កីឡាអន្តរជាតិ
អន្តរជាតិ
លោកTuchel ថា កីឡាករ Chelsea កំពុងអស់កម្លាំងទាំងផ្លូវចិត្តនិងផ្លូវកាយ
19, Jan 2022 , 9:29 pm        
រូបភាព
លោក Thomas Tuchel និយាយនៅថ្ងៃទី១៩ខែមករាថា កីឡាករក្រុម Chelsea កំពុងតែអស់កម្លាំងខ្លាំងណាស់ទាំងផ្លូវចិត្តនិងផ្លូវកាយ បន្ទាប់ពីប្រកួតស្មើជាមួយក្រុម Brighton & Hove Albion ដោយលទ្ធផល ១-១ ។


ក្រុមតោខៀវបានបើកការនាំមុខលើក្រុមម្ចាស់ផ្ទះ Brighton ១គ្រាប់នាទី២៨ ដោយកីឡាករ Hakim Ziyech។ ប៉ុន្តែរហូតដល់វគ្គទីពីរ កីឡាករ Adam Webster តែតបាល់តាមស្មើ ១-១។ បច្ចុប្បន្ន Chelsea កំពុងតែមានគម្លាតពិន្ទុឃ្លាតឆ្ងាយពីក្រុមកំពូលតារាង Manchester City រហូតដល់ទៅ១២ពិន្ទុ។
 
ត្រឹមរយៈពេលតែ២១ថ្ងៃ តោខៀវ ប្រកួតរហូតដល់ទៅ៧ដងដោយគ្មានពេលសម្រាក។ លោក Tuchel ថាកីឡាករពេលនេះកំពុងតែអស់កម្លាំងយ៉ាងខ្លាំងនឹងត្រូវការពេលសម្រាក។


 
«យើងពិតជាហត់អស់កម្លាំងខ្លាំងណាស់ ហើយត្រូវលេងទល់ក្រុមខ្លាំងដែលបានត្រៀមខ្លួនយ៉ាងល្អដូច Brighton។ យើងមានការប្រកួតច្រើនជាប់គ្នាដ៏មមារញឹកគ្មានពេលសម្រាក ហើយពួកយើងអស់កម្លាំងកាយនិងកម្លាំងចិត្តពេលនេះ។» លោក Tuchel ប្រាប់វិទ្យុ BBC Radio 5 Live បែបនេះ។
 
ទោះបីជាបែបនេះក្តី គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ក៏ ស្នើសុំឱ្យកីឡាករឱ្យសម្រាកបានគ្រប់គ្រាន់សម្រាប់ប្រមូលកម្លាំងដើម្បីត្រៀមហ្វឹកហាត់ប្រកួតទល់ Tottenham Hotspurs ក្នុងកីឡដ្ឋាន Stamford Bridge ថ្ងៃទី២៣ ខែមករា។
 
លោក Thomas Tuchel ក៏បានអះអាងបន្ថែមថា លោកសម្រេចឱ្យកីឡាករសម្រាក១អាទិត្យពេញអំឡុងការប្រកួតអន្តរជាតិ៕
 
 
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com