ជាតិ
រុក្ខជាតិកម្រពីតំបន់ភ្នំខេត្តកំពង់ស្ពឺត្រូវបានយកមកដាំនៅក្នុងរមណីយដ្ឋានរាជិនីលង្វែក
16, Jan 2022 , 11:59 am        
រូបភាព
ដោយ៖ ឈន សុផាត

រុក្ខជាតិមួយដែលមានឈ្មោះបច្ចេកទេសថា Titan arum ឬ Amorphophallus Titannium ដែលត្រូវបានប្រទះឃើញនៅក្នុងតំបន់ភ្នំពីភូមិរលាក់កងជើងនៃខេត្តកំពង់ស្ពឺត្រូវបានយកមកដាំនៅរមណីយដ្ឋានរាជិនីលង្វែក របស់លោកស្រី សៀង ចាន់ហេង។

 
លោកស្រី សៀង ចាន់ហេង ដែលជានាយិកានៃក្រុមហ៊ុន ហេង អភិវឌ្ឍ និងជាម្ចាស់រមណីយដ្ឋានរាជិនីលង្វែក បានទិញរុក្ខជាតិកម្រនេះចំនួន១០០០ដើមពីអ្នកភូមិ ដែលត្រូវទៅស្វែងរករុក្ខជាតិនេះនៅក្នុងព្រៃភ្នំ។ លោកស្រីបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗថា លោកស្រីប្រទះឃើញដើមផ្កាព្រៃនេះដោយចៃដន់ ហើយក៏មានចិត្តស្រឡាញ់ភ្លាម ទើបលោកស្រីទាក់ទងអ្នកភូមិដើម្បីគាស់យកផ្កាព្រៃនេះមកដាំក្នុងរមណីយដ្ឋានរបស់លោកស្រី។


 
លោកស្រី សៀង ចាន់ហេង មានប្រសាសន៍យ៉ាងដូច្នេះ៖«ដោយសារខ្ញុំឃើញពូជផ្កានេះប្លែក ដូច្នេះហើយបានជាខ្ញុំមានចិត្តចង់យកពូជផ្កានេះមកដាំបង្ហាញអ្នកទេសចរជាតិ និងអន្តរជាតិនៅក្នុងរមណីយដ្ឋានរាជិនីលង្វែកនេះ។»។ លោកស្រីបានចំណាយថវិកាជិត១ម៉ឺនដុល្លារដើម្បីទិញយកផ្កានេះពីអ្នកភូមិ។


 
រាជិនីលង្វែកគឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងលំហែបែបធម្មជាតិដែលកំពុងត្រូវបានសាងសង់អស់រយៈពេលជិត២ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណ២០០ហិកតានៅមិនឆ្ងាយពីរមណីយដ្ឋានភ្នំឧដុង្គ។ នៅក្នុងរមណីយដ្ឋាននេះ មានដាំរុក្ខជាតិឈើហូបផ្លែ និងផ្ការាប់រយប្រភេទ ជាពិសេសដើមឫស្សី ដែលជាអត្តសញ្ញាណនៃបន្ទាយលង្វែកក្នុងប្រវត្តិសាស្ត្រកម្ពុជាកាលពីជាង៥០០ឆ្នាំមុន។


 
ថ្វីដ្បិតតែការដ្ឋានសាងសង់រមណីយដ្ឋានដ៏ធំនៅពុំទាន់បានបញ្ចប់ ប៉ុន្តែរមណីយដ្ឋានរាជិនីលង្វែកត្រូវបានបើកទទួលភ្ញៀវទេសចរបណ្ដើរ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្ដាហ៍៕


































 

© រក្សាសិទ្ធិដោយ thmeythmey.com