស អាជ្ញាធរបានសម្រេចហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់កម្រិតមធ្យម និងធ្ងន់​ទាំងអស់ ចេញពីផ្លូវ ហើយការប្រើប្រាស់យានយន្តរបស់រដ្ឋាភិបាលនឹងត្រូវកាត់បន្ថយត្រឹម៨០ភាគរយ។
 
ជុំវិញបញ្ហានេះ​ សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលក្រុងបានប្រកាសថា វិធានការនេះ នឹងត្រូវអនុវត្តរយៈពេល៥៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២១ ខែមករា​។ ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងចាប់ផ្តើមពីថ្ងៃទី៤ខែកុម្ភៈ​ ដល់ ថ្ងៃទី២០ខែកុម្ភៈ ដោយកីឡាបារ៉ាឡាំពិក នឹងប្រព្រឹត្តនៅរយៈពេលបន្ទាប់។ 
 
បច្ចុប្បនេះ ចិនកំពុងប្រយុទ្ធប្រឆាំងនឹងសន្ទុះឆ្លងជំងឺកូវីដ-១៩ក្នុងស្រុក។ រាល់ការប្រកួតកីឡានានា នឹងត្រូវប្រព្រឹត្តិឡើងនៅទីតាំងបិទជិតក្នុងរដ្ឋធានីប៉េកាំង និងខេត្តហឺប៉ី ហើយទស្សនិជនអន្តរជាតិមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាឡើយ។
 
ជាមួយគ្នានេះ ​ក្រុងប៉េកាំង បានកំណត់ផ្លូវពិសេសមួយសម្រាប់តែយានយន្តណាដែលបម្រើសេវាកម្មដល់ក្រុមកីឡាអូឡាំពិកក្នុងចន្លោះខែមករា​​ ដល់ មីនា។ រដ្ឋធានីប៉េកាំង ក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនដែលមានទីតាំងនៅក្បែរកន្លែង ដែលកីឡាអូឡាំពិកនឹងប្រព្រឹត្តិ គួរតែរៀបចំកាលវិភាគបត់បែនសម្រាប់បុគ្គលិកដូចជា​ ធ្វើការពីផ្ទះ និងការផ្លាស់ប្តូរម៉ោងធ្វើការ។ អនុប្រធានការិយាល័យគ្រប់គ្រងចរាចរណ៍ក្រុងប៉េកាំងលោក Wu Shijiang បានបញ្ជាក់បែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
 
លោកបន្ថែមថា​ ប្រជាជនក្នុងតំបន់ ក៏ត្រូវបានលើកទឹកចិត្តឱ្យកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន និងជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈជំនួសវិញផងដែរ៕
 

Tag:
 ចិន
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com