អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
23, Jan 2022 , 11:39 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ កូរ៉េខាងជើង នៅតែបន្តបាញ់សាកល្បងមីស៊ីល ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។ នេះ ជាលើកទី៤ ហើយ ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ក្នុងឆ្នាំ២០២២។ ស្របគ្នានេះ បញ្ហាមីយ៉ាន់ម៉ា ក៏ជាប្រធានបទដ៏សំខាន់ផងដែរ ដែលអាស៊ាន ជាពិសេសកម្ពុជា នៅតែលើកយកមកជជែកជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយ ខណៈមីយ៉ាន់ម៉ា នៅតែមានការប៉ះទង្គិចរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ ប្រចាំសប្តាហ៍។

 
ថ្ងៃទី១៧ ខែមករា
 
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចេញពីរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូងដែលដាក់ការសង្ស័យថា ដែលប្រហែលជាមីស៊ីលបាលីស្ទិក។ ​ការ​បាញ់សាកល្បងមីស៊ីលនេះ ជាលើកទី៤ហើយ​ក្នុងខែមករា ឆ្នាំ២០២២នេះ។
 
លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា បញ្ហារបស់មីយ៉ាន់ម៉ា គឺស្មុគស្មាញ ហើយស្ថានភាពនៅក្នុងប្រទេសមួយនេះ គួរតែលើកយកមកពិភាក្សាជាមួយការយោគយល់ និងកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា។ ការអះអាងរបស់លោកនាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងស្របពេលយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច​ តែងប៉ះទង្គិចគ្នា និងមានប្រជាជនចំណាកស្រុកជាច្រើននាក់។
 
ថ្ងៃទី១៨ ខែមករា
 
កូរ៉េខាងជើងអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រដេញយុទ្ធសាស្ត្រ​ពីរ​គ្រាប់​នៅថ្ងៃទី១៧ ខែមករា ដើម្បីផ្ទៀងផ្ទាត់ភាពទៀងទាត់នៃប្រព័ន្ធអាវុធនោះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មីស៊ីលនោះបានបាញ់ចំគោលដៅនៅសមុទ្រខាងកើតផងដែរ។
 
បក្សកុម្មុយនីស្តចិន នឹងបន្តអនុវត្តគោលការណ៍មិនលើកលែងចំពោះអំពើពុករលួយ។ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មការវិន័យបក្សកុម្មុយនីស្តចិន។ បើតាមលោក ស៊ី វាពិតជាសំខាន់ណាស់សម្រាប់បក្សកុម្មុយនីស្តចិន ក្នុងការរក្សាការតម្រង់ទិសដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកិច្ចខិតខំប្រឆាំងអំពើពុករលួយ។
 
ថ្ងៃទី១៩ ខែមករា
 
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានព្រមានថា រុស្ស៊ីអាចវាយប្រហារអ៊ុយក្រែន ក្នុងរយៈពេលខ្លី ដោយសំអាងលើការប្រមូលផ្គុំទ័ពយ៉ាងឆាប់រហ័សនៅក្បែរព្រំដែន។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានលើកឡើងដដែលៗថា រុស្ស៊ី អាចរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែនជាថ្មី។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងថា វាឆាប់ពេកក្នុងការសម្រេចចិត្ត​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​នាំចូលពីចិននៅពេលនេះ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា តំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai កំពុង​ធ្វើការលើរឿងមួយនេះ។
 
ថ្ងៃទី២០ ខែមករា
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្លុយពាក្យមកថា ទីក្រុងព្យុងយ៉ាង អាច​នឹងចាប់ផ្ដើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ ស្របពេល​មន្ត្រី​កូរ៉េ​ខាងជើងលើកឡើងថា ទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំខ្លួនសម្រាប់​ការប្រឈមមុខគ្នា​រយៈពេល​វែង​ជាមួយ​អាម៉េរិក។
 
យោធាចិន បានដេញតាម និងបញ្ជាឱ្យនាវាចម្បាំងអាម៉េរិក ដែលចូលក្នុងដែនទឹកក្បែរប្រជុំកោះបារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូង ចេញពីដែនទឹកនោះ។ យ៉ាងណាមិញ ការអះអាងរបស់ចិន ត្រូវបានអាម៉េរិកបដិសេធ និងអះអាងថា នាវាខ្លួនប្រតិបត្តិក្នុងសមុទ្រអន្តរជាតិ។
 
ថ្ងៃទី២១ ខែមករា
 
រដ្ឋមន្រ្តីការបរទេសអង់គ្លេស Liz Truss ព្រមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន ស៊ី ជិនភីងថា ខ្លួន និងសម្ព័ន្ធមិត្តនឹងរួមគ្នាប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យតតាំងនឹងរបបផ្តាច់ការ។ លោកស្រី Truss ក៏លើកឡើងដែរថា របបផ្តាច់ការកាន់តែគឃ្លើនខ្លាំងឡើងជាងពេលណាៗ ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់។
 
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបញ្ជាក់ថា រុស្ស៊ីមានពីរជម្រើស ពោលគឺស្វែងរកការចរចាការទូត និងកាត់បន្ថយទ័ពនៅក្បែរតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន ឬរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ បើតាមលោកប្លីងខិន អ្វីដែលអាម៉េរិកចង់បាន គឺស្វែងរកកិច្ចចរចាតាមផ្លូវទូត។
 
ថ្ងៃទី២២ ខែមករា
 
មេដឹកនាំហុងកុង លោកស្រី ការី ឡាំ បានព្រមានប្រជាជនខ្លួនថា អត្រាឆ្លងនៃជំងឺកូវីដ-១៩ អាចនឹងកើនឡើងកាន់តែរហ័ស ក្នុងតំបន់ដែលមានអគារណែនណាន់ខ្នាន់ខ្នាប់។ ប្រមុខដឹកនាំហុងកុងរូបនេះ បានបន្តថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងហុងកុង ក៏បណ្តាលមកពីការផ្ទុះនៃករណីឆ្លងជំងឺកូវីដ-១៩ លើសត្វកណ្តុរចិញ្ចឹមផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com