កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Dortmund ខឹងកូនក្រុមក្រោយធ្លាក់ចេញពី DFB-Pokal Cup
19, Jan 2022 , 4:39 pm        
រូបភាព
គ្រូបង្វឹកក្រុម Borussia Dortmund លោក Marco Rose បង្ហាញអារម្មណ៍ខឹងខ្លាំងបន្ទាប់ក្រុមបានបោះបង់ឱកាសមាសក្នុងការឈ្នះពានរង្វាន់ ក្រោយត្រូវក្រុម St Pauli ទម្លាក់ពីពាន DFB-Pokal ដោយលទ្ធផល ២-១​ ថ្ងៃទី១៩ ខែមករា។



អំឡុងការប្រកួតវគ្គទីមួយ Borussia Dortmund ដែលជាក្រុមការពារតំណែងជើងឯក DFB-Pokal Cup បានរបូតគ្រាប់បាល់២គ្រាប់ មុនពេលខ្សែប្រយុទ្ធ Erling Haaland រកban១គ្រាប់នៅនាទី៥៨។ ប៉ុន្តែ Dortmund នៅតែមិនអាចយកឈ្នះការប្រកួតបានដែលជាហេតុធ្វើឱ្យពួកគេធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមនេះ។
 
នេះជាលើកដំបូងរបស់​ Dortmund ចាប់តាំងពីរដូវកាល ២០០៦-០៧ ដែលមិនអាចឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ DFB-Pokal ។ លោក Rose ចាត់ទុកបរាជ័យនេះ ជាការបាត់បង់ឱកាសដ៏ធំមួយ។


 
«ខ្ញុំខឹងខ្លាំងណាស់។ នេះជាពានរង្វាន់មួយដែលយើងត្រូវការឈ្នះហើយយើងមានប្រវត្តិយ៉ាងល្អជាមួយពានមួយនេះ។ ត្រឹមពេលតែ១០នាទីដំបូងយើងបានរបូតឱកាសឱ្យចាកចេញឆ្ងាយ។»លោក Rose បានប្រាប់ទៅកាន់ទូរទស្សន៍ Sky sports បែបនេះ។
 
លោក Rose ក៏បានលើកពីបញ្ហាទីលានប្រកួតដែលបានផ្តល់លក្ខខណ្ឌអំណោយផលខ្លាំងដល់ក្រុមម្ចាស់ និងបន្ទោសកូនក្រុមធ្វើមិនបានល្អ។ គ្រូបង្វឹករូបនេះអះអាងថា វាពិតជារឿងដ៏ឆ្កួតមួយ។ កាលពីប៉ុន្មាន សប្តាហ៍មុនក្រុមធ្វើបានល្អខ្លាំង ប៉ុន្តែលើកនេះបែរជាធ្លាក់ចេញពីពានរង្វាន់សំខាន់ទៅវិញ៕
 
 
 

Tag:
 Borussia Dortmund
  DFB-Pokal
  Marco Rose
© រក្សាសិទ្ធិដោយ thmeythmey.com