អន្តរជាតិ
លោក បៃឌិន ថា មិនទាន់ដល់ពេលត្រូវបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីចិនឡើយ
20, Jan 2022 , 4:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងនៅថ្ងៃទី១៩ ថា វាឆាប់ពេកក្នុងការសម្រេចចិត្ត​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​នាំចូលពីចិននៅពេលនេះ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai កំពុង​ធ្វើការលើរឿងមួយនេះ។

 
«ពួកគេ (ចិន) បានសម្រេចតាមការប្តជ្ញាចិត្តរបស់​ពួកគេមួយ​ចំនួន​ដែលនេះអាចត្រួសត្រាយ​ផ្លូវសម្រាប់​ការ​បន្ធូរ​បន្ថយមួយចំនួន។ ក៏ប៉ុន្តែពួកយើងមិនទាន់ឈានដល់ការសម្រេចចិត្តយ៉ាងនោះឡើយ»។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានដោយសំដៅ​ការប្តេជ្ញាចិត្តរបស់ទី​ក្រុងប៉េកាំង​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាអំឡុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។
 
កិច្ចព្រមព្រៀងដំណាក់កាលទី១ នេះ ជាលទ្ធផលនៃការចរចារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ពេលលោក ត្រាំ ត្អូញត្អែរពីអតុល្យភាពជញ្ជីងពាណិជ្ជកម្មទ្វេភាគីដែលផ្អៀងទៅកាន់ចិន។ យ៉ាងណាមិញ ការអនុវត្តដោយចិន ត្រូវមើលឃើញថា​ មិនទាន់សមស្របនៅឡើយ ហើយចិនក៏ឃ្លាតឆ្ងាយពីការសន្យារបស់ខ្លួនក្នុងការទិញទំនិញ និងសេវាកម្មរបស់អាម៉េរិកក្នុងចំនួន២០០ពាន់លានដុល្លារអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១។ 
 
បន្ថែមពីនេះ យោងតាមទិន្នន័យរបស់វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ ការទិញរបស់ចិន សម្រាប់បានប្រហែលតែ៦០ភាគរយនៃគោលដៅប៉ុណ្ណោះបើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ 
 
អំឡុងសន្និសីទខាងលើ មេដឹកនាំអាម៉េរិក អះអាងថា លោកដឹងពីតម្រូវការរបស់អាជីវកម្មអាម៉េរិក​មួយចំនួន​ដែលចង់ឱ្យមានការចាប់ផ្តើមបន្ធូរបន្ថយពន្ធអាម៉េរិករហូតដល់២៥ភាគរយលើការនាំចូលរបស់ចិន​ដែលមាន​តម្លៃរាប់រយពាន់លានដុល្លារ។ លោក បៃឌិន ក៏ប្រកាសថា ហេតុដូច្នេះហើយទើប​តំណាងពាណិជ្ជកម្មអាម៉េរិកKatherine Tai កំពុងតែសិក្សាលើរឿងមួយនេះបន្ថែមទៀត៕
 
 
 

Tag:
 ចិន​
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com