អន្តរជាតិ
ប្រធាន World Bank រិះគន់ Microsoft ដែលទិញក្រុមហ៊ុនហ្គេមតម្លៃ៧៥ពាន់លានដុល្លារ
20, Jan 2022 , 8:29 pm        
រូបភាព
លោក David Malpass ប្រធានធនាគារពិភពលោក។ រូបភាព៖ AFP
លោក David Malpass ប្រធានធនាគារពិភពលោក។ រូបភាព៖ AFP
ប្រធានធនាគារពិភពលោក (WB) David Malpass នៅថ្ងៃទី១៩ ខែមករា បានរិះគន់ក្រុមហ៊ុន Microsoft ដែលទិញក្រុមហ៊ុនអភិវឌ្ឍហ្គេមមួយក្នុងតម្លៃ ៧៥ពាន់លានដុល្លារ។ លោក Malpass រិះគន់ ក៏ព្រោះក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រមួយនេះ ផ្តល់ជំនួយទៅប្រទេសក្រីក្រប្រមាណ២៤ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំកន្លងមក។

 
ក្រុមហ៊ុន Microsoft បានយល់ព្រមទិញក្រុមហ៊ុន Activision Blizzard ដែលអភិវឌ្ឍហ្គេមដ៏ល្បីឈ្មោះរួមាន Call of Duty ក្នុងទំហំ៧៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងទិញក្រុមហ៊ុនហ្គេមមួយនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានធនាគារពិភពលោក លោក David Malpass ។ 
 
«ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកនេះ ដោយសារការវិនិយោគក្រុមហ៊ុន Microsoft ចំនួន ៧៥ពាន់លានដុល្លារក្នុងក្រុមហ៊ុនអភិវឌ្ឍហ្គេម»។ លោក Malpass បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា យ៉ាងណាមិញ ក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រមួយនេះ បានផ្តល់ជំនួយត្រឹមតែ២៤ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល៣ឆ្នាំទៅប្រទេសក្រីក្រ។ 
 
ក្នុងវេទិកាមួយរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson លោក Malpass បានលើកឡើងថា ប្រទេសក្រីក្រត្រូវការលំហូរធនធានជាច្រើន ប៉ុន្តែវាត្រូវបានបង្អាក់ដោយគោលនយោបាយរូបិយវត្ថុនៅក្នុងប្រទេសអភិវឌ្ឍ។ ក្នុងន័យនេះ ប្រមុខធនាគារពិភពលោក បានជំរុញឱ្យមានលំហូរធនធានបន្ថែមទៀតទៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
 
ទន្ទឹមនោះ លោក Malpass ក៏បានអំពាវនាវទៅក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ជួយបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រផងដែរ ស្របពេលជំងឺកូវីដ-១៩ នៅតែបន្តរីកសាយលើពិភពលោក។ នៅដំណាច់ឆ្នាំ ២០២១ គំនិតផ្តួចផ្តើមផ្អាកការបង់ប្រាក់កម្ចី (DSSI) នឹងត្រូវផុតកំណត់ ដោយប្រទេសក្រីក្រ ត្រូវបង់បំណុលក្នុងទំហំទឹកប្រាក់ចំនួន៣៥ពាន់លានដុល្លារឡើងវិញ។ 
 
គំនិតផ្តួចផ្តើមផ្អាកការបង់ប្រាក់កម្ចីសម្រាប់ប្រទេសក្រីក្រ ធ្វើឡើងដើម្បីជួយប្រទេសក្រីក្រ ក្នុងការប្រមូលផ្តុំធនធានរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល និងជួយសង្រ្គោះជីវិតប្រជាជនខ្លួនជាច្រើនលាននាក់។ តាមទិន្នន័យធនាគារពិភពលោក ប្រទេសចំនួន ៧៣ ស្ថិតក្នុងគំនិតផ្តួចផ្តើមផ្អាកការបង់ប្រាក់កម្ចីនេះ៕ 
 

Tag:
 WB
  Microsoft
© រក្សាសិទ្ធិដោយ thmeythmey.com