សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ពិន័យ​មន្រ្តីក្នុងខេត្តហឺណានជិត១០០នាក់ ដោយសារគ្រប់គ្រងគ្រោះទឹកជំនន់កាលឆ្នាំមុនមិនបានល្អ
22, Jan 2022 , 3:20 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ពិន័យមន្រ្តី និងអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមាណ១០០នាក់ ដោយសារធ្វេសប្រហែស និងអសមត្ថភាពជុំវិញការគ្រប់គ្រង់គ្រោះទឹកជំនន់ ដែលបានវាយប្រហារខេត្តហឺណាន និងបណ្តាលឱ្យមនុស្សរាប់រាយនាក់បាត់បង់ជីវិតកាលពីខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី២១ ខែមករា។



កាលពីឆ្នាំ២០២១ ​ចិន បានទទួលរងការវាយប្រហារពីគ្រោះទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីជាញឹកញយដោយនាំឱ្យហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ​ផ្ទះសម្បែងជាច្រើនខ្នង រងការបំផ្លាញ ខណៈមនុស្សរាប់រយនាក់ បានស្លាប់ និងបាត់ខ្លួន។ ក្នុងហេតុការណ៍នោះ វាមានបញ្ហាជាច្រើនកើតឡើង ដូចជា ការលាក់បាំងព័ត៌មាន និងរាយការណ៍យឺតពេលជាដើម។

ទាក់ទិននឹងបញ្ហានេះ ចិន បានពិន័យមន្រ្តីខ្លួនជាច្រើនរូប ដោយសារតែបំពេញការងារមិនបានល្អ។ ​លោក​ ស៊ី លីយី លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តប្រចាំក្រុងចឹងចូវនៃខេត្តហឺណាន ត្រូវបានដកចេញពីតំណែង  ហើយអភិបាលរងក្រុងចឹងចូវ លោក​ អ៊ូ ហ្វូមីង ​​ក៏ត្រូវបានបណ្តេញចេញដែរ។

មន្រ្តីពីររូបខាងលើ ស្ថិតក្នុងចំណោមមន្រ្តីក្នុងតំបន់ចំនួន៨៩នាក់ ដែលរងការពិន័យ ដែលរដ្ឋាភិបាលកណ្តាលចិនចាត់ទុកការគ្រប់គ្រងរបស់អ្នកទាំងនោះ មិនបានល្អ ក្នុងការឆ្លើយតបលើស្ថានភាពអាសន្ន ដូចជាទឹកជំនន់។ រដ្ឋាភិបាលចិន បានចាត់ទុកទឹកជំនន់នៅខេត្តហឺណាន ជាគ្រោះទឹកជំនន់ដ៏អាក្រក់ ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមានកំណត់ត្រាឧតុនិយម។ កាលពីឆ្នាំមុន​ នៅចន្លោះថ្ងៃទី១៧-២៣ ខែកក្កដា ពោលគឺ​ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ មនុស្សចំនួន ៣៩៨នាក់ បានស្លាប់ ឬបាត់ខ្លួននៅខេត្តហឺណាន។

«ហេតុការណ៍នេះ កើតឡើងដោយសារការរាយការណ៍យឺត និងលាក់បាំងការរាយការណ៍ព័ត៌មានអំពីគ្រោះមហន្តរាយ និងការធ្វេសប្រហែស…ពីគណៈកម្មាធិការគណបក្សថ្នាក់ក្រោម រដ្ឋាភិបាល និងនាយកដ្ឋានពាក់ព័ន្ធ​។» របាយការណ៍ខាងលើបានបញ្ជាក់បែបនេះ។

ក្រោមការដាក់ទោសលើមន្រ្តីតំបន់ដោយរដ្ឋាភិបាលក្រុងប៉េកាំង ​ម្ចាស់ក្រុមហ៊ុនទទួលបន្ទុកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏មានចំណែកក្នុងការទទួលទណ្ឌកម្មដែរ ដោយមូលហេតុបណ្តាលឱ្យមនុស្សចំនួន ១៤នាក់ បានលង់ទឹក នៅក្នុងផ្លូវរថភ្លើងក្រោមដី។ ហឺណាន ជាខេត្តមានប្រជាជនរស់នៅច្រើនកុះករ ដោយចំនួនប្រជាជនច្រើនជាងទ្វេដងនៃប្រជាជនរស់នៅក្នុងប្រទេសអូទ្រីស។ កាលពីគ្រោះទឹកជំនន់វាយប្រហារក្រុងចឹងចូវនៃខេត្តហឺណានដែលមានអត្រាប្រជាជនរស់នៅដល់១២លាននាក់ ក្រុងនេះ បានខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ ១៩ពាន់លានដុល្លារ។

ជាញយៗ ​មន្រ្តីថ្នាក់តំបន់ និងក្រុងចិន តែងតែត្រូវបានដកតំណែងចេញ ដោយរដ្ឋាភិបាលកណ្តាលបានមើលឃើញថា អសមត្ថភាពលើការដោះស្រាយបញ្ហានានាដែលបង្កដោយសកម្មភាពមនុស្ស និងគ្រោះធម្មជាតិ។ យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាល កាលពីជំងឺកូវីដ-១៩ផ្ទុះឡើងដំបូង បង្កឱ្យមនុស្សជាង៤ពាន់នាក់ស្លាប់ មន្រ្តីនៅវ៉ូហាន និងហឺប៉ី ក៏ត្រូវបានទទួលរងពិន័យដែរ៕

Tag:
 ចិន
 ​គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com