កីឡាអន្តរជាតិ
អន្តរជាតិ
Australian Open ចាប់ផ្តើមប្រកួតថ្ងៃដំបូងដោយគ្មានវត្តមាន Djokovic
17, Jan 2022 , 4:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ទីបំផុត ការប្រកួតវាយកូនបាល់កម្មវិធី Australian Open បានចាប់ផ្តើមនៅទីលាន Melbourne Park ថ្ងៃទី១៧ ខែមករា ដោយមិនមានវត្តមានកីឡាករលំដាប់លេខ១ Novak Djokovic ដែលបរាជ័យតតាំងក្ដីជាមួយរដ្ឋាភិបាលអូស្ត្រាលី។



ការប្រកួតវាយកូនបាល់ Australian Open ស្ថិតក្រោមការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរទីក្រុងមែលប៊នចំពោះបញ្ហាកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឱ្យចូលមើលការប្រកួតត្រឹមតែ៥០ភាគរយនៃចំនួនសរុបប៉ុណ្ណោះ។
 
នៅថ្ងៃប្រកួតបើកឆាកពានរង្វាន់ Grand Slam មួយនេះ សម្រាប់ការប្រកួតវាយទោលនារី កីឡាការិនីអាល្លឺម៉ង់ Tatjana Maria យកឈ្នះកីឡាការិនីក្រិក Maria Sakkari។ កីឡាការិនីការពារតំណែងជើងឯក Naomi Osaka ក៏នឹងត្រូវប្រកួតសម្រាប់ថ្ងៃបើកឆាកនេះផងដែរ។
 
កីឡាករ Rafael Nadal ម្ចាស់ជើងឯក Grand Slam ២០លើក ក៏ត្រូវបង្ហាញខ្លួនប្រកួតសម្រាប់ថ្ងៃដំបូងផងដែរ ដោយគ្មានវត្តមានរបស់កីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ដែរ។
 
កាលពីរាត្រីថ្ងៃទី ១៦ កីឡាករវ័យ ៣៤ឆ្នាំ បានធ្វើដំណើរចេញពីប្រទេសអូស្ត្រាលី ក្រោយត្រូវបានអូស្រ្តាលីដកហូតទិដ្ឋកាជាលើកទីពីរ។ 
 
អវត្តមានកីឡាករម្ចាស់ពាន Australian Open ៩លើកប្រៀបដូចជាការផ្តល់នូវឱកាសទៅកាន់កីឡាករ Rafael Nadal, Alexander Zverev, ក៏ដូចកីឡាករ Daniil Medvedev ម្ចាស់ពាន US Open និងកីឡាករលំដាប់លេខ៤ សញ្ជាតិក្រិក Stefanos Tsitsipas ដើម្បីប្រជែងពានរង្វាន់ដើមឆ្នាំ ២០២២ នេះ៕
 

Tag:
 Australian Open
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com