ជាតិ
សង្គមជាតិ
NGO ចំនួន​៧ធ្វើយុទ្ធនាការរួមគ្នា១ខែដើម្បីផ្សព្វផ្សាយព័ត៌មានមណ្ឌលសុខភាព និងសាលារៀនដល់ពលរដ្ឋ
19, Jan 2022 , 9:59 pm        
រូបភាព
អង្គការក្រៅរដ្ឋាភិបាល (NGO) សរុបចំនួន៧ នៅក្នុងរាជធានីភ្នំពេញ និងបតាមណ្តាខេត្តមួយចំនួន បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) រយៈពេល១ខែលើបណ្តាញសង្គម ដោយផ្តោតលើ «សិទ្ធិ ស្ដង់ដារ, ការបំពេញការងារ, ថវិការបស់មណ្ឌលសុខភាព និងថវិកានៅសាលារៀន»។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ (FHI360) អង្គការទាំង៧ សុទ្ធតែជាដៃគូអនុវត្តគម្រោង ដែលជាដៃគូរអនុវត្តរបស់គម្រោងការច្នែប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា ហៅកាត់ថា (ISAC ) ហើយយុទ្ធនាការ I4C ចាប់ផ្តើមអនុវត្តពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
 
អង្គការទាំងនោះស្ថិតនៅតំបន់គោលដៅចំនួន៦ខេត្ត ៧ក្រុង និង៥១សង្កាត់ ដែលមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពត កណ្តាល កំពង់ឆ្នាំង និងភ្នំពេញ។
 
បើតាម លោក ទន់ យូហៀង មន្ត្រីជំនាញគណនេយ្យភាពសង្គមនៃអង្គការនៃអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ (FHI360 ) បានថ្លែងឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) នេះ គឺតែងតែធ្វើឡើងនៅរៀងរាល់ខែមករា ដល់ ខែមិនា ប៉ុន្តែ យុទ្ធនាការតាមប្រព័ន្ធបណ្តាញសង្គម នេះគឺមានរយៈពេល១ខែប៉ុណ្ណោះ។  ក្រៅពីនោះ អង្គការដៃគូថ្នាក់ខេត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នឹងចុះធ្វើការផ្សព្វផ្សាយផ្ទាល់់តែម្តង ទៅដល់ពលរដ្ឋនៅតាមទីប្រជុំជន និងវត្តអារាមជាដើម។


 
លោកបន្ថែមថា ៖«យើងធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឲ្យដើម្បីលោកបានយល់ និងអាចប្រើប្រាស់ ព័ត៌មានអំពីសិទ្ធិរបស់ពលរដ្ឋ សេវាសាធារណៈ ស្តង់ដារសេវា និងការបើកចំហថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសសកម្មចូលរួម ក្នុងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់សេវានៅមូលដ្ឋាន។ យើងរំពឹងទុកថា បន្ទាប់ពីប្រជាពលរដ្ឋទទួលបានព័ត៌មានទំាងនេះ ពួក​គាត់​នឹងសកម្មចូលរួមក្នុងការពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និង ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន»។
 
មន្ត្រីជំនាញ FHI360 មានជំនឿថា លោកថា គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារ គណនេយ្យភាពសង្គម នឹង លើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ភូមិក្នុងតំបន់គោលដៅ ជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com