អន្តរជាតិ
បារាំង-ជប៉ុន ឯកភាពពង្រឹងសហប្រតិបត្តិការសន្តិសុខចំពោះមុខសកម្មភាពចិន និងកូរ៉េខាងជើង
21, Jan 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងឆ្វេង) ជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក គីហ្ស៊ី ណូប៊ូ។ រូបភាព៖ Kyodo
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងឆ្វេង) ជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក គីហ្ស៊ី ណូប៊ូ។ រូបភាព៖ Kyodo
បារាំង និងជប៉ុន នៅថ្ងៃទី២០ ខែមករា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជជែកពីបញ្ហាក្នុងតំបន់។ ក្នុងជំនួបថ្នាក់រដ្ឋមន្រ្តី២បូក២ នេះ បារាំង និងជប៉ុន បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ស្របពេលចិន កំពុងបង្កើនឥទ្ធិពលខ្លួនក្នុងសមុទ្រចិនខាងត្បូង និងខាងកើត រួមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

 
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិបារាំង-ជប៉ុន បានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមករា។ ក្នុងជំនួបជាន់ខ្ពស់នេះ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានបង្ហាញពីក្តីបារម្ភជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
«រដ្ឋមន្រ្តីទាំង ៤រូប បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកតម្កើងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកនឹងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ»។ រដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសបារាំង-ជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបតាមអនឡាញ។ នេះជាជំនួបលើកដំបូងបើគិតចាប់ពីខែមករា ឆ្នាំ២០១៩ មក។ 
 
ជំនួបជាន់ខ្ពស់នេះ ត្រូវបានចូលរួមដោយ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី, រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក គីហ្ស៊ី ណូប៊ូ, រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian និងរដ្ឋមន្រ្តីការពារជាតិបារាំង អ្នកស្រី Florence Parly។ 
 
រដ្ឋមន្រ្តីទាំង៤រូប បានបង្ហាញពីក្តីបារម្ភជុំវិញភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ បើតាមសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីប្រទេសទាំងពីរ បានជំទាស់ចំពោះការសម្លុត និងការប៉ុនប៉ងជាឯកតោភាគី ក្នុងការកែប្រែស្ថានភាពបច្ចុប្បន្ន ដែលអាចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ លើសពីនេះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានបញ្ជាក់ពីសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ។ 
 
បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក គីស៊ី  លើកឡើងថា បញ្ហាសន្តិសុខនៅជុំវិញជប៉ុន និងបារាំង កាន់តែតានតឹង និងមានអស្ថិរភាព។  
 
សូមបញ្ជាក់ថា បារាំង គឺជាប្រទេសមួយ មានផលប្រយោជន៍យុទ្ធសាស្រ្តនៅក្នុងតំបន់អាស៊ីបាស៊ីហ្វិកជាច្រើន ដោយសារតែប្រទេសមួយនេះ មានដែនដីនាយសមុទ្រ នៅក្នុងមហាសមុទ្រឥណ្ឌា និងតំបន់សមុទ្របាស៊ីហ្វិកខាងត្បូង។ ចំណែកជប៉ុនវិញ ក៏បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធខ្លួន ដូចជាអាម៉េរិក ឥណ្ឌា អូស្រ្តាលី ដើម្បីទប់ស្កាត់ការពង្រឹងឥទ្ធិពលរបស់ចិនផងដែរ៕ 
 

Tag:
 ចិន
  បារាំង
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com