ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ ជ ប ថា ការកែទម្រង់បែបបទ១១០២ មានតម្លាភាពក្នុងការរាប់សន្លឹកឆ្នោត ខណៈគណបក្ស៣ជំទាស់
17, Jan 2022 , 5:10 pm        
រូបភាព
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយ និងអង្គការខុមហ្រ្វែល លើចំណុចដែលទាមទារឱ្យរក្សាទុកក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (រូបពី គ.ជ.ប)
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយ និងអង្គការខុមហ្រ្វែល លើចំណុចដែលទាមទារឱ្យរក្សាទុកក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (រូបពី គ.ជ.ប)
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អះអាងថា ការកែទម្រង់បែបបទ១១០២ ពាក់ព័ន្ធនឹងកំណត់ហេតុនៃការាប់សន្លឹកឆ្នោត គឺមានតម្លាភាព ព្រោះភ្នាក់ងារគណបក្សនយោបាយ អាចថតឯកសារដែលបិទផ្សាយ និងស្គេន(Scan) ពីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ ប៉ុន្តែ គណបក្សចំនួន៣ និងសង្គមស៊ីវិល នៅតែទាមទារឲ្យគ.ជ.ប រក្សាទម្រង់បែបបទដើម ដើម្បីផ្ទៀងផ្ទាត់សន្លឹកឆ្នោត។

 
គណបក្សចំនួនបី បានដាក់ញាតិស្នើឱ្យ គជប រក្សាទម្រង់ដើម នៃបែបបទ ១១០២ ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់ពីចំនួនសន្លឹកឆ្នោត។ គណបក្សទាំងនោះ ព្រួយបារម្ភថា ការកែទម្រង់បែបបទ ១១០២ នេះ គឺប៉ះពាល់ធ្ងន់ធ្ងរដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្សទាំង៣ ដែលបារម្ភពីបញ្ហាកែទម្រង់បែបបទនេះ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា ។

«គណបក្សនយោបាយទាំងអស់ សូមស្នើគ.ជ.ប រក្សាទុក៖ ១ទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទ.១១០២)ឲ្យនៅដដែល ដោយរក្សាខ្ទង់ព័ត៌មានអំពីតួលេខសំខាន់ៗ ចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ សន្លឹកឆ្នោតខូច»។ នេះបើតាមញ្ញតិរបស់គណបក្សទាំង៣ ដោយស្នើឱ្យ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត(គ.ក.រ) ត្រូវចាត់ចែងចែកកំណត់ហេតុរាប់សន្លឹកឆ្នោត ដល់ភ្នាក់ងារគណបក្សនយោបាយ ដូចការបោះឆ្នោតមុនៗ។ 
 
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ពីនីតិវិធីនិងកំណតហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់បែបបទ១១០២ ដែលកែប្រែថ្មីនេះថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ជាអ្នកស្គេន(Scan) និងបោះពុម្ពដោយផ្ទាល់ ដើម្បីចែកដល់តំណាងគណបក្សនយោបាយ។ លើសពីនេះ ខាងគណបក្សនយោបាយក៏អាចថតទម្រង់បែបបទ១១០២ នៅខាងមុខការិយាល័យបោះឆ្នោត ដែលបិតផ្សាយជាសាធារណៈផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ស្ដីពីការជួបពិភាក្សាជាមួយតំណាងបក្សទាំង៣ និងតំណាងអង្គការខុមហ្រ្វែល ចេញថ្ងៃទី១៤មករា។ 
 
 លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ រូបពី គ.ជ.ប 


មន្រី្តគ.ជ.ប រូបនេះ បានឲ្យដឹងពីហេតុផលចម្បងក្នុងការកែប្រែទម្រង់បែបបទ១១០២ គឺដោយសារកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ម្យ៉ាងទៀតរដ្ឋាភិបាលក៏ផ្ដល់ថវិកា សម្រាប់ទិញកុំព្យូទ័រ និងម៉ាស៊ីនScanner ឲ្យគណៈកម្មការឃុំសង្កាត់ ដើម្បីសម្រួលដល់ការបោះឆ្នោតផងដែរ។ បើតាមលោក ទេព នីថា ការកត់ត្រាដោយដៃកន្លងមក គឺឃើញមានកំហុសឆ្គងដោយអចេតនា ដោយសារមន្រី្តឃុំសង្កាត់ និងការិយាល័យបោះឆ្នោត ធ្វើការលើស១២ម៉ោង។

«កន្លងមកតួលេខនៅទម្រង់បែបទ១១០២ មានការខុសតែបន្តិចបន្តួច មិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះ ឬមហាជនមួយចំនួនថតបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គម ដើម្បីឲ្យសាធារណជនមានការភាន់ច្រឡំ ពីលទ្ធផលនៃការបោះឆ្នោត។ មូលហេតុនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការកែសម្រួល…»។ នេះបើតាមលោក ទេព នីថា ដោយសង្កត់ធ្ងន់ថា ការរៀបចំបែបបទ ១១០២ថ្មី គឺធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត កាន់តែមានភាពសុក្រឹត្យ និងតម្លាភាព។ លោកក៏បង្ហាញចំណុចខុសគ្នាយ៉ាងលម្អិតទៀតថា ភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ១១០២ ដដែល ដោយគ្រាន់តែពីមុន ទទួលដោយផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែឆ្នាំ២០២២នេះ គឺត្រូវទទួលដោយផ្ទាល់នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ។ 
 
យ៉ាងណាក្រោយពីគណបក្សទាំង៣ បានប្រជុំពិភាក្សាជាមួយគ.ជ.បរួច ពួកគេក៏បានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញជំហរទាមទារឲ្យគ.ជ.ប រក្សាទម្រង់បែបបទ១១០២ដដែល។ គណបក្សទាំងបី បង្ហាញការសោកស្ដាយ នៅពេលដែលសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ បានអនុម័តយ៉ាងឆាប់រហ័ស។
 
ក្នុងសន្និសីទនោះ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានពន្យល់ថា ការទាមទារឲ្យរក្សាទម្រង់បែបបទ១១០២នៅដដែល ព្រោះប្រើប្រាស់នីតិវិធីថ្មី វាអាចបាត់ព័ត៌មានសំខាន់ៗ ជាពិសេសចំនួនសន្លឹកឆ្នោត។ លើសពីនេះ បើមានករណីមិនប្រក្រតីកើតឡើងលើចំនួនសន្លឹកឆ្នោត គឺឥតមានទិន្នន័យជាក់លាក់ទៅតវ៉ាឡើយ។ 

 លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពី គ.ជ.ប 

លោក យ៉េង វីរៈ លើកឡើងថា កន្លងមកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត គឺមានព័ត៌មានលម្អិត ទាក់ទងចំនួនសន្លឹកឆ្នោតខុស ខូចមិនអាចប្រើបាន ឬមិនបានប្រើ , តួលេខអ្នកបោះឆ្នោត និងសន្លឹកឆ្នោតក្នុងហឹបឆ្នោតជាដើម។ «ទន្និន័យហ្នឹងវាសំខាន់ វាមិនត្រូវឲ្យបាត់ ឬលែងឲ្យចុះនោះទេ! គាត់(ខាងគ.ជ.ប)យកទៅចុះ ក្នុងទម្រង់១១០១។ ប៉ុន្តែទម្រង់ ១១០១ អត់ចែកឲ្យខាងគណបក្សទេ។ យើងបាត់ទន្និន័យហ្នឹង យើងចង់បានព័ត៌មានទាក់ទងនឹងចំនួននេះដែរ(សន្លឹកឆ្នោត)»។ នេះបើតាមការលើកឡើងរបស់លោក យ៉េង វីរៈ ដោយបន្ថែមថា លោកគាំទ្រគ.ជ.ប ក្នុងកែប្រែនីតិតាមបច្ចេកវិទ្យា ប៉ុន្តែស្នើមិនឲ្យលុបបំបាត់នីតិវិធីដែលមានកន្លងមក ព្រោះវាជាព័ត៌មានលម្អិតនៃសន្លឹកឆ្នោត។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឆ្លើយតបវិញថា ការស្នើររបស់គ្រប់ភាគពាក់ព័ន្ធ ពុំត្រូវបានគ.ជ.ប យកទៅកែតម្រូវគ្រប់សំណើរឡើយ ព្រោះនីតិវិធីនៃការបោះឆ្នោត គឺសម្រេចឡើងតាមច្បាប់។ លើសពីនេះ គាំទ្រតាមមតិភាគច្រើន ដើម្បីតម្លាភាព។ 

លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ មករាថា៖ «រាល់សំណើនិងសំណូមពរ មិនសុទ្ធតែគ.ជ.ប ទទួលយកមកកែតាមនោះទេ ជួនកាលសំណើនោះ ជាសំណើមិនសមស្រប ទៅហ្នឹងច្បាប់»។ លោកអះអាងថា គ.ជ.ប ខិតខំរៀបចំឲ្យការបោះឆ្នោតកាន់តែមានប្រសិទ្ធភាព ពិសេសទម្រង់បែបបទ១១០២នេះ។ 

 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ រូបពី គ.ជ.ប 


ដ្បិតលោក ហង្ស ពុទ្ធា លើកឡើងបែបនេះក្ដី តែលោក យី សីហា មន្រី្តផ្នែកកិច្ចការបោះឆ្នោតនៃគណបក្សកម្ពុជានិយម ធ្លាប់បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ មករាថា លោកនៅតែបន្តទាមទារឲ្យមានការកែប្រែឡើងវិញ គឺរក្សាទម្រង់ដើម។ «ទោះបីលទ្ធផលយ៉ាងណា យើងនៅតែបន្តទាមទារឲ្យមានការរក្សាទម្រង់១១០២ ដូចដើមដដែល»។ 
លើសពីនេះ លោកពិតជាមិនអាចទទួលយកការឆ្លើយតបរបស់គ.ជ.ប ជុំវិញកំណែទម្រង់បែបបទ១១០២នេះ។ រីឯ លោក នី សោភ័ណ្ឌ ដែលជាមន្រី្តនាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតរបស់គណបក្សកែទម្រង់កម្ពុជា ក៏បង្ហាញជំហរដូចគ្នានឹងលោក សីហា និងលោក វីរៈ ដែរ។ 

 
សន្និសីទសារព័ត៌មានស្ដីពី ការទាមទារកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ របស់គណបក្សនយោបាយចំនួន៣ កាលពីថ្ងៃទី១៤មករា ឆ្នាំ២០២២។ លោក យី សីហា មន្រី្តផ្នែកកិច្ចការបោះឆ្នោតនៃគណបក្សកម្ពុជានិយម (រូបខាងឆ្វេង) លោក យេង វីរៈ ប្រធានគនបក្សប្រជាធិបតេយ្យមូលលដ្ឋាន (រូបកណ្ដាល) និងលោក នី សោភ័ណ្ឌ មន្រី្តនាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោតរបស់គណបក្សកែទម្រង់កម្ពុជា។ 
 

លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្រ្វែល យល់ថា តម្លាភាពក្នុងការបោះឆ្នោត គឺជារឿងសំខាន់បំផុត។ ដូច្នេះ ការកែទម្រង់បែបបទ១១០២ នៅការិយាល័យបោះឆ្នោត គឺជារឿងចាំបាច់បំផុតក្នុងកាត់បន្ថយភាពមិនប្រក្រតី ក្នុងការរាប់សន្លឹកឆ្នោត ឬដឹងពីតួលេខនៃសន្លឹកឆ្នោត។ 
 
 
លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្រ្វែល។ រូបពី គ.ជ.ប 


«ទោះបីការកត់ត្រាដោយដៃស្ដីពីចំនួនសន្លឹកឆ្នោតយឺត ប៉ុន្តែវាជាការទទួលខុសត្រូវតាមការិយាល័យ ដើម្បីកាត់បន្ថយភាពមិនប្រក្រតី និងតម្លាភាពសម្រាប់គណបក្សនយោបាយ»។ នេះបើតាមលោក កង សាវាង្ស ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៧មករា ដោយសង្កត់ធ្ងន់ថា៖ «គ.ជ.ប គួរតែពិចារណា(រក្សាទម្រង់១១០២) ព្រោះកន្លងមកនៅចំណុចនេះ វាបានបង្ហាញពីភាពល្អប្រសើរ ហើយគ.ជ.ប ក៏មានបំណងល្អដែរ គឺយកទៅស្គេន ដើម្បីឲ្យងាយស្រួល។ ដូច្នេះ គួរតែពង្រឹងមន្រី្តឲ្យមានការកត់ត្រាបន្ថែមទៀត គឺជាចំណុចរួមហើយកាន់តែល្អ»។ 
 
យ៉ាងណា លោកនៅតែផ្ដល់ជាមតិថា ភាគីគណបក្សនយោបាយ និងគ.ជ.ប គួរតែជួបពិភាក្សាគ្នា ដើម្បីកែប្រែចំនួនទាំងនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ 
 

Tag:
 គ ជ ប
  បោះឆ្នោត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com