អន្តរជាតិ
អាម៉េរិក៖ ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន អាចធ្វើឱ្យអឺរ៉ុបបែកជាពីរដូចក្នុងសង្រ្គាមត្រជាក់
21, Jan 2022 , 10:31 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ថ្លែងសុន្ទរកថានៅក្នុងទីក្រុងបែរឡាំង អាល្លឺម៉ង់។ រូបភាព៖ Twitter-រដ្ឋមន្រ្តីការបរទេសអាម៉េរិក
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ថ្លែងសុន្ទរកថានៅក្នុងទីក្រុងបែរឡាំង អាល្លឺម៉ង់។ រូបភាព៖ Twitter-រដ្ឋមន្រ្តីការបរទេសអាម៉េរិក
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២០ ខែមករា បានលើកឡើងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អាចរុញឱ្យអឺរ៉ុបបែកបាក់ជាពីរ ដូចដែលធ្លាប់កើតមានកាលពីសង្រ្គាមត្រជាក់។ ការព្រមានរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនជំនួបជាមួយសមភាគីរុស្ស៊ីនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

 
ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប បញ្ហាអ៊ុយក្រែន បានក្លាយជារបៀបវារៈដ៏សំខាន់សម្រាប់រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន យកទៅជជែកជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ស្កាត់សកម្មភាពរុស្ស៊ី និងស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី។ មុនជួបរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្រុងហ្សឺណែវ លោក ប្លីងខិន បានព្រមានថា ការអនុញ្ញាតឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន នឹងនាំឱ្យមានវាំងននដែកខណ្ឌចែកអឺរ៉ុប និងបំបែកអាល្លឺម៉ង់ជាថ្មី។ 
 
«ការអនុញ្ញាតឱ្យរុស្ស៊ីបំពានគោលការណ៍ទាំងនេះ ជាមួយនិទណ្ឌភាព នឹងនាំឱ្យយើងត្រលប់ទៅវេលាដែលគ្រោះថ្នាក់ និងអស្ថិរភាព»។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ទ្វីបអឺរ៉ុប ទីក្រុងបែរឡាំង នឹងត្រូវបែងចែកជាពីរ។
 
ក្នុងសុន្ទរកថាពីបណ្ឌិត្យសភាវិទ្យាសាស្រ្ត Berlin-Brandenburg លោក ប្លីងខិន យល់ឃើញថា ជម្លោះមួយនេះ គឺធំជាងជម្លោះរវាងប្រទេសពីរ ឬរុស្ស៊ីជាមួយណាតូ ហើយវានឹងជះឥទ្ធិពលដល់ពិភពលោកទាំងមូល ដែលនេះទាមទារឱ្យមានការយកចិត្តទុកដាក់ពីប្រទេសទាំងអស់។ សម្រាប់រដ្ឋមន្រ្តីការបរទេសអាម៉េរិក វាមានដំណោះស្រាយមួយចំនួន ដែលអាម៉េរិក រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប អាចបង្កើនតម្លាភាព កាត់បន្ថយហានិភ័យ ការគ្រប់គ្រងអាវុធ និងកសាងទំនុកចិត្តជាមួយគ្នា។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្លីងខិន ក៏បានជួបជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី Annalena Baerbock ផងដែរ។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រមុខការទូតអាម៉េរិក បានបញ្ជាក់ថា អាម៉េរិក បានពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត ពីចំណាត់ការដែលត្រូវដាក់ចេញនៅចំពោះមុខរុស្ស៊ី។ បើតាមលោក ប្លីងខិន សាមគ្គីភាពបានផ្តល់ឱ្យអាម៉េរិកកម្លាំងចិត្តដែលរុស្ស៊ីមិនអាចប្រៀបបាន និងមិនអាចបំបែកបំបាក់បាន។ 
 
ជាមួយគ្នាដែរ លោកប្លីងខិន បានប្តេជ្ញាថា ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov នាក្រុងហ្សឺណែវ លោកនឹងតំណាងឱ្យគំនិតរបស់សម្ព័ន្ធមិត្ត ដើម្បីស្វែងរកមធ្យោបាយការទូត និងឈានទៅដល់ការកាត់បន្ថយជម្លោះ។ 
 
សូមបញ្ជាក់ ប្រទេសលោកខាងលិច និងរុស្ស៊ី នៅតែបន្តខ្វែងគំនិតគ្នាជុំវិញ បញ្ហាការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ​។ ការប្រមូលផ្តុំទ័ពជាង ១០ម៉ឺននាក់​នៅក្បែរព្រំដែនអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានធ្វើឱ្យបណ្តាប្រទេសអឺរ៉ុប និងអាម៉េរិក រិះគន់យ៉ាងខ្លាំង រួមទាំងព្រមានដាក់ទណ្ឌកម្មដ៏ធ្ងន់ថែមទៀត៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com