អន្តរជាតិ
ប្រមុខការទូតអាម៉េរិកប្រាប់រុស្ស៊ី៖ រុស្ស៊ី មានពីរជម្រើស ចង់រងទណ្ឌកម្មសេដ្ឋកិច្ច ឬកាត់បន្ថយទ័ព
22, Jan 2022 , 7:39 pm        
រូបភាព
ជំនួបថ្នាក់រដ្ឋមន្រ្តីរុស្ស៊ី និងអាម៉េរិក នាទីក្រុងហ្សឺណែវ ប្រទេស្វីស។ រូបភាព៖ Twitter- រដ្ឋមន្រ្តីការបរទេសអាម៉េរិក
ជំនួបថ្នាក់រដ្ឋមន្រ្តីរុស្ស៊ី និងអាម៉េរិក នាទីក្រុងហ្សឺណែវ ប្រទេស្វីស។ រូបភាព៖ Twitter- រដ្ឋមន្រ្តីការបរទេសអាម៉េរិក
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២១ ខែមករា បានបញ្ជាក់ថា រុស្ស៊ីមានពីរជម្រើស ពោលគឺស្វែងរកការចរចាការទូត និងកាត់បន្ថយទ័ពនៅក្បែរតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន ឬរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ បើតាមលោកប្លីងខិន អ្វីដែលអាម៉េរិកចង់បាន គឺស្វែងរកកិច្ចចរចាតាមផ្លូវទូត។

 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២១ ខែមករា មានជំនួបដ៏សំខាន់មួយជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីជជែកពីវិបត្តិអ៊ុយក្រែន ដែលបានអូសបន្លាយជាច្រើនខែមក។ ក្នុងជំនួបនោះ ប្រមុខការទូតអាម៉េរិក បានអះអាងថា រុស្ស៊ីមានពីរជម្រើស ក្នុងការដោះស្រាយបញ្ហានៅអ៊ុយក្រែន។ 
 
«ខ្ញុំបានសង្កត់ធ្ងន់ថា រុស្ស៊ី មានពីរជម្រើស៖ ចរចាការទូត និងកាត់បន្ថយទ័ព ឬរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ»។ លោកប្លីងខិន បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២១ ខែមករា មុនបន្តថា អាម៉េរិកចង់បាន ការដោះស្រាយតាមមធ្យោបាយការទូត។ 
 
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិកចេញផ្សាយថ្ងៃទី២១ ខែមករា លោកប្លីងខិន បានប្រាប់សមភាគីរុស្ស៊ីដោយផ្ទាល់ថា ជំនួបជាន់ខ្ពស់រុស្ស៊ី-អាម៉េរិកនេះ គឺជាកិច្ចខិតខំក្នុងការកាត់បន្ថយភាពតានតឹង និងបង្ការការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទន្ទឹមនេះ លោកប្លីងខិនបានព្រមានជាថ្មី ប្រសិនបើរុស្ស៊ីសម្រេចឈ្លានពានអ៊ុយក្រែន ដើម្បីបង្រួបបង្រួម អាម៉េរិក នឹងចាត់វិធានការឆ្លើយតបឱ្យបានធ្ងន់ធ្ងរ។ 
 
ចំណែក រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Lavrov បានអះអាងថា រុស្ស៊ី មិនរំពឹងថា កិច្ចចរចានេះ នឹងទទួលបានជោគជ័យឡើយ ប៉ុន្តែរុស្ស៊ីសង្ឃឹមថា នឹងទទួលបានការឆ្លើយតបដ៏ច្បាស់លាស់មួយលើសំណើរុស្ស៊ី ដែលបានដាក់ចេញកាលពីខែធ្នូកន្លងទៅ ជុំវិញការជំរុញឱ្យសម្ព័ន្ធយោធាណាតូ កុំទទួលយកអ៊ុយក្រែនជាសមាជិក។ 
 
សូមបញ្ជាក់ថា ក្នុងជំនួបចុងក្រោយនេះ រុស្ស៊ី និងអាម៉េរិក នៅតែមិនលទ្ធផលឡើយ ប៉ុន្តែភាគីទាំងពីរ បានឯកភាពបន្តការចរចាលើបញ្ហាអ៊ុយក្រែន។ នេះជាសញ្ញាវិជ្ជមានមួយ ក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com