អន្តរជាតិ
លោកវីដូដូ៖ ឥណ្ឌូណេស៊ី នឹងជំរុញបង្កើតទីភ្នាក់ងារសុខភាពថ្មីមួយ ខណៈសមត្ថភាព WHO មានកំណត់អំឡុងកូវីដ-១៩
21, Jan 2022 , 2:13 pm        
រូបភាព
លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងឆ្វេង)។ រូបភាព៖ Twitter-Joko Widodo
លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី (ខាងឆ្វេង)។ រូបភាព៖ Twitter-Joko Widodo
ឥណ្ឌូណេស៊ី និងជំរុញឱ្យបង្កើតទីភ្នាក់ងារសុខភាពសកល អំឡុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)។ លោក ចូកូ វីដូ​ដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែមករា។

 
ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ នឹងធ្វើការរួមគ្នា ដើម្បីរៀបចំស្ថាប័នសុខភាពសកលមួយដែលមានលក្ខណៈឆ្លើយតប និងមិនយឺតយ៉ាវ ដើម្បីប្រឈមមុខនឹងជំងឺឆ្លង និងការគំរាមនាពេលខាងមុខ។ 
 
«ក្នុងនាមជាប្រធាន G20 ឥណ្ឌូណេស៊ី នឹងខិតខំពង្រឹងស្ថាប័នសុខភាព ដែលនឹងប្រតិបត្តិដោយទីភ្នាក់ងារសកល»។ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលត្រូវស្គាល់ថា ជាលោកចូកូវីផងនោះ បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា កិច្ចការរបស់ទីភ្នាក់ងារសុខភាពពិភពលោក នឹងប្រមូលធនធាន រួមទាំងហិរញ្ញវត្ថុសម្រាប់កម្មវិធីអាសន្នសុខាភិបាល, ទិញវ៉ាក់សាំង, ថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្រ្តជាដើម។ បើតាមលោកវីដូដូ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ​ គួរតែទទួលបន្ទុកប្រមូលធនធានក្នុងការរៀបចំទីភ្នាក់ងារសុខភាពសកលឡើង។ 
 
ក្នុងវេទិកាដដែលនោះ មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) មានសមត្ថភាពមានកម្រិត ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ ។ លោក វីដូដូ បានបន្តថា តួនាទីអង្គការសុខភាពពិភពលោក មិនអាចគ្របដណ្តប់លើតំបន់យុទ្ធសាស្រ្តទាំងអស់របស់ពិភពលោកបានឡើយ។ 
 
ឥណ្ឌូណេស៊ី នឹងធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ជាលើកដំបូង ក្រោមប្រធានបទ «ងើបឡើងរួមគ្នា, ងើបឡើងកាន់តែរឹងមាំជាងមុន»។   ក្រៅពីទីភ្នាក់ងារសុខាភិបាលខាងលើ ប្រធានបទការស្តារសេដ្ឋកិច្ចឡើងវិញ បច្ចេកវិទ្យា និងថាមពលស្អាត នឹងជារបៀបវារៈដ៏សំខាន់ក្នុងជំនួបនោះ៕
 

Tag:
 ឥណ្ឌូណេស៊ី
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com