ជាតិ
សង្គមជាតិ
កូឡុំប៊ី ស្នើជប៉ុនជួយគាំទ្រ ដើម្បីឲ្យកម្ពុជា អាចហ្វឹកហ្វឺនកម្លាំងជំនាញសកម្មភាពមីនកូឡុំប៊ីបន្ថែមទៀត
23, Jan 2022 , 11:00 pm        
រូបភាព
ជំនួបរវាងលោកស្រី​ Ana Maria Prieto Abad ឯកអគ្គរដ្ឋទូតប្រទេសកូឡុំប៊ីប្រចាំកម្ពុជា ជាមួយលោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់។
ជំនួបរវាងលោកស្រី​ Ana Maria Prieto Abad ឯកអគ្គរដ្ឋទូតប្រទេសកូឡុំប៊ីប្រចាំកម្ពុជា ជាមួយលោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់។
ភ្នំពេញ៖ លោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូតប្រទេសកូឡុំប៊ីប្រចាំកម្ពុជា បានស្នើសុំរដ្ឋាភិបាលជប៉ុន ឱ្យបន្តគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺនដល់កម្លាំងជំនាញសកម្មភាពមីនកូឡុំប៊ីបន្ថែមទៀត ចាប់ពីឆ្នាំ២០២២ទៅ បន្ទាប់ពីកងទ័ព និងកម្លាំងជំនាញសកម្មភាពកូឡុំប៊ីចំនួន ១៦៦នាក់ ទទួលបានការហ្វឹកហ្វឺន ពីកម្ពុជារួចមក។

 
ការស្នើសុំរបស់លោកស្រី Ana Maria Prieto Abad ធ្វើឡើងក្នុងជំនួបជាមួយលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ 
ពាក់ព័ន្ធនឹងជំនួបខាងលើនេះ លោក ហេង រតនា បានសេសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «រដ្ឋាភិបាលកូឡុំប៊ីបានស្នើសុំរដ្ឋាភិបាលជប៉ុន បន្តគាំទ្រឱ្យអង្គភាពស៊ីម៉ាក់ បន្តជួយផ្ដល់ការហ្វឹកហ្វឺន ដល់កម្លាំងជំនាញកូឡុំប៊ីបន្ថែមទៀត ចាប់ពីឆ្នាំ២០២២នេះ»។ 
 
សូមជម្រាបផងដែរថា ការហ្វឹកហ្វឺនខាងលើនេះ ជាកិច្ចសហប្រតិបត្តិការភាគខាងត្បូងនិងខាងត្បូង "គ្រាប់មីននិងសំណល់ជាតិផ្ទុះ" ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។  កម្មវិធីនេះត្រូវបានរៀបចំក្នុងទម្រង់ជាវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា សម្រាប់មន្ត្រីមកពីប្រទេសអង់ហ្គោឡា ឡាវ អ៊ីរ៉ាក់ និងកូឡុំប៊ី៕
 
 

Tag:
 ThmeyThmey
  CMAC
  ហេង រតនា
  Ana Maria Prieto Abad
© រក្សាសិទ្ធិដោយ thmeythmey.com