អន្តរជាតិ
ចិន បញ្ជាឱ្យបាញ់សម្លាប់មេរោគលើបញ្ញើផ្ញើពីបរទេសដើម្បីទប់ស្កាត់ការឆ្លងវីរុសអូមីក្រុង
18, Jan 2022 , 7:29 pm        
រូបភាព
បុគ្គលិកដឹកជញ្ជូន កំពុងរៀបចំទំនិញឱ្យអតិថិជននៅទីក្រុងប៉េកាំង។ រូបថត Xinhua
បុគ្គលិកដឹកជញ្ជូន កំពុងរៀបចំទំនិញឱ្យអតិថិជននៅទីក្រុងប៉េកាំង។ រូបថត Xinhua
សេវាប្រៃសណីយ៍ចិន នៅថ្ងៃទី១៧ ខែមករា បានបញ្ជាឱ្យបុគ្គលិកបាញ់សម្លាប់មេរោគលើបញ្ញើអន្តរជាតិ និងជំរុញឱ្យប្រជាជនកាត់បន្ថយការបញ្ជាទិញទំនិញពីក្រៅប្រទេស។ ការបញ្ជានេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរទីក្រុងប៉េកាំង បានអះអាងថា សំបុត្រនិងទំនិញផ្ញើពីបរទេសអាចជាប្រភពនៃការផ្ទុះជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

 
អាជ្ញាធរចិន នៅតែបានប្រកាន់យកគោលនយោបាយដ៏តឹងរ៉ឹងមិនឱ្យមានករណីឆ្លងជំងឺកូវីដ-១៩ សូម្បីតែមួយ ខណៈប្រទេសដទៃអនុវត្តគោលការណ៍រស់នៅជាមួយវីរុសនេះទៅហើយ។ បច្ចុប្បន្ន ចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃការឆ្លងជំងឺនេះតាមសហគមន៍ រួមទាំងមួយករណីនៅក្នុងទីក្រុងប៉េកាំងដែលកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈខាងមុខនេះ។
 
បើតាមមន្ត្រីរដ្ឋធានីចិន ស្ត្រីម្នាក់រស់នៅទីក្រុងនេះ ត្រូវបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង។ អាជ្ញាធរចិនអះអាងថា ស្ត្រីម្នាក់នោះមិនមានទំនាក់ទំនងជាមួយអ្នកឆ្លងផ្សេងទៀតនោះទេ តែបានប៉ះពាល់កញ្ចប់បញ្ញើពីបរទេស ដែលត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានដែរ។ សំណាកវីរុសនេះ ស្រដៀងនឹងវីរុសដែលត្រូវបានរកឃើញនៅអាម៉េរិកខាងជើង។
 
ក្រោយបានរកឃើញករណីបែបនេះ ប្រៃសណីយ៍ចិន នៅថ្ងៃទី១៧ ខែមករាបានចេញផ្សាយ សេចក្ដីណែនាំមួយដែលតម្រូវឱ្យបុគ្គលិកបាញ់សម្អាតកម្ចាត់មេរោគកញ្ចប់ខាងក្រៅនៃកញ្ចប់ទំនិញ និងសំបុត្រអន្តរជាតិទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបាន និងតម្រូវឱ្យបុគ្គលិកដែលកាន់សំបុត្រ និងបញ្ញើបរទេស ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ។
 
លើសពីនេះ ប្រៃសណីយ៍ចិន ក៏បានស្នើឱ្យប្រជាជនកាត់បន្ថយការទិញទំនិញពីប្រទេស និងតំបន់ណាដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩។ ចំណែកឯ បញ្ញើទំនិញ ក្នុងស្រុកគួរតែត្រូវបានរៀបចំទៅតាមតំបន់ផ្សេងៗគ្នាដើម្បីការពារការចម្លងជំងឺពីតំបន់មួយទៅតំបន់មួយ។
 
យ៉ាងណាមិញ ទាំងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អាម៉េរិក (CDC) បានអះអាងថា ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ពីផ្ទៃវត្ថុមានកម្រិតទាប ហើយកម្រិតនៃការចម្លងនឹងកាន់តែតិចទៅៗតាមពេលវេលាផងដែរ។ CDC ក៏ធ្លាប់បញ្ជាក់ថា ភាគច្រើនកម្រិតឆ្លង នឹងថយចុះ៩៩ភាគរយនៃដានមេរោគដែលបន្សល់ទុកលើផ្ទៃវត្ថុក្នុងរយៈពេលបីថ្ងៃ។
 
ទោះជាយ៉ាងនេះក្ដី ចិនមិនប្រថុយប្រថានមិនចាត់វិធានការតឹងរ៉ឹងនោះឡើយ ដ្បិតត្រូវរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាផង។ ចិនបានចាត់វិធានការរឹតត្បិតការធ្វើដំណើរ, អនុវត្តការធ្វើតេស្តរកជំងឺកូវីដ-១៩ ទូទាំងទីក្រុងមានករណីឆ្លង និងកម្មវិធីសុខភាពដើម្បីតានដានករណីឆ្លង។ ការឆ្លងថ្មីៗនេះត្រូវបានរកឃើញនៅក្នុងតំបន់ដែលទទួលទំនិញអន្តរជាតិ មានទីក្រុងកំពង់ផែធៀនជីនដែលស្ថិតនៅភាគខាងកើត និងតំបន់ផលិតកម្មតំបន់គ័ងតុងដែលស្ថិតនៅភាគខាងត្បូង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com