អន្តរជាតិ
ចិន និងរុស្ស៊ីរារាំងការព្យាយាមរបស់អាម៉េរិកនៅ UN លើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង
21, Jan 2022 , 11:57 am        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ចិន និងរុស្ស៊ី បានរារាំងកិច្ចខិតខំរបស់អាម៉េរិកនៅអង្គការសហប្រជាជាតិ (UN) ដើម្បីដាក់ទណ្ឌកម្ម​ជនជាតិកូរ៉េខាងជើងចំនួន៥នាក់ បន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង​មីស៊ីលចំនួន៤ដង​នៅ​ដើមឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់របស់អ្នកការទូតនានានៅថ្ងៃទី២០​​ ខែមករា។ អាម៉េរិក បានដាក់ទណ្ឌកម្មជាឯកតោភាគីលើកូរ៉េខាងជើងរួចហើយ។

 
កាលពីសប្ដាហ៍មុន អាម៉េរិកបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាឯកតោភាគីដែលរួមមាន ជនជាតិ​កូរ៉េខាងជើង៥នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយដែលគាំទ្រ និងទិញអាវុធពីចិន និងរុស្ស៊ី​សម្រាប់គាំទ្រកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ បន្ថែមពីនេះ អាម៉េរិក ក៏បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ឱ្យ​ដាក់​ទណ្ឌកម្មដោយបង្កកទ្រព្យធនបុគ្គលចំនួន៥ក្នុងចំណោមបុគ្គលខាងលើផងដែរ។
 
យ៉ាងណាមិញ នៅថ្ងៃទី២០ ខែមករាចិន និងរុស្ស៊ីបានរាំងខ្ទប់សំណើរបស់អាម៉េរិកក្នុងការដាក់​ទណ្ឌកម្ម​ខាងលើនេះ។ បើតាមប្រភពអ្នកការទូតនៅ UN ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ចិន បានប្រាប់​ក្រុម​ប្រឹក្សាសន្តិសុខថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាពីការដាក់ទណ្ឌកម្ម រីឯរុស្ស៊ីវិញបាន សង្កត់ធ្ងន់ថា ព័ស្តុតាងបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីគាំទ្រសំណើរបស់អាម៉េរិក។
ការជំទាស់របស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូខាងលើបានកើតឡើង មុនពេលកិច្ចប្រជុំបិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីកូរ៉េខាងជើងនៅថ្ងៃទី២០ ខែកុម្ភៈ។ នេះជាកិច្ចប្រជុំ​លើកទីពីរ​ក្នុង​រយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានតេស្តមីស៊ីលរហូតទៅដល់៤ដង។
 
នៅក្រោមច្បាប់របស់ UN បច្ចុប្បន្ន រយៈពេលផ្អាកសំណើមានរយៈពេលប្រាំមួយខែ។ បន្ទាប់ពីនោះ សមាជិកក្រុមប្រឹក្សាផ្សេងទៀតអាចបន្តផ្អាកសំណើនេះរយៈពេលបីខែ និងមួយថ្ងៃទៀត មុនពេល​សំណើនោះត្រូវបានដកចេញជាអចិន្ត្រៃយ៍ពីតុចរចាតែម្ដង។
 
នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាសន្តិសុខ​ចំនួនប្រាំបីរ​​មាន​អាម៉េរិក, អាល់បានី, ប្រេស៊ីល, បារាំង, អៀរឡង់, អេមីរ៉ាតអារ៉ាប់រួម, អង់គ្លេស និងជប៉ុន បានរិះគន់​ការតេស្តមីស៊ីលរបស់កូរ៉េខាងជើងថា ជាការបង្ហាញពី​ការប្តេជ្ញា​ចិត្តរបស់របប​នេះក្នុ​ង​ការ​ប្រើ​ប្រាស់​អាវុធប្រល័យលោក និងមីស៊ីលបាលីស្ទិក។ សេចក្តីថ្លែងការណ៍ដដែល ទទូចឱ្យ​រដ្ឋសមាជិក UN ចាត់វិធានការចាំបាច់ និងអនុវត្តទណ្ឌកម្មដើម្បីទប់ស្កាត់ការរីកចម្រើនកម្មវិធីអាវុធកូរ៉េខាងជើង ដែល​បង្ក​អស្ថិរភាពក្នុងតំបន់ និងពិភពលោក។
 
គួរបញ្ជាក់ថា សំណើរបស់អាម៉េរិកត្រូវ​តែទទួលបានការ​យល់​ព្រម​ដោយ​ឯកភាពគ្នារវាង​​ គណៈកម្មាធិការ​​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​​របស់​ក្រុមប្រឹក្សា​សន្តិសុខដែលមានសមាជិក ចំនួន១៥ដែលក្នុង​នោះរួមមានប្រទេសមហាអំណាចទាំង៥ផងដែរ៕
 
 

Tag:
 ចិន
  រុស្ស៊ី
  UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com