កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ គ្មានសំបុត្រលក់ឱ្យអ្នកគាំទ្រឡើយ ព្រោះកូវីដ-១៩ រើឡើងវិញ
19, Jan 2022 , 2:17 pm        
រូបភាព
គ្មានសំបុត្រដាក់លក់សម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឡើយ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញដែលបង្កដោយជំងឺកូវីដ-១៩។ ផ្ទុយទៅវិញ អ្នករៀបចំព្រឹត្តិការណ៍នឹងអញ្ជើញអ្នកទស្សនាមួយចំនួនឱ្យចូលរួមការប្រកួតដោយខ្លួនឯង។


«អ្នករៀបចំអូឡាំពិកប៉េកាំង រំពឹងថាអ្នកទស្សនាដែលខ្លួនអញ្ជើញចូលរួមនឹងគោរពចំពោះវិធានការប្រឆាំងជំងឺរាតត្បាតអំឡុងការប្រកួត ដើម្បីឱ្យកម្មវិធីដំណើរការទៅបានដោយសុវត្ថិភាព»។ គណៈកម្មាធិការរៀបចំកីឡារដូវរងា អះអាងដូច្នេះក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧ ខែមករា​ ខណៈព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នឹងមិនមានការលក់សំបុត្រសម្រាប់អ្នកចង់ចួលរួមទស្សនាឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារពត៌មាន AFP។
 
ដំបូងឡើយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អះអាងថានឹងលក់សំបុត្រសម្រាប់តែអ្នកទស្សនាដែលរស់នៅចិនដីគោកប៉ុណ្ណោះ ដើម្បីសុវត្ថិភាព។ ប៉ុន្តែក្រោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងរីករាលដានយ៉ាងលឿននៅជុំវិញពិភលោក រួមទាំងក្នុងប្រទេសចិនផង អ្នករៀបចំក៏សម្រេចមិនលក់សំបុត្រសម្រាប់អ្នកណាម្នាក់វិញ។
 
យ៉ាងណាក៏ដោយ អ្នកទស្សនាមួយចំនួននៅតែត្រូវបានអញ្ជើញឱ្យចូលរួមដោយផ្ទាល់ពីសំណាក់អ្នករៀបចំ។ ចំណាត់ការនេះ បានធ្វើឱ្យប្រជាជនចិនជាច្រើនមិនពេញចិត្តឡើយ។
 
ពួកគេបានបង្ហាញការខកចិត្តលើបណ្តាញសង្គម Weibo ដោយលើកឡើងថាអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកមិនលក់សំបុត្រដល់សាធារណជនព្រោះខ្លាចកូវីដ-១៩ ប៉ុន្តែសំបុត្រត្រូវបានផ្តល់ឱ្យអ្នកដែលពួកគេអញ្ជើញដោយខ្លួនឯងទៅវិញ។
 
កីឡាអូឡាំពិករដូវរងាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-២០ ខែកុម្ភៈ រ៉ាឡាំពិករដូវរងាពីថ្ងៃទី ៤-១៣ ខែមីនា មិនតម្រូវឱ្យអត្តពលិកត្រូវចាក់វ៉ាក់បង្កាជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល២១ថ្ងៃ មុនពេលពួកគេទៅដល់ក្រុងប៉េកាំង៕
 

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com