ជាតិ
សង្គមជាតិ
ឧកញ៉ា គង់ សាង ឡើងជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជំនួសលោក វ៉ាន់ សូអៀង
18, Jan 2022 , 8:59 pm        
រូបភាព
លោក គង់ សាង ថ្លែងក្នុងសន្និបាតលើកទី១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការងារ
លោក គង់ សាង ថ្លែងក្នុងសន្និបាតលើកទី១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការងារ
លោកឧកញ៉ា គង់ សាង បានជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាសមគមរោងចក្រផ្នែកវិស័យកាត់ដេរដ៏ធំនៅកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២២-២០២៣។ ការផ្តល់សេចក្តីទុកចិត្តដល់លោក គង់ សាង ធ្វើជាប្រធានសមាគមតាមរយៈសន្លឹកឆ្នោត ធ្វើឡើងក្នុងសន្និបាតលើកទី១៥របស់សមាគម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។


មុនជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក គង់ សាង គឺជាអនុប្រធាន ហើយលោក វ៉ាន់ ស៊ូអៀង ជាប្រធាន។ សន្និបាតលើកទី១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 
 
លោក អ៊ិត សំហេង ចាត់ទុកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ថាជាវិស័យដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា។ លោក បន្តថា ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដំណើរការ២៥ហើយ និងបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ លើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការងារ។ 
 
លោក គង់ សាង បង្ហាញការប្តេជ្ញាចិត្តថា លោក នឹងប្រឹងប្រែងជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលទើបនឹងជាប់ឆ្នោត ដើម្បីដឹកនាំបេសកកម្មរបស់សមាគម ឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងដើម្បីគាំទ្រដល់វិស័យកាត់ដេរនៅកម្ពុជា។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា៕ 
 

Tag:
 GMAC
  គង់ សាង
© រក្សាសិទ្ធិដោយ thmeythmey.com