កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា ចង់បន្តលេងបាល់ទាត់រយៈពេល៤ទៅ៥ឆ្នាំទៀត
18, Jan 2022 , 11:19 am        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo និយាយថា ខ្លួនសង្ឃឹមបន្តអាជីពជាកីឡាករបាល់ទាត់រយៈពេល៤ទៅ៥ឆ្នាំ បន្ថែមទៀតព្រោះជាការស្រលាញ់ចូលចិត្ត បើទោះឈានចូលវ័យ៣៧ឆ្នាំនៅខែក្រោយក្តី។



ខ្សែប្រយុទ្ធវ័យ ៣៦ របស់ក្រុម Manchester United ទទួលបានពានរង្វាន់ FIFA Best Special Award ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA នាទីក្រុងហ្ស៊ូរីច ថ្ងៃទី១៨ ខែមករា។ 
 
ពានរង្វាន់ដែល Ronaldo ទទួលបានគឺជាការទទួលស្គាល់មួយពី FIFA ចំពោះការបំបែកកំណត់ត្រាពិភពលោកជាកីឡាករដែលរកគ្រាប់បាល់បានច្រើនឱ្យក្រុមជម្រើសជាតិ។ Ronaldo កាលពីខែកញ្ញា ឆ្នាំ ២០២១ បានបំបែកកំណត់ត្រាកីឡាករអ៊ីរ៉ង់ Ali Daei ដែលស៊ុតបាន១០៩គ្រាប់។ បច្ចុប្បន្ន Ronaldo រកបាន១១៥គ្រាប់ឱ្យព័រទុយហ្គាល់។


 
«ខ្ញុំនៅតែមានអារម្មណ៍ងប់ងល់នឹងការប្រកួតបន្តទៀត មិនត្រឹមតែស្វែងរកគ្រាប់បាល់ប៉ុណ្ណោះ។ វាប្រៀបដូចជារឿងកំសាន្តមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំលេងបាល់តាំងពីខ្ញុំអាយុ៥ឆ្នាំឬ៦ឆ្នាំ។ ខ្ញុំសង្ឃឹមថា នឹងអាចបន្តលេងបាល់រយៈពេល៥ទៅ៦ឆ្នាំបន្ថែមទៀត ទោះខ្ញុំជិតចូលវ័យ៣៧ឆ្នាំក្តី។» Ronaldo បាននិយាយបែបនេះក្នុងកម្មវិធី FIFA best Award។
 
ចូលរួមជាមួយបិសាចក្រហមលើកទីពីរ Ronaldo បានរកគ្រាប់ឱ្យក្រុមចំនួន ១៤គ្រាប់ ចំណោម ២២ប្រកួតចាប់តាំងពីដើមរដូវកាលមក។ បច្ចុប្បន្ន Manchester United ស្ថិតនៅលំដាប់លេខរៀងទី៧ នៃតារាង Premier League៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com