ជាតិ
សង្គមជាតិ
អ្នកជំនាញអប់រំចែករំលែកគន្លឹះសំខាន់ក្នុងជ្រើសជំនាញនិងសាលាដល់សិស្សទើបជាប់បាក់ឌុប
19, Jan 2022 , 12:00 pm        
រូបភាព
សិស្សម្នាក់ឈរមើលលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី ១៣ ខែមករា នៅវិទ្យាល័យផ្សារដើមថ្កូវ។ រូបភាពដោយ៖ ផាត ដាណេ
សិស្សម្នាក់ឈរមើលលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិថ្ងៃទី ១៣ ខែមករា នៅវិទ្យាល័យផ្សារដើមថ្កូវ។ រូបភាពដោយ៖ ផាត ដាណេ
ដោយ សំ សុពេជ្រ
ភ្នំពេញ៖ ការជ្រើសរើសមុខជំនាញសម្រាប់ការសិក្សាថ្នាក់សាកលវិទ្យាល័យដ៏ត្រឹមត្រូវមួយក្លាយជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់សិស្សមួយចំនួន ដែលទើបប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ សម្រាប់អ្នកជំនាញអប់រំ  សិស្សានុសិស្សដែលមិនទាន់មានការសម្រេចចិត្តមួយច្បាស់លាស់ ត្រូវចាំបាច់ស្វែងរកការប្រឹក្សាយោបល់ និងស្វែងយល់ពីខ្លួនឯងបន្ថែមទៀតឱ្យបានឆាប់ ដ្បិតការសម្រេចចិត្តខុស នឹងជះផលអវិជ្ជមានដល់អនាគតរបស់ពួកគេផងដែរ។

យុវតី ហាក់ ធីរ៉ា ដែលជាសិស្សទទួលបាននិទ្ទេស C ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីចុងខែធ្នូកន្លងទៅ។ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង យុវតីរូបនេះរៀបរាប់ថា នាងមានអារម្មណ៍ស្មុគស្មាញខ្លាំងពេលនិយាយដល់រឿងការសិក្សាថ្នាក់ឧត្តមសិក្សា ព្រោះខ្លួនគ្មានគោលដៅច្បាស់លាស់ក្នុងការជ្រើសយកជំនាញណាមួយនៅឡើយទេ។  
 
«ខ្ញុំមិនទាន់ដឹងថា ត្រូវជ្រើសរើសយកមុខវិជ្ជាឬជំនាញណាមួយទេ ហើយក៏មិនដឹងថាគួរជ្រើសរើសយកសាលាណាដែរពេលនេះ»។ ធីរ៉ា បានលើកឡើងដូច្នេះ។ 
 
យុវតីរូបបនេះបានបង្ហើបថា ការមកសិក្សានៅភ្នំពេញជាជម្រើសតែមួយគត់ដែលនាងធ្លាប់ប៉ង ដោយសាររំពឹងចង់បានគុណភាពនៃការសិក្សា និងអាចមានឱកាសឈោងចាប់យកការងារល្អ។ ប៉ុន្តែដោយសារគ្រួសារនាងមិនមានលទ្ធភាពផ្គត់ផ្គង់ការចំណាយលើការសិក្សានេះ នាងប្រហែលជាត្រូវបោះបង់ក្តីស្រមៃនេះវិញ។   
 
«ខ្ញុំវង្វេងហើយពេលនេះ»។ នាងរៀបរាប់បន្ថែមបែបនេះ។ 
 
ខុសពី ធីរ៉ា យុវតី ផេង សុច័ន្ទ ដែលជាសិស្សសាលាជាស៊ីមសាមគ្គី និងបានទទួលនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡងឆ្នាំ ២០២១ បានកំណត់ជំនាញដែលខ្លួនចង់រៀនសម្រាប់ថ្នាក់ឧត្តមសិក្សាច្បាស់លាស់ហើយ។ ជំនាញដែលនាងចង់សិក្សាគឺ គណនេយ្យ និងហិរញ្ញវត្ថុ។ 
 
ការជ្រើសរើសយកជំនាញនេះគឺ ដោយសារនាងមានគោលដៅជួយបង្កើនចំណេះដឹងផ្នែកហិរញវត្ថុក្នុងចំណោមក្មេងស្រីផ្សេងទៀតនាពេលអនាគត។
 
សុច័ន្ទ រៀបរាប់ដូច្នេះ៖ «ខ្ញុំនៅតែមានការព្រួយបារម្ភពីគោលដៅអនាគត ប៉ុន្តែបំណងប្រាថ្នារបស់ខ្ញុំ គឺចង់ក្លាយជាអ្នកជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ។ ខ្ញុំចាប់ផ្ដើមស្រឡាញ់ចូលចិត្តជំនាញនេះតាំងពីនៅថ្នាកក់វិទ្យាល័យម្ល៉េះ។ ជំនាញនេះមិនត្រឹមតែផ្ដោតទៅលើគណិតវិទ្យានោះទេ ថែមទាំងរួមបញ្ចូលការប្រើប្រាស់ភាសាអង់គ្លេសជាមូលដ្ឋានគ្រឹះទៀត»។
 
យ៉ាងណាមិញ ច័ន្ទនៅតែមានកង្វល់ក្នុងការជ្រើសរើសសាកលវិទ្យាល័យ។ ប៉ុន្តែ យុវតីរូបនេះយល់ថា វាមិនមែនជាឧបសគ្គធំទេ ព្រោះខ្លួនធ្លាប់បានស្រាវជ្រាវអំពីជំនាញនេះ និងកម្មវិធីសិក្សាពីមុនរួចហើយដែរ។ 
 
«ក្រោយពីរកឃើញចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ខ្ញុំក៏បានស្រាវជ្រាវពីសាលាដែលមានស្តង់ដាល្អៗទាំងអស់ពាក់ព័ន្ធនឹងមុខជំនាញនេះ។ ខ្ញុំក៏បានសុំការប្រឹក្សាយោបល់ពីរៀមច្បងមុនៗ និងគ្រូបង្វឹកក្នុងការជ្រើសរើសមុខវិជ្ជានៅសកលវិទ្យាល័យដែលអាចឲ្យខ្ញុំមានសុទ្ធិដ្ឋិនិយមអំពីគោលដៅអនាគតដែរ»។ សុច័ន្ទ រៀបរាប់ដូច្នេះ។ 
 
សិស្សានុសិស្សត្រូវការការប្រឹក្សា និងការតម្រង់ទិសបន្ថែម ដើម្បីជ្រើសរើសសាលា និងជំនាញត្រឹមត្រូវ
តាមពិតទៅ ការជ្រើសរើសជំនាញ និងសាលាបានក្លាយជាបញ្ហាប្រឈមរួមសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យដូចជា ធីរ៉ា និងសុច័ន្ទ។ បញ្ហាទាំងនេះកើតឡើង ដោយសារតែពួកគេមិនទទួលបានព័ត៌មានគ្រប់គ្រាន់ និងការតម្រង់ទិសត្រឹមត្រូវក្នុងពេលដែលពួកគេកំពុងសិក្សាថ្នាក់វិទ្យាល័យ។ នេះបើតាមលោកស្រី ប្រសើរ ម៉ូលីកា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ 
 
«កាលពីនៅថ្នាក់វិទ្យាល័យ ពួកគាត់ប្រហែលមិនបានការតម្រង់ទិស និងការប្រឹក្សាយោបល់អំពីជំនាញសិក្សា។ ជាពិសេសគឺនៅតំបន់ជនបទដាច់ស្រយាលដែលព័ត៌មានមិនអាចទៅដល់ និងមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ»។ លោកស្រី ម៉ូលីកា លើកឡើងដូច្នេះ។ 
 
«ដោយសារតែមូលហេតុនេះ ទើបបណ្តាលឱ្យប្អូនៗខ្លះជ្រើសរើសជំនាញខុសពីសមត្ថភាពខ្លួនឯង ខុសពីការស្រឡាញ់ និងខុសពីតម្រូវការរបស់ខ្លួន»។
 
សម្រាប់សិស្សានុសិស្សដែលមិនទាន់មានគោលដៅច្បាស់លាស់ក្នុងការជ្រើសរើសយកជំនាញសិក្សាថ្នាក់ឧត្តមសិក្សា លោកស្រី ម៉ូលីកា យល់ឃើញ ថា វាចាំបាច់ត្រូវមានដំណោះស្រាយបន្ទាន់មួយ។ នេះក៏ព្រោះថា ការជ្រើសរើសយកជំនាញគឺជាកត្តាកំណត់ជោគវាសនា និងអាជីពការងាររបស់បុគ្គលម្នាក់ៗ។
 
 អ្នកជំនាញរូបនេះបន្តថា ការសម្រេចចិត្តត្រឹមត្រូវ ឬខុសសុទ្ធតែជះឥទ្ធិពលពេញមួយជីវិត ទាំងលើគុណតម្លៃ របៀបរស់នៅ និងឱកាសផ្សេងៗ ទាំងចំពោះសិស្សនុសិស្សខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ស្របពេលជាមួយគ្នានោះ ពួកគេគួរចាប់ផ្តើមរៀនសិក្សាស្វែងយល់ និងស្គាល់ខ្លួនឯងឱ្យបានច្បាស់។ ការធ្វើបែបនេះនឹងជួយឱ្យពួកគេដឹងពីចំណុចខ្លាំង ចំណុចខ្វះខាត  រួមជាមួយចំណង់ចំណូលចិត្ត និងឱបនិស្ស័យរបស់ខ្លួនផង។ 
 
ម្យ៉ាងវិញទៀត អ្នកជំនាញខាងលើក៏ផ្តល់យោបល់បន្ថែមថា ពួកគេអាចព្យាយាមប្រមូលព័ត៌មានពីប្រភពជុំវិញ ឱ្យបានច្រើននិងឱ្យបានទូលំទូលាយ ហើយអាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងអ្នកដែលមានបទពិសោធន៍ខ្ពស់ក្នុងការជ្រើសរើសជំនាញសិក្សាដើម្បីអាចយល់ពីតម្រូវការទីផ្សារការងារ និងអនាគតនៃអាជីពការងារ។
 
ពេលសាកសួរពីដំបូន្មានសម្រាប់ផ្តល់ឱ្យចំពោះសិស្សានុសិស្សដែលមានជីវភាពខ្សត់ខ្សោយ លោកស្រី ម៉ូលីកា បានផ្តល់យោបល់ថា ពួកគេអាចពិចារណាជម្រើសសមស្របខ្លះដូចជា ស្វះស្វែងរកអាហារូបករណ៍ និងអាចពន្យារពេលបន្តការសិក្សាថ្នាក់ឧត្តមសិន ដោយងាកទៅឈោងចាប់យកការងារសិនដើម្បីសន្សំបទពិសោធ និងថវិកាសម្រាប់បន្តការសិក្សាពេលក្រោយ។  
 
ដោយឡែក អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក សាន វឌ្ឍនា បានផ្ដល់ជាដំបូន្មានថា វាចាំបាច់ណាស់ដែលសិស្សានុសិស្សត្រូវជ្រើសរើសយកជំនាញឬកម្មវិធីសិក្សាណាដែលមានការបណ្តុះបណ្តាលភាសាអង់គ្លេស និងកុំព្យូទ័រ ដ្បិតថា សញ្ញាបត្រជំនាញតែមួយមុខមិនគ្រប់គ្រាន់ឡើយសម្រាប់ការប្រកួយប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្នឡើយ។
 
ចំណែកពាក់ព័ន្ធនឹងការជ្រើសរើសសាលា សម្រាប់មន្ត្រីអប់រំរូបនេះ សិស្សានុសិស្សទាំងអស់គួរជៀសវាងជ្រើសយកសាកលវិទ្យាល័យណាមួយ ដោយសារតែមូលហេតុចង់រៀននៅជិតផ្ទះ ចង់រៀនជាមួយមិត្តភក្តិ ឬផ្អែកលើការបង់ថ្លៃសាលា។ សិស្សានុសិស្សទាំងនោះគប្បីព្យាយាមជ្រើសរើសយកសាលាណាដែលមានកេរឈ្មោះ និងផ្តល់ឱ្យនូវកម្មវិធីសិក្សាណាដែលមានគុណភាព បើទោះជាពេលខ្លះត្រូវចំណាយពេលវេលាធ្វើការបន្ថែមដើម្បីរកចំណូលមកបង់ថ្លៃសាលាក៏ដោយ។ នេះជាការលើកឡើងរបស់ លោក វឌ្ឍនា។ 
 
លោកមានប្រសាសន៍បន្ថែមថា៖ «[សិស្សានុសិស្ស] គួររៀនជំនាញអ្វីដែលខ្លួនស្រឡាញ់ រៀនជំនាញអ្វីដែលជាបំណងប្រាថ្នា ហើយកុំងាប់ក្រឡាស្តូកនឹងការរៀនតែមួយមុខ ត្រូវចំណាយពេលដើរទេសចរណ៍ ឬធ្វើការងារសង្គម ឬចូលការងារស្ម័គ្រចិត្តបន្ថែម ទើបគេហៅថាជា មនុស្សមានរសនិយម»។ 
 
ដោយឡែក លោកស្រី ម៉ូលីកា យល់ឃើញថា សិស្សានុសិស្សគួរសិក្សាស្វែងយល់ពីកម្រិតនៃសាកលវិទ្យាល័យទាំងនោះ ដើម្បីអាចដឹងថាពីសមាសភាពសាស្រ្តាចារ្យជំនាញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ភារសិក្សា និងធនធានផ្សេងៗ ដែលជាលក្ខខណ្ឌចម្បងក្នុងការគាំទ្រដល់ការសិក្សារបស់ពួកគេផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com