អន្តរជាតិ
សមាជិកសភាអាម៉េរិក ទាមទារឱ្យ UN បង្ហាញរបាយការណ៍ស្តីពីសិទ្ធិជនជាតិវីហ្គ័រ មុនអូឡាំពិកប៉េកាំង
19, Jan 2022 , 10:29 pm        
រូបភាព
វិហារឥស្លាមមួយកន្លែងក្នុងទីក្រុង Urumqi ក្នុងខេត្តស៊ីនជាំង។ រូបថត AFP
វិហារឥស្លាមមួយកន្លែងក្នុងទីក្រុង Urumqi ក្នុងខេត្តស៊ីនជាំង។ រូបថត AFP
ដោយ:
សមាជិកសភាអាម៉េរិក នៅថ្ងៃទី១៨ ខែមករា ជំរុញឱ្យការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បញ្ចេញការវាយតម្លៃលើគោលនយោបាយរបស់ចិននៅតំបន់ស៊ីនជាំង មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងចាប់ផ្តើមនៅខែក្រោយនេះ។

 
ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) កាលពីខែធ្នូ ឆ្នាំ២០២១ អះអាង ថា ខ្លួនកំពុងបញ្ចប់របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។ របាយការណ៍នេះ ត្រូវរំពឹងថា នឹងចេញផ្សាយក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈមន្រ្តី UN នៅតែមិនអាចទៅដល់ស៊ីនជាំងបាន។
 
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ត្អូញត្អែរថា មន្រ្តីការិយាល័យរបស់លោកស្រីមិនអាចចូលទៅកាន់តំបន់ភាគខាងលិចចិនដើម្បីស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភសិទ្ធិប្រឆាំងនឹងជនភាគតិចវីហ្គ័រ និងក្រុមជនភាគតិចមូស្លីមផ្សេងទៀតបានទេ។
 
នៅថ្ងៃទី១៨ ខែមករា សមាជិកព្រឹទ្ធសភាអាម៉េរិក Jeff Merkley និងសមាជិកសភាតំណាង James McGovern ដែលជាប្រធាន និងជាសហប្រធានគណៈកម្មការប្រតិបត្តិសភាអាម៉េរិកទៅលើចិន បានសរសេរសំបុត្រសាធារណៈមួយទៅកាន់លោកស្រី Bachelet។ សារនេះសុំឱ្យលោកស្រី Bachelet ចេញរបាយការណ៍ទាក់ទិននឹងសិទ្ធិជនជាតិវីហ្គ័រ   មុនអូឡាំពិកប៉េកាំងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ។
 
«របាយការណ៍នេះនឹងផ្ញើរសាររំលឹកដ៏សំខាន់មួយថា គ្មានប្រទេសណាដែលពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអាចគេចផុតពីការត្រួតពិនិត្យជាអន្តរជាតិបាននោះទេ»។ លោក Merkley និង លោកMcGovern បញ្ជាក់បែបនេះ។
 
ជុំវិញរឿងនេះ លោកស្រី Bachelet ចាប់ផ្តើមចរចាលក្ខខណ្ឌនៃដំណើរទស្សនកិច្ចនៅតំបន់ស៊ីនជាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨  មកម្ល៉េះ ស្របពេលមានការចោទប្រកាន់លេចឡើងថា ជនជាតិវីហ្គ័រប្រហែល១លាននាក់ត្រូវបានឃុំខ្លួននៅក្នុងជំរុំឃុំឃាំងដ៏ធំ។ ថ្វីបើយ៉ាងនេះក្តី ចិនបដិសេធការចោទប្រកាន់នេះ ហើយអះអាងថា ជំរុំនេះបង្កើតឡើងសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីទប់ស្កាត់សាសនាជ្រុលនិយម។
 
អាម៉េរិក និងសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀត រួមមានអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន និងដាណឺម៉ាក កន្លងមកបានប្រកាសថា នឹងមិនបញ្ជូនប្រតិភូការទូតផ្លូវការឱ្យចូលរួមការប្រកួតកីឡាអូឡាំពិកនៅចិនឡើយដើម្បីតវ៉ាទៅលើស្ថានភាពសិទ្ធិមនុស្សនៅចិន៕
 
 
 
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com