អន្តរជាតិ
ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីសរសើររុស្ស៊ី
23, Jan 2022 , 8:19 pm        
រូបភាព
លោកឧត្តមនាវីឯក Kay-Achim Schoenbach ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់។ រូបភាព៖ AFP
លោកឧត្តមនាវីឯក Kay-Achim Schoenbach ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់។ រូបភាព៖ AFP
ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង ឧត្តមនាវីឯក លោក Kay-Achim Schoenbach បានលាលែងពីតំណែងនៅថ្ងៃទី២២ ខែមករា បានបន្ទាប់ពីសរសើរ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងជឿថា អ៊ុយក្រែន មិនអាចទទួលដែនដីគ្រីមៀ ត្រលប់មកវិញ។ ការលើកឡើងរបស់ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់បែបនោះ បានរងការរិះគន់យ៉ាងខ្លាំង ស្របពេលអ៊ុយក្រែន កំពុងមានភាពតានតឹងជាមួយរុស្ស៊ី។

 
ពីវេទិកាមួយនៅក្នុងប្រទេសឥណ្ឌាក្នុងថ្ងៃទី២១ ខែមករា ឧត្តមនាវីឯក លោក Kay-Achim Schoenbach ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ បានយល់ឃើញថា វាងាយស្រួលណាស់ ក្នុងការផ្តល់ឱ្យលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីចំពោះការគោរព ហើយមេដឹកនាំរុស្ស៊ី ក៏គួរតែទទួលបានការគោរពបែបនោះ។ ប្រមុខកងទ័ពជើងទឹករូបនេះ ក៏បន្ថែមផងដែរថា អ៊ុយក្រែន មិនអាចទទួលបានគ្រីមៀ ពីរុស្ស៊ី មកគ្រប់គ្រងវិញបានឡើយ។ 
 
ការអះអាងរបស់ឧត្តមនាវីឯករូបនេះ បានរងការរិះគន់យ៉ាងខ្លាំង។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក Schoenbach។ បើតាមប្រមុខការទូតអ៊ុយក្រែន ដៃគូអាល្លឺម៉ង់ គួរតែបញ្ឈប់ការបំផ្លាញការបង្រួបបង្រួម និងលើកទឹកចិត្តឱ្យលោកពូទីន បន្តវាយប្រហារលើអ៊ុយក្រែន។ 
 
បន្ទាប់ពីរងការរិះគន់ ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់រូបនេះ បានសម្រេចលាលែងពីតំណែង ដោយសារការយល់ឃើញរបស់ខ្លួន។ «ខ្ញុំបានស្នើរដ្ឋមន្រ្តការពារជាតិអាល្លឺម៉ង់ Christine Lambrecht បញ្ឈប់តួនាទីរបស់ខ្ញុំភ្លាមៗ»។ ឧត្តមនាវីឯកអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា លោករដ្ឋមន្រ្តីបានទទួលសំណើនោះ។ លោក Schoenbach បានបន្តថា ការសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន គឺសំខាន់ណាស់ ដើម្បីបង្ការការប៉ះពាល់លើកងទ័ពជើងទឹកអាល្លឺម៉ង់ និងអាល្លឺម៉ង់។ 
 
សូមបញ្ជាក់ថា ការលាលែងរបស់ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់នេះ កើតឡើងស្របពេលវិបត្តិអ៊ុយក្រែន ហាក់មិនធូរស្រាល បើទោះមានជំនួបរុស្ស៊ី-អាម៉េរិក និងរុស្ស៊ី-ណាតូជាច្រើនលើក។ ប៉ុន្តែភាគីទាំងអស់ នៅតែឯកភាពបន្តការចរចាតាមផ្លូវទូតដដែល៕ 
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com