អន្តរជាតិ
ចិនថា យោធាខ្លួនព្រមាននាវាចម្បាំងអាម៉េរិកឱ្យចេញពីដែនទឹកនៅសមុទ្រចិនខាងត្បូង តែត្រូវអាម៉េរិកបដិសេធ
20, Jan 2022 , 5:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
យោធាចិន បានដេញតាម និងបញ្ជាឱ្យនាវាចម្បាំងអាម៉េរិក ដែលចូលក្នុងដែនទឹកក្បែរប្រជុំកោះបារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូង ចេញពីដែនទឹកនោះ។ យោធាចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែមករា។ យ៉ាងណាមិញ ការអះអាងរបស់ចិន ត្រូវបានអាម៉េរិកបដិសេធ និងអះអាងថា នាវាខ្លួនប្រតិបត្តិក្នុងសមុទ្រអន្តរជាតិ។

 
បញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ថា នាវាពិឃាដអាម៉េរិក USS Benfold បានចូលមកក្នុងដែនទឹកចិនដោយខុសច្បាប់ គ្មានការអនុញ្ញាត និងបំពានអធិបតេយ្យចិន។ កម្លាំងទ័ពអាកាស និងជើងទឹករបស់ចិន បានតាមដាននាវាអាម៉េរិកនោះដែរ។ 
 
«យើងទាមទារភាគីអាម៉េរិកបញ្ឈប់សកម្មភាពបង្ករឿង»។ បញ្ជាការដ្ឋានភូមិភាគខាងត្បូងរបស់ចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា បើមិនដូច្នោះទេ អាម៉េរិកនឹងរងផលវិបាកធ្ងន់ធ្ងរ ដោយសារតែព្រឹត្តិការណ៍មិនអាចដឹងទុកមុន។ 
 
យ៉ាងណាមិញ អាម៉េរិក បានច្រានចោលការអះអាងរបស់ចិន និងការពារថា នាវាចម្បាំង USS Benfold មិនត្រូវបានព្រមានឱ្យចេញពីដែនទឹកឡើយ។ បើតាមលោក Mark Langford អ្នកនាំពាក្យកងកម្លាំងនាវាចរណ៍ទី៧ ដែលជាផ្នែកមួយនៃកម្លាំងទ័ពជើងទឹកអាម៉េរិកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានលើកឡើងថា សេចក្តីថ្លែងការណ៍ចិនពីបេសកកម្ម USS Benfold គឺខុសពីការពិត និងសំអាងថា អាម៉េរិក ធ្វើឡើងក្រោមការប្តេជ្ញាការពារសេរីភាពនៃនាវាចរណ៍។ 
 
ទន្ទឹមនោះ នាវាចម្បាំង USS Benfold នៅតែបន្តធ្វើប្រតិបត្តិបេសកកម្មរបស់ខ្លួននៅក្នុងសមុទ្រអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ។ 
 
កន្លងទៅចិន បានបង្កើតមូលដ្ឋានយោធានៅលើកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្ម និងជាកន្លែងសម្បូរធនធានធម្មជាតិ រួមទាំងត្រីជាច្រើន។ ប្រជុំកោះបារ៉ាសែល គឺជាប្រជុំកោះមួយ ដែលត្រូវបានទាមទារដោយ វៀតណាម និងគ្រប់គ្រងដោយចិន ក្នុងរយៈពេលជាង ៤៦ឆ្នាំមកហើយ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com