កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ ហ្គីណេអេក្វាទ័របញ្ចប់ភាពមិនចាញ់ក្រុមការពារតំណែងជើងឯកអាល់ហ្សេរី
17, Jan 2022 , 11:53 am        
រូបភាព
ក្រុមការពារតំណែងជើងឯកទ្វីបអាហ្វ្រិកអាល់ហ្សេរី បានភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើងក្រុមហ្គីណេអេក្វាទ័រក្នុងលទ្ធផល ១-០ នៃការប្រកួតពានរង្វាន់ Africa Cup of Nations 2021 វគ្គសន្សំពិន្ទុពូល E។



១គ្រាប់ជ័យជម្នះរបស់អេក្វារទ័រហ្គីណេធ្វើបានដោយកីឡាករ Obiang Obono Esteban ជាខ្សែការពារនៅនាទី៧០ ក្នុងកីឡដ្ឋាន Stadium Japoma ទឹកដីកាមេរូន។ អេក្វារទ័រហ្គីណេ បានបញ្ចប់ភាពមិនស្គាល់ចាញ់របស់ក្រុមអាល់ហ្សេរីចំនួន៣៥ប្រកួតជាប់គ្នាចាប់តាំងពីឆ្នាំ២០១៧ មក។ ការប្រកួតចាញ់លើកចុងក្រោយរបស់អាល់ហ្សេរី គឺកាលពីឆ្នាំ ២០១៧ ចាញ់ក្រោមថ្វីជើងទុយនីស៊ី ២-១។ 



ក្រោយចាញ់ក្នុងប្រកួតទីពីរក្នុងពូល E អាល់ហ្សេរីស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន១ពិន្ទុ ខណៈប្រកួតចុងក្រោយក្នុងពូលត្រូវជួបក្រុមកំពូលតារាងកូតឌីវ័រ មាន៤ពិន្ទុដើម្បីប្រជែងកៅអីទៅកាន់វគ្គជម្រុះបន្ទាប់។ លេខ២ ហ្គីណេអេក្វាទ័រ មាន៣ពិន្ទុ និង សៀរ៉ាឡេអូនលេខ៣ មាន ២ពិន្ទុ។
 
ឈ្នះក្រុមខ្លាំងពេលនេះ គ្រូបង្វឹកហ្គីណេអេក្វាទ័រ Juan Obiang ចាត់ទុក ជាការប្រកួតដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត ។

«ឈ្នះលើក្រុមខ្លាំងបែបនេះពិតជាអស្ចារ្យខ្លាំងណាស់ ហើយមិនមែនជាប្រកួតដែលស្រួលឡើយ ដែលកសាងក្រុមសម្រាប់យកជ័យជម្នះមួយនេះ។ កូនក្រុមធ្វើបានល្អ ដោយអាចឈ្នះក្រុមដែលមានទម្រង់លេងយ៉ាងល្អដូចអាល់ហ្សេរី។»លោក Obiang និយាយក្នុងសន្និសីទកាសែតក្រោយចប់ប្រកួតបែបនេះ។
 
ដោយឡែកគ្រូបង្វឹកអាល់ហ្សេរី Djamel Belmadi អះអាងថា លោក មិនរំពឹងពីលទ្ធផលនៃការប្រកួតទៅជាចាញ់ឡើយ និងលើកទឹកចិត្តកូនក្រុមឱ្យយកឈ្នះប្រកួតចុងក្រោយក្នុងពូលជាមួយកូតឌីវ័រ។
 
«វាជាលទ្ធផលមួយដែលខ្ញុំមិនបានរំពឹងទុក ព្រោះយើងបានផ្តល់គ្រប់យ៉ាងសម្រាប់ប្រកួតមួយនេះ។ យើងកំពុងស្ថិតក្នុងកាលៈទេសៈបរាជ័យ ប៉ុន្តែនេះជាបាល់ទាត់ ហើយយើងនឹងប្រយុទ្ធឱ្យខ្លាំងបំផុតនៅប្រកួតចុងក្រោយជួបកូតឌីវ័រ។»លោក Belmadi បានអះអាងបែបនេះក្រោយចប់ការប្រកួត៕
 
 
 

Tag:
 AFCON-2021
© រក្សាសិទ្ធិដោយ thmeythmey.com