កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ Australian Open សោកស្តាយចំពោះករណី Djokovic ដែលជះឥទ្ធិពលដល់កីឡាករដទៃ
19, Jan 2022 , 8:29 am        
រូបភាព
អ្នករៀបចំកម្មវិធី Australian Open បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះករណី Djokovic ដែលជះឥទ្ធិពលដល់កីឡាករ -កីឡាការិនីដទៃផ្សេងទៀត ។ ពួកគេចាត់ទុកថា វាមេរៀនមួយ។


Djokovic ជាកីឡាករដែលប្រឆាំងនឹងច្បាប់ចាក់វ៉ាក់សាំង បានចាកចេញពីទីក្រុងមែលប៊ន នាថ្ងៃទី១៦  មករា ហើយទៅដល់ប្រទេសកំណើតស៊ែប៊ីវិញ នាថ្ងៃទី១៧ មករា។ Djokovic បានចាញ់ក្តីជុំវិញករណីរដ្ឋបាលអូស្រ្តាលីដកហូតទិដ្ឋការចំនួនពីរលើក លើបញ្ហាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការមិនអនុញ្ញាតឲ្យរូបគេបន្តស្នាក់នៅ ដើម្បីប្រកួត Australian Open ។
កីឡាករវាយកូនបាល់លេខមួយពិភពលោក Djokovic បានតវ៉ាក្តីជាមួយរដ្ឋាភិបាលអូស្ត្រាលី អស់រយៈពេលជាង ២ខែ លើបញ្ហាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
 
សមាគមវាយកូនបាល់អូស្ត្រាលី ក៏បានបញ្ចេញមតិដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានេះថា គ្រប់យ៉ាងគឺគោរពតាមការសម្រេចរបស់ចៅក្រម ហើយក៏សង្ឃឹមថា អ្នកគាំទ្រនឹងងាកមកកាន់ការប្រកួតវាយកូនបាល់លើទីលានវិញ។
 
«ក្នុងនាមជាគ្រួសារវាយកូនបាល់អូស្ត្រាលី យើងឃើញថារឿងរ៉ាវនោះបានផ្តល់ឱ្យយើងជាការរំខានមួយ។ យើងពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះឥទ្ធិពលនោះទៅលើកីឡាករដទៃផ្សេងទៀតអំឡុងពេលប្រកួត ។ហើយនេះជាមេរៀន ដែលត្រូវរៀន។»អ្នករៀបចំកម្មវិធី Australian Open បានលើកឡើងបែបនេះ។
 
ម្ចាស់ពានរង្វាន់ Grand Slam ២០លើក Djokovic បានអះអាងថា រូបគេទទួលបានការអនុញ្ញាតពិសេស ដោយមិនបាច់ចាក់វ៉ាក់សាំង ដើម្បីចូលក្នុងប្រទេសអូស្រ្តាលី Australian Open ។
ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលី បានបដិសេធចំពោះការអះអាងរបស់កីឡាករវាយកកូនបាល់លំដាប់ពិភពលោករូបនេះ ព្រោះមិនឃើញមានភស្តុតាងសមរម្យសម្រាប់បញ្ជាក់ពីការអនុញ្ញាតចូលក្នុងប្រទេស ដោយមិនចាក់វ៉ាក់សាំងនេះ។ 
 
កាលពីខែធ្នូ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ក៏ធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ម្តងរួចមកហើយ។ មកដល់ពេលនេះ Novak Djokovic ស្ថិតក្នុងប្រទេសស៊ែប៊ីជាមួយនឹងការរងសម្ពាធធ្ងន់ធ្ងរ  ហើយពាក់ព័ន្ធនឹងរឿងរ៉ាវអនាគតបន្ត កីឡាកររូបនេះនៅមិនមានភាពច្បាស់លាស់នៅឡើយ៕
 
 

Tag:
 Australian Open
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com