កីឡាអន្តរជាតិ
អន្តរជាតិ
Rossi ជើងឯក៧សម័យប្រណាំងម៉ូតូ GP នឹងចូលរួមប្រកួតប្រណាំង GTWCE ក្នុងឆ្នាំនេះ
15, Jan 2022 , 10:29 pm        
រូបភាព
Valentino Rossi ជើងឯកប្រណាំងម៉ូតូ GP ៧សម័យបាននិយាយថា រូបគេនឹងវិលត្រលប់ទៅកាន់ការប្រកួតលើទីលានប្រណាំងជាថ្មីប៉ុន្តែមិនមែនប្រណាំងម៉ូតូ GP ដូចមុនឡើយ តែជាការប្រណាំងរថយន្ត GT World Challenge Europe ឱ្យក្រុម WRT។



Rossi បានប្រើប្រាស់ពេលវេលាក្នុងអាជីពរបស់គេដែលជិះម៉ូតូប្រណាំងអស់រយៈពេលជាង ២១ឆ្នាំ មកហើយ។ ក្នុងឆ្នាំ ២០២១ Rossi ធ្លាប់បានប្រកាសចូលនិវត្តន៍ពីកម្មវិធីប្រណាំងម៉ូតូ Moto GP World Championship។ 
 
កីឡាករវ័យ ៤២ឆ្នាំរូបគេក៏ធ្លាប់បាននិយាយដែលថា គេចង់ចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្តបន្ទាប់ពីអាជីបប្រណាំងម៉ូតូ។ Rossi ក៏បានចូលធ្វើតេស្តជាមួយក្រុមប្រណាំងរថយន្ត WRT នៅទីក្រុង Valencia កាលពីខែធ្នូ ឆ្នាំ ២០២១។ លេខ ៤៦ ជាលេខសំណាងរបស់ Rossi នឹងត្រូវប្រើប្រាស់លើរថយន្តប្រភេទ Audi R8 LMS របស់ក្រុម WRT ក្នុងការប្រណាំងដូចទៅនឹងកាលពីរូបគេនៅប្រណាំងម៉ូតូ GP។


 
«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាមួយក្រុម WRT។ អ្នកគ្រប់គ្នាដឹងច្បាស់ហើយថាខ្ញុំគឺជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការប្រណាំងរថយន្ត។ ខ្ញុំក៏ចង់ក្លាយជាកីឡាករប្រណាំងរថយន្តបន្ទាប់ពីអាជីពប្រណាំងម៉ូតូបានបញ្ចប់។» Rossi បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
មិនតែប៉ុណ្ណោះ Rossi ក៏បានអះអាងថារូបគេក៏បានត្រៀមខ្លួនរួចរាល់សម្រាប់កម្មវិធីការប្រកួតប្រណាំងរថយន្តកម្រិតខ្ពស់ និងជាមួយវិជ្ជាជីវរបស់ក្រុមដ៏ពូកែខ្លាំងក្លា។



«ក្រុម WRT ជាក្រុមមួយដ៏ល្អបំផុត ខ្ញុំកំពុងសម្លឹងមើលពេលវេលាដ៏ល្អ ហើយពិតជាអន្ទះសារចង់ចូលរួមដំណើរប្រណាំងឱ្យបានឆាប់រហ័សក្នុងការប្រកួត GT World Challenge Europe ជាមួយកីឡាករដទែ។» Rossi បានបន្ថែមបែបនេះ។
 
ការប្រកួតប្រណាំងរថយន្ត GT World Challenge Europe 2022 នឹងចាប់ផ្តើមប្រកួតនៅទីក្រុងអ៊ីមូឡា ប្រទេសអ៊ីតាលី នៅថ្ងៃទី១ខែមេសាឆ្នាំ ២០២២ ខាងមុខ៕
 
 

Tag:
 Valentino Rossi
  Moto GP
© រក្សាសិទ្ធិដោយ thmeythmey.com