អន្តរជាតិ
លោកស៊ី ជីនភីង៖ បក្សកុម្មុយនីស្តចិន នឹងបន្តអនុវត្តគោលការណ៍មិនលើកលែងចំពោះអំពើពុករលួយ
19, Jan 2022 , 5:22 pm        
រូបភាព
លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍បក្សកុម្មុយនីស្តចិនទទួលបន្ទុកការតួ្រតពិនិត្យវិន័យ នៅថ្ងៃទី១៨ ខែមករា។ រូបភាព៖ Xinhua
លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍បក្សកុម្មុយនីស្តចិនទទួលបន្ទុកការតួ្រតពិនិត្យវិន័យ នៅថ្ងៃទី១៨ ខែមករា។ រូបភាព៖ Xinhua
បក្សកុម្មុយនីស្តចិន នឹងបន្តអនុវត្តគោលការណ៍មិនលើកលែងចំពោះអំពើពុករលួយ។ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មការវិន័យបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៨ ខែមករា។ បើតាមលោក ស៊ី វាពិតជាសំខាន់ណាស់សម្រាប់បក្សកុម្មុយនីស្តចិន ក្នុងការរក្សាការតម្រង់ទិសដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកិច្ចខិតខំប្រឆាំងអំពើពុករលួយ។

 
គណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យរបស់បក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ដោយមានវត្តមានលោ កស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចូលរួមផង។ ក្នុងថ្ងៃចាប់ផ្តើមកិច្ចប្រជុំ លោកស៊ី បានអំពាវនាវឱ្យសមាជិកបក្សកុម្មុយនីស្តចិនខិតខំ ក្នុងការអនុវត្តអភិបាលកិច្ចឱ្យបានពេញលេញ និងម៉ត់ចត់ចំពោះបក្ស។ 
 
«បក្សកុម្មុយនីស្តចិន នឹងបន្តអនុវត្តពីគោលការណ៍មិនលើកលែងសម្រាប់អំពើពុករលួយ»។ លោក ស៊ី ដែលជាប្រធានាធិបតីចិនដែរនោះ បានបញ្ជាក់បែបនេះ ដោយបន្ថែមថាការប្រឈមមុខរវាងការប្រឆាំងអំពើពុករលួយ និងការប្រព្រឹត្តអំពើពុករលួយ នៅតែបន្តកើតឡើង និងបានចូលទៅក្នុងបរិបទថ្មី។ 
 
ក្នុងន័យនេះ មេដឹកនាំចិន យល់ឃើញថា ការរក្សាការតម្រង់ទិសនយោបាយ គឺពិតជាសំខាន់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជាកិច្ចខិតខំក្នុងការបង្កើតយុទ្ធនាការប្រឆាំងអំពើពុករលួយ ការពង្រឹងវិធានការទប់ស្កាត់ និងការបង្កើតសីលធម៌ ក្នុងការប្រឆាំងនឹងអំពើពុយរលួយ។ បើតាមលោក ស៊ី បក្សកុម្មុយនីស្តចិន នៅតែប្រឈមកិច្ចការដ៏លំបាក ដើម្បីឆ្លើយតបអំពើពុករលួយដែលមានលក្ខណៈប្រុងប្រយ័ត្នខ្ពស់, លុបចោលឱកាសសម្រាប់អនុវត្តសកម្មភាពមិនល្អ, លុបបំបាត់អំពើពុករលួយជាប្រព័ន្ធ និងកាត់បន្ថយហានិភ័យមួយចំនួន។ 
 
តាមទិន្នន័យគណៈកម្មការនេះ ករណីចំនួន ៤៧ម៉ឺន ត្រូវបានបើកការស៊ើបអង្កេត ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ដោយក្នុងនោះមន្រ្តីចំនួន៤១៤០០០នាក់ រួមបញ្ចូលមន្រ្តីថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្រ្តី២២រូប ត្រូវបានពិន័យចំពោះការប្រព្រឹត្តអំពើពុករលួយនោះ។ 
 
ទាក់ទិននឹងការប្រពឹ្រត្តអំពើពុករលួយនេះ លោក ស៊ី បានជំរុញមន្រ្តីចិន ជាពិសេសមន្រ្តីជាន់ខ្ពស់ កែលម្អការយល់ដឹង និងសមត្ថភាព ក្នុងការប្រឆាំងអំពើពុករលួយ និងការប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ។ លោក ស៊ី បានចាត់ទុកមន្រ្តីចិន និងមន្រ្តីជាន់ខ្ពស់ចិន ជាបុគ្គលគំរូសម្រាប់ប្តីប្រពន្ធ និងកូន និងត្រូវចៀសឆ្ងាយពីការប្រព្រឹត្តកំហុស។ 
 
គួររំលឹកថា ចាប់តាំងចុងឆ្នាំ២០១២ នៅពេលលោកស៊ី ក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ចិនបានអនុវត្តយុទ្ធនាការប្រឆាំងការប្រព្រឹត្តអំពើពុករលួយ និងប្តេជ្ញាបង្រ្កាបលើទាំងលើមន្រ្តីមានអំណាច និងមន្រ្តីថ្នាក់តំបន់។ កន្លងមកមនុស្សច្រើនជាង ១០ម៉ឺននាក់ រួមទាំងមន្រ្តីជាន់ខ្ពស់ បានរងបទចោទប្រព្រឹត្តអំពើពុករលួយនៅចិន៕
 

Tag:
 ចិន
  បក្សកុម្មុយនីស្តចិន
© រក្សាសិទ្ធិដោយ thmeythmey.com