ជាតិ
សង្គមជាតិ
អភិបាលរងខេត្ត៖ ពលរដ្ឋស្រុកខ្សាច់កណ្ដាល លែងមានការបន្ទោបង់ពាស​វាលពាសកាល១០០ភាគរយហើយ
22, Jan 2022 , 11:29 pm        
រូបភាព
 ការចុះត្រួតពិនិត្យ និងវាយតម្លៃ របស់មន្ត្រីខេត្តកណ្ដាល ពិការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី២១ ខែមករា។ រូបភាព ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។
ការចុះត្រួតពិនិត្យ និងវាយតម្លៃ របស់មន្ត្រីខេត្តកណ្ដាល ពិការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី២១ ខែមករា។ រូបភាព ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល។
ពលរដ្ឋស្រុកខ្សាច់កណ្ដាល លែងមានសកម្មភាពបន្ទោបង់ពាសវាលពាសកាល ១០០ភាគរយហើយ ដោយងាកមកប្រើប្រាស់បង្គន់អនាម័យវិញ។ នេះជាការលើកឡើងរបស់ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។


បើតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកណ្ដាល លោក នុត ពុធតារា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២១មករា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យផ្ទាល់ និងវាយតម្លៃ ពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល បានអះអាងថា ស្រុកខ្សាច់កណ្ដាល សម្រេចបានជោគជ័យ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយពលរដ្ឋ មានការយល់ដឹងពីសុខភាព អនាម័យខ្ពស់ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬតាមទីសាធារណៈផ្សេងៗបាន១០០ភាគរយ និង ងាកមកប្រើប្រាស់បង្គន់អនាម័យជំនួសវិញ។
 
អភិបាលរងខេត្ត បញ្ជាក់ដូច្នេះថា៖ «គ្រប់ក្រុមគ្រួសារទាំងអស់ បានទុកដាក់លាមកកុមារ ទៅក្នុងបង្គន់អនាម័យខ្លួនឯង បង្គន់អនាម័យរួម ហើយសហគមន៍របស់ស្រុក បានផ្ដួចផ្ដើម និងពង្រឹងការអនុវត្តសកម្មភាពទាំងផ្លួវការ និងក្រៅផ្លូវការ ក្នុងការទប់ស្កាត់ ការបន្ទោបង់ពាសវាលពាសកាលផងដែរ»។ 


 លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។ រូបភាពពី ទំព័រហ្វេសប៊ុក លោក នុត ពុធដារ៉ា។

ជាមួយគ្នានេះ លោក នុត ពុធតារា ក៏បានជំរុញដល់អាជ្ញាធរពិនិត្យមើលបន្ថែមទៀត ចំពោះពលរដ្ឋរស់នៅតាមទឹក និងពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពសាងសង់បង្គន់អនាម័យ ត្រូវស្វែងរកដៃគូ ឬជំនួយពីអង្គការដៃគូ ដើម្បីចូលរួមសហការសង់បង្គន់អនាម័យ ដើម្បីកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាល ឱ្យបានកាន់តែប្រសើរ។ 
 
បច្ចុប្បន្នស្រុកខ្សាច់កណ្តាល  មានជាង៣ម៉ឺនផ្ទះ (៩៣ភូមិ) ដែលប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនជិត៣ម៉ឺនបង្គន់ និងប្រើប្រាស់បង្គន់អនាម័យរួមជាង៦០០បង្គង់៕  
 
 

Tag:
 ThmeyThmey
  បង្គន់អនាម័យ
  ស្រុកខ្សាច់កណ្ដាល
  កណ្ដាល
  នុត ពុធតារា
© រក្សាសិទ្ធិដោយ thmeythmey.com