អន្តរជាតិ
អង់គ្លេសព្រមាន ចិន និងរុស្ស៊ី៖ លោកសេរីនឹងងើបឡើងប្រឆាំងរបបផ្តាច់ការ
22, Jan 2022 , 4:39 pm        
រូបភាព
លោកស្រី  Liz Truss រដ្ឋមន្រ្តីការបរទេសអង់គ្លេស។ រូបភាព៖ AFP
លោកស្រី Liz Truss រដ្ឋមន្រ្តីការបរទេសអង់គ្លេស។ រូបភាព៖ AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss នៅថ្ងៃទី២១ ខែមករា ព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជិនភីងថា ខ្លួន និងសម្ព័ន្ធមិត្តនឹងរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យតតាំងនឹងរបបផ្តាច់ការ។ លោកស្រី Truss ក៏លើកឡើងដែរថា របបផ្តាច់ការកាន់តែគឃ្លើនខ្លាំងឡើងជាងពេលណាៗ ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់។

 
ថ្លែងពីទឹកដីអូស្រ្តាលី រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Liz Truss បានបញ្ជាក់ថាអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដែលស្ថិតក្នុងលោកសេរី ត្រូវតែឆ្លើយតបរួមគ្នាប្រឆាំងទៅនឹងការគំរាមកំហែងជាសកល ពង្រឹងទំនាក់ទំនងជាមួយប្រទេសប្រកាន់របបប្រជាធិបតេយ្យនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងផ្ជាញ់ប្រទេសផ្តាច់ការ ដែលគឃ្លើនប្រើសេដ្ឋកិច្ចជាឧបករណ៍បម្រើផលប្រយោជន៍ខ្លួន។
 
«ប្រទេសផ្តាច់ការ កាន់តែប្រើអំណាចខ្លាំងឡើង ដែលយើងមិនធ្លាប់ឃើញពីមុនមក តាំងពីសង្រ្គាមត្រជាក់»។ លោកស្រី Truss ថ្លែងបែបនេះនៅក្នុងសុន្ទរកថានៅថ្ងៃទី២១ ខែមករា។ ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសបែបនេះ ទំនងសំដៅទៅលើចិន និងរុស្ស៊ី ដែលព្យាយាមពង្រីកឥទ្ធិពលនៃរបបផ្តាច់ការនៅជុំវិញពិភពលោក។  នេះជាមូលហេតុដែលរបបផ្តាច់ការនៅ បេឡារុស កូរ៉េខាងជើង និងមីយ៉ាន់ម៉ា មានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយរុស្ស៊ី និងចិន។
 
ទន្ទឹមនឹងនេះ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាង រដ្ឋមន្រ្តីអង់គ្លេស និងរដ្ឋមន្រ្តីអូស្រ្តាលី បានបង្ហាញពីការព្រួយបារម្ភជុំវិញការកើនឡើងនៃកងកម្លាំងយោធារុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន។ បន្ថែមពីនេះ រដ្ឋមន្រ្តីប្រទេសទាំងពីរក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនផងដែរ។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល លោកស្រី Truss បានព្រមានលោក ពូទីនឱ្យដកខ្លួនចេញឱ្យឆ្ងាយពីបញ្ហានៅអ៊ុយក្រែនមុនពេលសាងកំហុសដ៏ធំ។ កន្លងមកអង់គ្លេស អាម៉េរិកនិងសម្ព័ន្ធមិត្តធ្លាប់ព្រមានរុស្ស៊ីថានឹងប្រឈមទណ្ឌកម្មធ្ងន់ធ្ងរ បើហ៊ានឈ្លានពានអ៊ុយក្រែន។ 
 
ទាក់ទងនឹងចិន ប្រមុខការទូតអង់គ្លេសរូបនេះ បានលើកឡើងថា ការដំឡើងពន្ធរបស់ចិនលើទំនិញអូស្រ្តាលី ក្រោយទីក្រុងកង់បេរ៉ាអំពាវនាវឱ្យមានការស៊ើបអង្កេតពីប្រភពនៃជំងឺកូវីដ១៩ ជាការក្រើនរំលឹកដល់អង់គ្លេសថា ចិនកំពុងប្រើប្រាស់អំណាចសេដ្ឋកិច្ចគៀបសង្កត់លើប្រទេសដទៃ។ 
 
គួរបញ្ជាក់ថា លោកស្រី Truss និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បានជួបពិភាក្សាជាមួយសមភាគីអូស្ត្រាលី Peter Dutton នៅទីក្រុងស៊ីដនីពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្រ្តីប្រចាំឆ្នាំ (AUKMIN) ស្តីពីកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាង អូស្ត្រាលី អង់គ្លេស និងអាម៉េរិក៕
 

Tag:
 ចិន
  រុស្ស៊ី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com