កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ត្រលប់មក Arsenal វិញបន្ទាប់ពីមានបញ្ហាបេះដូង ពេលជួយជម្រើសជាតិហ្គាបុង
18, Jan 2022 , 3:41 pm        
រូបភាព
Pierre-Emerick Aubameyang បានចាកចេញពីក្រុមជម្រើសជាតិហ្គាបុងដែលកំពុងប្រកួតពានរង្វាន់ Africa Cup of Nations និងវិលត្រលប់ទៅក្រុម Arsenal វិញភ្លាមៗបន្ទាប់រកឃើញថាមានបញ្ហាសុខភាព។



ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំបានអវត្តមានជំនួបដែល ហ្គាបុងប្រកួតស្មើជាមួយហ្គាណាកាលពីថ្ងៃទី១៥ខែមករា បន្ទាប់ពីត្រូវរកឃើញថា មានដំបៅបេះដូង ក្រោយពេលជាពីជំងឺកូវីដ-១៩។ Aubameyang តេស្តឃើញកូវីដ-១៩ ពេលមកដល់កាមេរូនកាលថ្ងៃទី៦ ខែមករា។ 
 
មិនតែប៉ុណ្ណោះខ្សែបម្រើ Mario Lemina អតីតកីឡាករក្លិប Southampton ក៏បានចាកចេញពីក្រុមជម្រើសជាតិហ្គាបុងផងដែរបន្ទាប់ពីរកឃើញមានបញ្ហាដំបៅបេះដូងដូចគ្នានឹង Aubameyang។
 
«សហព័ន្ធកីឡាបាល់ទាត់ហ្គាបុង បានសម្រេចចិត្តបញ្ជូនកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Mario Lemina ទៅកាន់ក្លិបរបស់ពួកគេវិញដើម្បីបន្តព្យាបាលបញ្ហាជំងឺបន្តទៀត។» សហព័ន្ធកីឡាបាល់ទាត់ហ្គាបុងប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
សហព័ន្ធកីឡាបាល់ទាត់ហ្គាបុងក៏អះអាងនាថ្ងៃទី១៧ខែមករាថា  កីឡាករ៥រូបបានបន្តរកឃើញឆ្លងកូវីដ-១៩ ក្នុងនោះរួមមាន Denis Bouanga, Noubi Fotso, David Sambissa, Serge Ngouai និងកីឡាករ Ulrick Eneme Ella។ កីឡាករទាំង៥ ក៏ត្រូវអវត្តមានការប្រកួតទល់ក្រុមម៉ារ៉ុកនាថ្ងៃទី១៨ ខែមករា៕
 

Tag:
 AFCON 2021
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com