COVID-19
អន្តរជាតិ
ថៃ នឹងលើកលែងការធ្វើចត្តាឡីស័កឡើងវិញចាប់ពីថ្ងៃទី១ ខែកុម្ភៈ
22, Jan 2022 , 8:29 am        
រូបភាព
អ្នកដំណើរបរទេសមានវត្តមាននៅអាកាសយានដ្ឋានសុវណ្ណភូមិ។ រូបភាព៖ Xinhua
អ្នកដំណើរបរទេសមានវត្តមាននៅអាកាសយានដ្ឋានសុវណ្ណភូមិ។ រូបភាព៖ Xinhua
ថៃ នឹងចាប់ផ្តើមអនុវត្តវិធានលើកលែងការធ្វើចត្តាឡីស័កក្រោមកម្មវិធី « Test and Go» ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ ដើម្បីជួយសង្រ្គោះវិស័យទេសចរណ៍ឡើងវិញ បន្ទាប់បានផ្អាកមួយរយៈ។ ប៉ុន្តែចំណាត់ការនោះ មានការកែប្រែ និងរឹតបន្តឹងចំណុចមួយចំនួន ដើម្បីទប់ស្កាត់វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង។



 
កម្មវិធី«Test and Go» ដែលផ្តើមអនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងបានផ្អាកបណ្តោះអាសន្ននៅដើមខែមករា នឹងត្រូវយកមកអនុវត្តឡើងវិញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីជួយសង្រ្គោះវិស័យទេសចរណ៍ ដែលកំពុងមានសភាពយ៉ាប់យ៉ឺន។ ប៉ុន្តែកម្មវិធីនេះ ត្រូវបានកែប្រែ និងរឹតបន្តឹងចំណុចមួយចំនួន ដើម្បីបង្ការការរីកសាយវីរុសអូមីក្រុងនៅក្នុងប្រទេស។ 
 
ក្រោមការកែប្រែថ្មីនេះ អ្នកដំណើរមកប្រទេសថៃ ត្រូវកក់សណ្ណាគារយ៉ាងហោចណាស់៥យប់ ដោយបង្កាន់ដៃកក់សណ្ណាគារនោះ ត្រូវយកមកភ្ជាប់ជាមួយពាក្យសុំចូលប្រទេសថៃ តាមរយៈវេបសាយ Thailand Pass។ មិនតែប៉ុណ្ណោះ សណ្ណាគារនោះ ត្រូវតែមានអាជ្ញាប័ណ្ណរដ្ឋបាលសុខាភិបាល និងសុវត្ថិភាព ឬអាចដាក់ជំនួសជាមជ្ឈមណ្ឌលចត្តាឡីស័កបាន។ 
 
អ្នកដំណើរត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ចំនួន ២លើក ដោយលើកទីមួយ ត្រូវធ្វើនៅពេលអ្នកដំណើរទើបមកដល់ និងលើកទីពីរ ធ្វើឡើងនៅរយៈពេល ៥ថ្ងៃបន្ទាប់ពីមកដល់។ ប្រសិនបើអ្នកទាំងនោះ អវិជ្ជមានក្នុងរយៈពេល ៥ថ្ងៃនោះ ពួកគេអាចធ្វើដំណើរបានដោយសេរីនៅថៃ។ វិធានការមុន អនុញ្ញាតឱ្យអ្នកដំណើរមកថៃ ស្នាក់នៅសណ្ណាគារតែមួយយប់ប៉ុណ្ណោះ មុននឹងអនុញ្ញាតឱ្យធ្វើដំណើរសេរីនៅក្នុងប្រទេស។ 
 
ទន្ទឹមនេះ អ្នកដំណើរមកថៃ ត្រូវមានធានារ៉ាប់រងសុខភាពក្នុងតម្លៃយ៉ាងហោចណាស់ ៥ម៉ឺនដុល្លារ និងត្រូវមានលទ្ធផលអវិជ្ជមានមុនចាកចេញពីថៃ។ ក្មេងដែលមានអាយុក្រោម ៦ឆ្នាំ និងមកជាមួយឪពុកម្តាយ ត្រូវបានលើកលែង។ 
 
ទន្ទឹមនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ក៏បានសម្រេចបន្ថែមរយៈពេលវេលាសម្រាប់ភោជនីយដ្ឋានឱ្យបើករហូតដល់ម៉ោង១១ យប់ផងដែរ ខណៈវិធានការចាស់ ត្រូវបានអនុញ្ញាតឱ្យបើកត្រឹមម៉ោង៩យប់ប៉ុណ្ណោះ។ 
 
ក្រៅពីកម្មវិធី « Test and Go» ថៃ ក៏បានបន្ថែមតំបន់មួយចំនួន ទៅក្នុងកម្មវិធី «Sandbox» ដែលលើកលែងការធ្វើចត្តាឡីស័កដែរ។ ទីក្រុង Pattaya និងកោះឆាង នឹងត្រូវបន្ថែមក្នុងកម្មវិធី «Sandbox» បន្ទាប់ពីខេត្ត Phuket និងកោះសាមុយ។ 
 
សូមបញ្ជាក់ថា ថៃមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២,៣លានករណី និងអ្នកស្លាប់មានចំនួន  ២១៩៩០នាក់។ ស្របគ្នានេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១១០លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ៤៧,៦លាននាក់ បានទទួលវ៉ាក់សាំងចំនួន ២ដូស៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com