អន្តរជាតិ
ប្រមុខការទូតអាល្លឺម៉ង់ប្រាប់សមភាគីរុស្ស៊ី៖ ការប្រមូលផ្តុំទ័ពក្បែរព្រំដែនអ៊ុយក្រែន ជារឿងមិនសមហេតុផល
19, Jan 2022 , 5:59 pm        
រូបភាព
លោក  Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock។ រូបភាព៖ AFP
លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock។ រូបភាព៖ AFP
ការប្រមូលផ្តុំទ័ពពីសំណាក់រុស្ស៊ីជាង១០ម៉ឺននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន មិនមានហេតុផលសមរម្យឡើយ ហើយនោះ ជាការគំរាមកំហែង។ លោកស្រី Annalena Baerbock រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ និយាយច្បាស់ៗបែបនេះចំពោះមុខសមភាគីរុស្ស៊ី។ លោកស្រីបន្ថែមថា អឺរ៉ុប នឹងមិនមានសន្តិសុខឡើយ ប្រសិនបើគ្មានវិធានការសម្រាប់ប្រទេសនីមួយៗគោរពតាមទេនោះ។

 
បន្ទាប់ពីទស្សនកិច្ចនៅទីក្រុងកៀវ ប្រមុខការទូតអាល្លឺម៉ង់ Annalena Baerbock បានបន្តទស្សនកិច្ចនៅក្រុងមូស្គូនៅថ្ងៃទី១៨ ខែមករា ដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ជុំវិញវិបត្តិនៅអ៊ុយក្រែន។ លោកស្រី Baerbock បានរិះគន់សកម្មភាពរុស្ស៊ីដែលធ្វើឱ្យអ៊ុយក្រែនបារម្ភ។
 
«ការពង្រាយទ័ពរបស់រុស្ស៊ី នៅក្បែរអ៊ុយក្រែន មិនមានហេតុផលសក្តិសមឡើយ»។ លោកស្រី Baerbock ថ្លែងបែបនេះក្រោយជំនួបជាមួយលោក Lavrov ដោយបន្ថែមថា វាពិបាកណាស់ បើមិនចាត់ទុកការប្រមូលផ្តុំទ័ពនោះ ជាការគំរាមកំហែង។ កន្លងមក រុស្ស៊ី បានការពារការប្រមូលផ្តុំទ័ពខ្លួនក្បែរព្រំដែនអ៊ុយក្រែនថា បង្ការការហានិភ័យជាច្រើនពីអ៊ុយក្រែន និងសកម្មភាពរករឿងពីសំណាក់នាវាចម្បាំងអាម៉េរិកនៅក្នុងសមុទ្រខ្មៅ។
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រមុខការទូតអាល្លឺម៉ង់ បានបន្តថា សន្តិសុខនៅលើដែនដីអឺរ៉ុប នឹងមិនមានឡើយ ប្រសិនបើមិនមានវិធានការមួយចំនួន សម្រាប់ឱ្យប្រទេសនីមួយៗ គោរពតាម។ លោកស្រី Baerbock បានព្រមានថា អាល្លឺម៉ង់គ្មានជម្រើសឡើយ ក្រៅពីតាមដានស្ថានការណ៍ បើទោះត្រូវខាតបង់តម្លៃសេដ្ឋកិច្ចខ្ពស់ក៏ដោយ។ 
 
ក្នុងន័យនេះ អាល្លឺម៉ង់ អាចនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើការឈ្លានពានណាមួយកើតឡើងលើអ៊ុយក្រែន។ លោកស្រី ក៏អំពាវនាវឱ្យមានកិច្ចចរចាចតុភាគី Normandy ដែរ។ កិច្ចចរចាទម្រង់ Normandy បានចាប់ផ្តើមឡើង ក្នុងឆ្នាំ២០១៤ នៅពេលដែលរុស្ស៊ី​ឈ្លានពានអ៊ុយក្រែនលើកដំបូង។ 
 
ជាការឆ្លើយតប សមភាគីរុស្ស៊ី លោក Lavrov បានយល់ថា កិច្ចចរចា បានបង្ហាញពីភាពយឺតយ៉ាវ។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានជំរុញឱ្យអាល្លឺម៉ង់ ដាក់សម្ពាធលើអ៊ុយក្រែនផងដែរដើម្បីឱ្យរដ្ឋាភិបាលប្រទេសមួយនេះ គោរពតាមកិច្ចចរចាដែលមានពីមុនមក។ 
 
ស្របគ្នានឹងដំណើរទស្សនកិច្ចខាងលើ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានព្រមានថា អាល្លឺម៉ង់ អាចផ្អាកគម្រោង Nord Stream 2 ដែលជាគម្រោងបំពង់នាំឧស្ម័នធម្មជាតិមកលក់នៅប្រទេសអឺរ៉ុប ប្រសិនបើរុស្ស៊ី ហ៊ានឈ្លានពានអ៊ុយក្រែន។ នេះមិនមានជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលក្រុងបែរឡាំង ព្រមានលើក្រុងមូស្គូ ជុំវិញគម្រោង Nord Stream 2។ 
 
គួររំលឹកថា ក្នុងទស្សនកិច្ចនៅទីក្រុងកៀវ លោកស្រី Baerbock ប្រកាសថា អាល្លឺម៉ង់ នឹងធ្វើគ្រប់យ៉ាងក្នុងការធានាសន្តិសុខអ៊ុយក្រែន។ រាល់ការវាយប្រហារលើអ៊ុយក្រែន នឹងនាំឱ្យមានផលវិបាកធ្ងន់លើប្រទេសឈ្លានពាន៕ 
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com